ឈ្មោះខ្មែរ ៖ ដើម ក្រចេះ
ឈ្មោះថ្មីយកពីសៀម ៖ ភ្ញាយ៉ា ឬ មោក្ស
ឈ្មោះវិទ្យាសាស្ត្រ ៖ Naringi crenulata (roxb ) nicolson
អំបូរ ៖ RUTACEAE
ក្រចេះជា ចុល្លព្រឹក្សម្យ៉ាង មានកម្ពស់មធ្យមចាប់ពី ៨ – ១៥ម ដើមដុះត្រង់ដូចពួកដើមក្រសាំងដែរ សាច់ឈើមានពណ៌ស សំបកឈើមានពណ៌ត្នោត មានស្នាម ប្រេះដូចសង្វា មែកមានបន្លាដុះពាស ! ដើមពេលកាត់ប្រើការថ្មីៗ មានពណ៌ស ហើយប្រែទៅជាពណ៌លឿងស្លេក បើទុកចោលយូរ វានឹងប្រែជាពណ៌ត្នោត និងលឿងស្រាល ! ដើមក្រចេះអាចរកបានតាមព្រៃចម្រុះទូទៅ តាមតំបន់ភ្នំ រួមទាំងតំបន់ព្រៃល្បោះ នៅរយៈកម្ពស់ប្រហែល ១០០ – ៤០០ម៉ែត្រ ពីលើនេវ៉ូទឹកសមុទ្រ បន្តពូជដោយគ្រាប់ ឬកាត់ជា ឬសដាំ !
ឧបតិដ្ឋាន ៖ ប្រទេសភូមា ប៉ាគីស្ថាន ស្រីលង្កា ឥណ្ឌា បង់ក្លាដែស ខេត្តយូណាន នៃប្រទេសចិន លាវ កម្ពុជា វៀតណាម នៅប្រទេសថៃ មាននៅភាគខាងជើង និងនិរតី !
ស្លឹកក្រចេះមានទងតែមួយ មានស្លឹកតូចៗប្រហែល ៤-១៣ ស្លឹក ដុះតម្រៀបឆ្លាស់គ្នាដូចចុងលំពែង ឬ ត្រីសូរ្យ គែមស្លឹកមានរាងជាគន្លាក់តិចៗ ស្លឹកមានទទឹងប្រហែល ១.៥-៣ស.ម និងបណ្តោយ ២-៧ស.ម ! ផ្ការីក មើលទៅដូចជាស្លាបកង្ហាចេញទាំងសងខាង ហើយជាប់គ្នារវាងស្លឹកគូ ផ្កាក្រចេះរីកជាភួងផ្កា ! ផ្កាក្រចេះច្រើនដុះផ្តុំគ្នាជាចង្កោមនៅក្រោមគល់ ឬមែកតូចៗ ផ្កាមានរោមខ្លី ទន់ៗ និងមានពណ៌ស ឬពណ៌លឿង ផ្កាមាន ៤ ផ្កា ហើយនៅពេលចេញផ្កា ពួកវានឹងរីក ហើយ បត់ចូលគ្នាបន្តិចទៅរកដើមរបស់វា !
បុប្ផកាល ៖ ផ្ការីកពី ខែមីនា ដល់ ខែឧសភា
ផ្លែក្រចេះ មានរាងមូល និងមានអង្កត់ផ្ចិតគឺប្រហែល ០.៥-១ សង់ទីម៉ែត្រ នៅពេលខ្ចីផ្លែមានពណ៌បៃតង ប៉ុន្តែពេលចាស់ វានឹងប្រែពណ៌ទៅជាស្វាយងងឹត មានគ្រាប់ប្រហែល
១- ៤ នៅក្នុងមួយផ្លែ ! គ្រាប់មានពណ៌ត្នោតខ្ចី និងពណ៌ទឹកក្រូច ផ្លែទុំចាប់ពី ខែឧសភា ដល់ ខែតុលា !
