ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ បានរួចផុតពិការប៉ុនប៉ងធ្វើឃាត នៅក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាទ្រងទ្រាយធំកាលពីថ្ងៃទី ៤ខែសីហា ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ុយអេឡា បញ្ជាក់ថា ឃាតកបានប្រើប្រាស់ ឌ្រូន ជាច្រើនគ្រឿងសម្រាប់វាយប្រហារ ដោយ មួយគ្រឿងៗ ផ្ទុករំសេវផ្ទុះ ១គីឡូក្រាម ។ តាមគម្រោង វាយប្រហារ ឌ្រូនទីមួយ នឹងផ្ទុះនៅក្បាលលោក ម៉ាឌូរ៉ូ និង ឌ្រូន ទីពីរផ្ទុះនៅមុខ លោក ប៉ុន្តែកម្លាំងសន្តិសុខវេណេហ្ស៊ុយអេឡា បានប្រើប្រាស់ សម្ភារៈអេឡិចត្រូនិច្ច ធ្វើឲ្យ ឌ្រូន ទាំងនោះហើរខុសគោលដៅ ។ ប៉ុន្តែមានមួយគ្រឿង បានហោះចូលទៅគៀកប្រធានាធិបតី ទើប កម្លាំងការពារបាញ់កម្ទេច នៅចំពោះមុខប្រធានាធិបតីតែម្តង ធ្វើឲ្យពិធីទាំងមូលត្រូវផ្អាក។
ការវាយប្រហារខាងលើ បណ្តាលឲ្យទាហាន៧នាក់រងរបួស និងក្រុមឃាតក៦នាក់ត្រូវបានចាប់ខ្លួន។ ក្រោយហេតុការណ៍ធ្វើឃាត៤ថ្ងៃ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានទម្លាយឲ្យដឹងថា ការធ្វើឃាតលោក មានការរៀបចំយ៉ាងល្អិតល្អន់ ជាមុន និងមានក្រុម ឃាតក១១នាក់ត្រូវបានគេជួលឲ្យធ្វើសកម្មភាពវាយប្រហារខាងលើ ហើយឃាតកទាំងនោះត្រូវបានបណ្តុះបណ្តាលជំនាញនៅក្នុងប្រទេសកូឡុំប៊ី ។ ទឹកប្រាក់ដែលក្រុមឃាតុករ១១នាក់ទទួលបាន ពីអ្នកនៅពីក្រោយមានរហូតដល់៥០លានដុល្លារ ។
ក្រុមឃាតកបាន ហ្វឹកហាត់នៅក្នុងទីតាំងតំបន់ Chinacota ប្រទេសកូឡុំប៊ី ចាប់ពីខែមេសា ដល់ខែមិថុនា ។ ឃាតកទាំងនោះ ទទួលបានការសន្យាឲ្យទៅរស់នៅអាមេរិក ដោយស្របច្បាប់ ក្រោយការធ្វើឃាតបានសម្រេច ។ ការធ្វើឃាតគួរណាស់តែត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា តែត្រូវពន្យារពេលដល់ថ្ងៃទី៤ ខែសីហា ។
ការវាយប្រហារធ្វើឃាតទៅលើប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដោយមានការចូលរួមពីរដ្ឋាភិបាលជិតបញ្ចប់អាណាត្តិនៅកូឡុំប៊ី ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោកម៉ាឌូរ៉ូបញ្ជាក់ថា លោកនឹង ប្រកាសពីភស្តុតាងក្នុងពេលដ៏ខ្លីខាងមុខ ។
នៅក្នុងសុន្ទរកថា ដែលបានផ្សាយតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានចោទប្រកាន់តំណាងរាស្ត្រក្រុមប្រឆាំង មកពីគណបក្ស PJ លោក Juan Requesensនៅពីក្រោយគម្រោងធ្វើឃាតខាងលើ ។ តំណាងរាស្ត្ររូបនេះ ត្រូវបានចាប់ខ្លួន ក្រៅពីនេះ នៅមានតំណាងរាស្ត្រ ដែលរស់នៅរសាតអណ្តែតនៅអាមេរិក និងម្នាក់ទៀត រស់នៅក្នុងប្រទេសកូឡុំប៊ី ។
ការប៉ុនប៉ងធ្វើឃាតមិនបានសម្រេច ធ្វើឲ្យទំនាក់ទំនង វេណេហ្ស៊ុយអេឡា និងកូឡុំប៊ី ព្រមទាំងអាមេរិក ប្រឈមមុខតានតឹងដាក់គ្នាជាថ្មី ។ វេណេហ្ស៊ុយអេឡា កំពុងតែរង់ចាំការប្រតិកម្មពីភាគីអាមេរិកជុំវិញហេតុការណ៍ខាងលើ ។ ចំណែកកូឡុំប៊ីវិញ បានច្រាលចោលរាល់ការចោទប្រកាន់ទាំងឡាយ មកលើខ្លួនពីសំណាក់មេដឹកនាំវេណេហ្ស៊ុយអេឡា ។ រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ចង់ឲ្យអាមេរិក និងកូឡុំប៊ីសហការដើម្បីបញ្ជូន អ្នកនៅពីក្រោយខ្នងមកទទួលទោសតាមច្បាប់ ។
