ព័ត៌មានទាន់ហេតុការណ៍៖

យានស្រាវជ្រាវរបស់ជប៉ុន​ បានបញ្ចប់បេសកកម្ម ត្រឡប់មកវិញហើយ

ចែករំលែក៖

ក្រោយការស្រាវជ្រាវនៅលើ អាចម៍ផ្កាយ​Ryugu ​ ដោយជោគជ័យ យានអវកាស ​Hayabusa-2 ​របស់ជប៉ុន ចាប់ផ្តើម ចាកចេញ វិលត្រឡប់មកកាន់ភពផែនដីវិញ​ដោយត្រូវ​ចំណាយពេល យ៉ាងយូទើប  ហោះមកដល់ផែនដី។

ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា យាន​អវកាស​Hayabusa-2 បានចាប់ផ្តើមចាកចេញពីអាចម៍ផ្កាយ Ryugu ហើយ ដើម្បីនាំយ​ក​គំរូតាងដែលវាប្រមូលបានពីអាចម៍ផ្កាយនោះ យកត្រឡប់កាន់ផែនដីយើងវិញ ដោយវាត្រូវគេរំពឹងថានឹងមកដល់នៅចុងឆ្នាំក្រោយ។ 

យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសជប៉ុន JAXA នាថ្ងៃពុធនេះ យាន Hayabusa-2 បានចាកចេញពីអាចម៍ផ្កាយ Ryugu កាលពីវេលាម៉ោង​១០៖០៥នាទីព្រឹ​ក​ថ្ងៃ១៣ខែវិច្ឆិកា (ម៉ោងក្នុងតំបន់នៅប្រទេសជប៉ុន) ដើម្បីត្រៀមចាប់ផ្តើម​ការវិលត្រឡប់​មកភពយើងវិញ។ សម្រាប់ការធ្វើដំណើរនឹងមានចម្ងាយដល់ទៅ៨០០លានគីឡូម៉ែត្រ ខណៈបើគិតពីចម្ងាយត្រង់តែម្តងរវាងផែនដីនិងអាចម៍ផ្កាយ Ryugu គឺត្រឹមតែ៣០០លានគីឡូម៉ែត្រប៉ុណ្ណោះ។ នៅពេលមកដល់ក្បែរផែនដី យានអវកាស Hayabusa-2 នឹងទម្លាក់វត្ថុមួយដែលផ្ទុកគំរូតាងរបស់អាចម៍ផ្កាយ Ryugu ចុះទៅកាន់តំបន់វាលខ្សាច់នៅឯភាគខាងត្បូងប្រទេសអូស្រ្តាលី។

គួរជម្រាបថា យានអវកាស Hayabusa-2 ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគនិរតីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០១៤ និងបានទៅដល់អាចម៍ផ្កាយ Ryugu កាលពីខែមិថុនា ឆ្នាំ២០១៨។ អំឡុងរយៈពេលសិក្សាជាងមួយឆ្នាំមកនេះ វាបានចុះទៅប៉ះអាចម៍ផ្កាយ Ryugu ចំនួនពីរលើក ដើម្បីប្រមូលយកដុំថ្មពីទីនោះ៕


ចែករំលែក៖