ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ លោកបានធ្វើការពន្យល់ខ្លះៗពីអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត! ។
លោកសូមជម្រាបជូនថា, ជាគោលការណ៍ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវធ្វើឡើងដោយស្ម័គ្រចិត្ត ប៉ុន្តែការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងារ ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល យោងតាមមាត្រា១៦ នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត!
លោកបន្តថា, ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមមាត្រា១៦ ..ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ត្រូវធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត។ ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋខ្មែរ ត្រូវធ្វើឡើងដោយឥតគិតថ្លៃ។
ការចាក់វ៉ាក់សាំងអាចត្រូវធ្វើឡើងជាចាំបាច់ចំពោះបុគ្គលមួយចំនួន ដោយផ្អែកលើស្ថានភាពនៃការងា” ឬស្ថានភាពនៃមុខរបររបស់បុគ្គលនោះ តាមការកំណត់របស់ក្រសួងសុខាភិបាល។
ក្នុងករណីចាំបាច់ ក្រសួងសុខាភិបាលអាចដាក់ចេញនូវវិធានការតម្រូវឱ្យអ្នកដំណើរជាជនបរទេស ដែលធ្វើដំណើរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានប័ណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ។ ការទទួលស្គាល់ប័ណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ជាសមត្ថកិច្ចរបស់ក្រសួង សុខាភិបាល។
បុគ្គលដែលបានទទួលការចាក់វ៉ាក់សាំងត្រឹមត្រូវតាមការកំណត់របស់ក្រសួងសុខាភិបាល អាចទទួលបាន លក្ខខណ្ឌអនុគ្រោះក្នុងការអនុវត្តកាតព្វកិច្ចតាមវិធានសុខាភិបាលនានា ដែលកំណត់ដោយក្រសួងសុខាភិបាល។ ក្នុងករណីចាំបាច់_ក្រសួងសុខាភិបាលត្រូវចេញសេចក្តីណែនាំអំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ សុខ ខេមរា