គ្រោះថ្នាក់ ពីការវាយប្រហារដោយ ឌ្រូន បញ្ជាពីចម្ងាយ
ការវាយប្រហារដោយ ឌ្រូន នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ធ្វើឲ្យមានសំណួរជាច្រើន ស្តីពីអាវុធថ្មី ក្នុងសម័យកាលបច្ចេកវិទ្យាទំនើប ជារឿងមួយដ៏គ្រោះថ្នាក់ នៅពេលបច្ចេកវិទ្យាទំនើបៗ ទាំងនោះធ្លាក់ចូលក្នុងដៃក្រុមភេរវកម្ម ។ នៅមុនហេតុការណ៍ធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡា ក្រុមភេរវកម្ម ក៏បានប្រើប្រាស់យន្តហោះឌ្រូន បំពាក់រំសេវផ្ទុះ វាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Abu Dhabi ប៉ុន្តែមិនមានអ្នកណារបួសឡើយ។
ឧបករណ៍ហោះហើរ គ្មានមនុស្សបើក គឺជាការគំរាមកំហែងមួយយ៉ាងធំ អាចក្លាយទៅជាអាវុធយុទ្ធសាស្ត្រមួយ ដោយហោះហើរក្នុងកម្ពស់ទាប ធ្វើឲ្យប្រព័ន្ធរ៉ាដាមិនអាចចាប់បានឡើយ ។ បណ្តាយន្តហោះពាណិជ្ជកម្មដឹកអ្នកដំណើរគឺជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេ នៅពេល ហោះហើរនឹងចុះចត ធ្វើឲ្យអាកាសយានឹកមិនអាចធ្វើអ្វីបានឡើយ នៅពេលវាយប្រហារបែបនេះ ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺបច្ចុប្បន្ន គេផលិតបានយន្តហោះ រ៉ូបឺត ដោយមិនមានការបញ្ជាពីមនុស្សឡើយ ដោយផលិតឡើងតាមចំណងចំណូលចិត្ត របស់ម្ចាស់កម្មសិទ្ធិ។ ដូច្នេះការការពារ ប្រមុខដឹកនាំប្រទេសនីមួយៗ រួចផុតពីការវាយប្រហារ ធ្វើឃាតដោយឧបករណ៍ហោះហើរគ្មានមនុស្សបើក ជារឿងមួយដ៏លំបាកបំផុត ។ ភាគច្រើន ក្រុមសន្តិសុខការពារតែនៅលើដីប៉ុណ្ណោះ ពិបាកក្នុងការការពារពីលើអាកាស ។
ពាក់ព័ន្ធនឹង សាក្ស៊ីភស្តុតា មួយចំនួនជុំវិញសកម្មភាពធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡា នៅពេលសួរចម្លើយ ជនម្នាក់ដែលជាអតីតទាហាន ហើយត្រូវគេចាប់ខ្លួនបានក្រោយកើតហេតុ បាននិយាយបញ្ចេញឈ្មោះ មនុស្ស២នាក់ គឺលោក Julio Borges និង លោក Juan Requesensដែលជាសមាជិកសភាគណបក្សប្រឆាំងដែរ ។ យ៉ាងណាមិញ បើយោងតាមទំព័រ Twitter របស់គណបក្សប្រឆាំង បានអះអាងថា លោក Juan Requesensព្រមទាំងប្អូនស្រី ត្រូវបានមនុស្សរបស់ក្រុមស៊ើបការសម្ងាត់ វ៉េណេស៊ុយអេឡា មានគ្នា១៤នាក់ ចាប់ឃាត់ខ្លួន និងវាយដំយ៉ាងដំណំ កាលពីថ្ងៃអង្គារ ទី៧ សីហា ។
ដោយឡែក លោក Diosdado Cabello មនុស្សមានអំណាចលំដាប់ទី២ នៅវ៉េណេស៊ុយអេឡា និងបច្ចុប្បន្ន ជាប្រធានសភាធម្មនុញ្ញនោះ បានប្រកាសថា សភាធម្មនុញ្ញ នឹងបើកការប្រជុំ ដើម្បីសម្រេចដកអភ័យឯកសិទ្ធិសភា របស់សមាជិកសភារូបណា ដែលជាប់ចោទពីបទប្រព្រឹត្តិអំពើភេរវកម្ម ប៉ុនប៉ង សម្លាប់លោក ម៉ាឌុយរ៉ូ ។
គួររំលឹកថា សភាធម្មនុញ្ញវ៉េណេស៊ុយអេឡា ត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៧ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញថ្មី ។ សភាធម្មនុញ្ញនេះ មានអំណាចចាត់តាំង សឹងតែគ្មានដែនកំណត់។ សភាធម្មនុញ្ញ ដែលមានតែមនុស្ស របស់បក្សលោក ម៉ាឌុយរ៉ូ ជាសមាជិកនេះ ត្រូវបានក្រុមគណបក្សប្រឆាំង ចាត់ទុកថា ជាការប្រជែងអំណាច ជាមួយសភាជាតិ ព្រោះក្នុងសភាជាតិ ក្រុមគណបក្សប្រឆាំងមានសម្លេងភាគច្រើន ៕ ម៉ែវ សាធី