ខេត្តប៉ៃលិន ៖ បន្ទាប់ពីដំណាំពោត ក្រហមធ្លាក់ថ្លៃអស់ប៉ុន្មានខែកន្លងទៅឈ្មួញ នៅតាមស្តង់មួយចំនួនចាប់ផ្តើមដំឡើងថ្លៃវិញហើយដែលធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយរីករាយប្រញាប់នាំគ្នាប្រមូលផល ខណៈពលរដ្ឋមួយចំនួនប្រមូលរួចរាល់ អស់ហើយនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះ។
បើតាមការរៀបរាប់ពីកសិករម្នាក់រស់ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុង ប៉ៃលិនបានឱ្យដឹងថា នៅឆ្នាំ២០១៨នេះ គាត់បានដាំពោតទំហំ១៧ហិកតា ហើយក៏បានប្រមូលផលដឹកលក់ជាណ្តើរៗស្ទើរតែប្រមូលរួចរាល់ផងដែរ ។
លោកបានបន្តថា បន្ទាប់ពីតម្លៃទីផ្សារពោតក្រហមធ្លាក់ថ្លៃអស់រយៈពេលប្រហែល២ទៅ៣ខែកន្លងទៅធ្វើឱ្យម្នាក់ៗមានការលំបាកក្នុងការលក់ដូរយ៉ាងខ្លាំង។ កាលពីដើមខែដំបូងពោតក្រហម១គីឡូក្រាម ឈ្មួញទិញតម្លៃ៥បាត (ប្រាក់ថៃ) ជាង ៥០០រៀល។ លុះក្រោយមកប្រជាពលរដ្ឋនាំគ្នាប្រមូលផលកាន់តែច្រើនស្រាប់តែ តម្លៃមានការធ្លាក់ចុះរហូតដល់១គីឡូក្រាម ត្រឹមតែ៤បាត ឬ៣,៨បាតប៉ុណ្ណោះ ។
ប៉ុន្តែនៅពេលនេះតម្លៃពោតក្រហម ចាប់ផ្តើមឡើងជាបណ្តើរៗវិញហើយដោយ១គីឡូក្រាមឈ្មួញទិញតម្លៃ៤.២បាតទៅ ៤.៣បាតគឺស្តង់មួយកន្លែង ស្ថិតក្នុងភូមិអូរ អណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។ តែបើស្តង់នៅក្បែរចម្ការរបស់គាត់ មិនទាន់ ឡើងថ្លៃនោះទេដោយមួយគីឡូក្រាមគេ ទិញត្រឹមតែ៤បាតប៉ុណ្ណោះ ។
គាត់បញ្ជាក់ថា ថ្លៃឈ្នួលកម្មករដើរ ប្រមូលផលតាមចម្ការបច្ចុប្បន្ននេះឡើងថ្លៃជាងមុនដោយ១បាវគេទារ៧.០០០រៀល ហើយជួលអ្នកលីសែងដាក់ក្នុងរថយន្តច្នៃ ក្នុង១តោន១ម៉ឺនរៀល ថែមទាំងជួលរថយន្ត គេដឹកទៅលក់នៅតាមស្តង់ក្នុង១តោន តម្លៃ១៥.០០០រៀលទៀត។ ដូច្នេះការ ទូទាត់បន្ទាប់ពីប្រមូលផលរួចរាល់បើសិនជាតម្លៃពោតក្រហមឡើងថ្លៃចាប់ពី៤,២ ទៅ៤,៥បាត ឬរហូតដល់៥បាតនោះអាច នឹងសល់ខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ជាមួយគ្នានេះកសិករទាំងអស់បាន សំណូមពរដល់មន្ទីរពាក់ព័ន្ធក៏ដូចជាអាជ្ញាធរខេត្តឱ្យជួយរកទីផ្សារសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិនឱ្យទីផ្សារកសិ ផលដំឡូងមីក៏ដូចជាពោតក្រហមមានការឡើងថ្លៃផង ព្រោះពួកគាត់គ្មានអ្វីទីពឹងក្រៅពីចម្ការនោះឡើយ ហើយបើសិនជាឈ្មួញបន្ថោកតម្លៃរហូតនោះពួកគាត់កាន់តែជំពាក់បំណុលគេច្រើនឡើងៗ ។
ចំណែកបុរសម្នាក់ឈ្មោះ ណៃ នុន អាយុ៤៦ឆ្នាំ ជាម្ចាស់រថយន្តច្នៃដឹកផ្លែពោតបានឱ្យដឹងថា រហូតមកដល់ពេលនេះទីផ្សារ ពោតក្រហមឡើងជាងមុនបន្តិចវិញហើយ ដូច្នេះគាត់ក៏មានការសប្បាយរីករាយក្នុង ចិត្តជួសឱ្យកសិករផងដែរ។ លោកបាន បន្តថា ការស៊ីឈ្នួលដឹកពោតក្រហមនេះ ក្នុង១រថយន្តបានថ្លៃ១៥ម៉ឺនរៀលដោយ ចេញពីប៉ៃលិនឆ្ពោះទៅលក់នៅស្រុកសាលា ក្រៅចម្ងាយជិត១០គីឡូម៉ែត្របើជិតជាងនោះក៏តម្លៃទាប។ លោកបានន្ថែមថា កាល ពីឈ្នួញថៃចូលទិញដល់ក្នុងចម្ការតម្លៃ ហាក់ដូចជាប្រសើរជាងនេះ។ លុះគេធ្វើ ស្តង់ឬឡសម្ងួតកាន់តែច្រើនកន្លែងធ្វើឲ្យ តម្លៃមិនប្រសើរសោះ ៕ ហេង សូរិយា