ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅរសៀលថ្ងៃសុក្រទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ កាលពីថ្ងៃទី២៣ ខែកញ្ញាម្សិលមិញនេះ លោកបានទទួលការសម្ភាសន៍ពីក្រុមការងារធ្វេីបទយកការណ៍ស្តីពីកិច្ចសហប្រតិបតិ្តការកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ សម្រាប់គំរប់ខួប៣០ឆ្នាំ។
ក្នុងបទសម្ភាសនេះដែរ គឺសំដៅលេីកិច្ចសហការកម្ពុជា-ជប៉ុនក្នុងសកម្មភាពកំចាត់មីនរបស់អង្គភាពសុីម៉ាក់។ ហេីយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ជាខួប២៨ឆ្នាំនៃកំណេីតរដ្ឋធម្មុញ្ញកម្ពុជា ២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២១! សូមអបអរសាទរ និងគាំទ្រពេញទំហឹងរដ្ឋធម្មុញ្ញកម្ពុជានៃយេីង! ។
លោក ហេង រតនា បានថ្លែងបន្តថា លោកបានលេីកយកទស្សនផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះសន្តិភាពកម្ពុជាដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ គឺជាសមិទ្ធិផលយ៉ាងសំខាន់បំផុតមួយនៃការខិតខំរបស់គ្រប់ភាគីខែ្មរមានជម្លោះដែលបានជួបចរចារឯកភាពគ្នាបញ្ចប់ជម្លោះក្រោមការជួយជ្រុំជ្រែងពីប្រទេសមហាអំណាចនិងប្រទេសជាមិត្តភក្តិក៏ដូចជាអង្គការសហប្រជាជាតិផងដែរ។ ជាពិសេសសមិទ្ធិផលកិច្ចព្រមព្រៀងនេះក៏បានកេីតចេញមកពីការខិតខំរបស់តួរអង្គដ៏សំខាន់បំផុតគឺសម្តេចតានិងសម្តេចតេជោ។ កិច្ចព្រមព្រៀងនេះបាននាំមកនូវសមិទ្ធិផលមួយចំនួនដូចជាការបោះឆ្នោតឆ្នាំ១៩៩៣ ការបង្កេីតច្បាប់រដ្ឋធម្មុញ្ញជាតិ និងជាពិសេសការបង្កេីតរបបរាជាណាចក្រទី២ឡេីងវិញនៅកម្ពុជា…..! ប៉ុន្តែការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ មិនបានដំណេីរការដល់គោលដៅនៃកិច្ចព្រមព្រៀងគឺការបញ្ចប់សង្គ្រាមនិងនាំមកសន្តិភាពពេញលេញនៅកម្ពុជា ដោយសារភាគីខ្មែរក្រហមមិនចូលអនុវត្តតាមកិច្ចព្រមព្រៀងឡេីយ គឺមិនចូលរួមបោះឆ្នោត និងសំរេចបន្តសង្គ្រាមសុីវិលនៅកម្ពុជា។
មេដឹកនាំខ្មែរក្រហមបានរៀបចំយុទ្ធសាស្ត្របន្តសង្គ្រាមរយៈពេលវែងតាមរយៈសង្គ្រាមទ័ពព្រៃដោយបានរៀបចំជំរុំ ការចល័តលាក់ទុកឧទ្ធោបករណ៍គ្រាប់រំសេវសំរាប់បំរេីការធ្វេីសង្គ្រាមរយៈពេលវែងនោះ។ សង្គ្រាមទ័ពព្រៃនេះរយៈពេលវែងដូចនៅប្រទេសកូឡំប៊ី ប្រទេសហ្វីលីពីន ប្រទេសភូមា និងប្រទេសមួយចំនួនទៀតនៅតែកេីតមាននៅឡេីយ។ និយាយសាមញ្ញថា កិច្ចព្រមព្រៀងត្រូវនាំកម្ពុជាដល់ត្រេីយសន្តិភាព មានដល់ត្រេីយសន្តិភាពឯណា ចម្លងបានជាងពាក់កណ្តាលទន្លេ?! កម្ពុជាបន្តសង្គ្រាមផ្ទៃក្នុងមានលក្ខណៈស្រួចស្រាលជាងមុនព្រោះពួកទាហានខែ្មរក្រហមខ្លះក្នុងឆ្នាំ១៩៩៦-៩៧ បានលទ្ធភាពមានអាវុធយុទ្ធភណ្ឌទំនេីបៗប្រេីនិងបានចូលដល់ក្នុងរាជធានីភ្នំពេញ និងខេត្តក្រុងមួយចំនួនផងដែរ។ ក្រោយមានកិច្ចព្រមព្រៀងហេីយនោះ សង្គ្រាមនៅតែបន្តរហូតដល់ចុងឆ្នាំ១៩៩៨ ពោលមានរយ:ពេលជិត៨ឆ្នាំ (១៩៩១-ខែធ្នូ ១៩៩៨)។
២. សង្គ្រាមត្រូវបានបញ្ចប់ក្រោមនយោបាយឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាស្នាដៃកូនខ្មែរដោយខ្លួនឯងគឺស្ថានិកឯកសន្តិភាពសម្តេចតេជោសែន និងប្រតិបត្តិករសន្តិភាពទាំងឡាយ។ ប្រជាជនកម្ពុជានិងអន្តរជាតិគ្រប់ទិសទីដែលស្នេហាសន្តិភាពបានអបអរសាទរយ៉ាងពេញទំហឹង! សន្តិភាពនេះមានលក្ខណ:ពេញលេញដោយគ្មានតំបន់ណាមួយនៃទឹកដីក្នុងព្រះរាជាណាចក្រកម្ពុជាមានតំបន់តស៊ូធ្វេីសង្គ្រាមទៀតឡេីយ! ហេីយក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យទំនេីបជាង៥០០ឆ្នាំចុងក្រោយនេះ មិនធ្លាប់មានសន្តិភាពបែបនេះឡេីយ! ។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានឱ្យដឹងទៀតថា មិត្តភក្តិបរទេសជាពិសេសជប៉ុនទាំងក្មេងចាស់ប្រុសស្រី ក្រុមហ៊ុន និងរដ្ឋាភិបាលជប៉ុនបានជំរុញទំនាក់ទំនងយ៉ាងជិតសិទ្ធនិងពោរពេញឆន្ទៈជ្រះថ្លាក្នុងជួយគាំទ្រទាំងស្មារតី សំភារ:ថវិកាផ្តល់ជូនរាជរដ្ឋាភិបាល ប្រជាជនកម្ពុជា ក្នុងស្វែងរកសន្តិភាព កសាងសន្តិភាព និងថែរក្សាសន្តិភាពដែលប្រជាជនកម្ពុជារកបានមកវិញយ៉ាងលំបាកបំផុតមួយនេះ! ។ សកម្មភាពកំចាត់គ្រាប់មីនសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅកម្ពុជាបានពង្រឹងភាពជាម្ចាស់និងភាពជាដៃគូ ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វេីឱ្យសំរេចជោគជ័យមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសជួយបណ្តាប្រទេសនានាក្នុងតំបន់និងក្នុងពិភពលោកផងដែរ។
បន្ថែមពីនេះ លោកអគ្គនាយកស៉ីម៉ាក់រូបនេះ អរគុណសន្តិភាព! សូមគោរពអរគុណស្ថាបនិកឯកសន្តិភាពសម្តេចតេជោសែន និងប្រតិបត្តិករសន្តិភាព!៕
ដោយ៖សហការី