អត្ថប្រយោជន៍ ៖
+ ផ្លែមានរស់ជាតិ ជូរចត់ ប្រើជាថ្នាំប៉ូវកំលាំង សម្រាប់រាងកាយ (ផ្លែទុំ)
+ ជួយបំបាត់ស្រ្តេស និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ (សំបកឈើ)
+ ជួយបង្កើនចំណង់អាហារ (ផ្លែទុំ , សំបក)
+ ខ្លឹមក្រចេះប្រើត្រាំជាមួយស្រាស ហើយបរិភោគជាថ្នាំប៉ូវឈាម ព្យាបាលឈាមសសុីឈាមក្រហម និង ជំងឺលើសឈាម (ស្នូល)
+ ស្លឹក ប្រើផ្សំជាមួយរុក្ខជាតិឱសថដ៏ទៃទៀត ស្ងោរ និងបរិភោគដើម្បីព្យាបាលជំងឺឆ្កួតជ្រូក ប៉ុន្តែសៀវភៅក្បួនឱសថបុរាណផ្សេងទៀតមិនបានបញ្ជាក់ថា ត្រូវតែលាយជាមួយនឹងរុក្ខជាតិឱសថដ៏ទៃឡើយ (ស្លឹក)
+ ជួយព្យាបាលគ្រុនក្តៅ ជាថ្នាំបញ្ចុះកម្តៅ (ផ្លែ ផ្លែទុំ សំបក ឫស)
+ ជួយបញ្ចុះកំដៅក្នុងខ្លួន ដោយយកដើមមកស្ងោរជាមួយទឹកផឹកជាថ្នាំកន្លះកែវ៣ដងក្នុងមួយថ្ងៃ (ដើម)
+ ជំនួយក្នុងការពន្យាកំណើត (ស្លឹក)
+ ដើមនេះស្ងោរនឹងទឹក ហើយផឹកកន្លះកែវ៣ដងក្នុងមួយថ្ងៃ ព្រឹក ថ្ងៃត្រង់ និងល្ងាច ដើម្បីបំបាត់ការឈឺចុកចាប់តាមសន្លាក់ (ដើម)
+ ជួយបំបាត់ការឈឺសន្លាក់ ឈឺឆ្អឹង (ស្លឹក)
– ផ្លែស្ងួត ៖ ព្យាបាលពិស គ្រុន អាហារមិនរលាយ តឹងពោះ ច្រាលពោះ បំប៉នរាងកាយ
– សាច់ឈើ ៖ ព្យាបាលគ្រុន ស្គមរីងរៃ ពិសក្តៅ
– ឬស ៖ រោគពោះវៀន ឈឺពោះបរិវេណពោះវៀនធំ បន្ទន់លាមក ចេញញើស
ស្ងួតប្រើពី ១០ – ២០ក្រាម ដាំជាមួយទឹកផឹកក្នុងមួយថ្ងៃ !
នៅប្រទេសភូមា ដើមក្រចេះត្រូវបានគេយកទៅធ្វើជាម្សៅសម្រាប់លាប មុខ និងខ្លួន ដោយគេជឿរថាវាអាចជួយអោយមានស្បែកស ម៉ត់រលោង តាមបែបធម្មជាតិ ! ប្រជាជនភូមាហៅម្សៅនេះថា តាណាកា ( Thanaka ) ដែលវាជាគ្រឿងក្រអូបប្រពៃណីបែបបុរាណ មានតាំងពីយូរលង់ណាស់មកហើយ ដូចខ្មែរ និង សៀមដែរ ! នៅភូមា យើងអាចឃើញគេលក់ក្រចេះ ជាម្សៅផង និង ជាដើមផង ចំនែកនៅស្រុកសៀម មានលក់ជាម្សៅភាគច្រើន ហើយជនជាតិសៀម ក៏ហៅម្សៅនេះថា ក្រចេះចន្ទន៍( กระแจะจันทร์ ) !
ឯកសារសៀម ៖
ក្រចេះចន្ទន៍ ជាគ្រឿងក្រអូបសៀមសម័យដើម ដែលជាគំរូដើមដំបូងក្នុងសម័យដែលមិនទាន់មានគំនិតធ្វើគ្រឿងក្រអូបសៀមច្រើនប្រភេទនៅឡើយទេ ដែលវាអាចមានអាយុកាលតាំងពីសម័យសុខោទ័យ រហូតដល់សម័យអយុធ្យា ! ក្រចេះ ជាគ្រឿងក្រអូបថៃបុរាណនៅសម័យដើម ពាក្យក្រចេះ មានន័យថារាវក្រាស់ ! យោងទៅតាមផ្នែកភូតគាមសាស្ត្រ ដើម ក្រចេះចន្ទន៍ ជាឈ្មោះក្នុងអំបូរឈើក្រអូប Sandalwood មានគ្រួសារជាច្រើនប្រភេទ រុក្ខសាស្ត្រចាត់ថ្នាក់រុក្ខជាតិនៃគ្រួសារ Sandalwood ជាក្រុមជាច្រើន ! ពិតណាស់ឈើក្រអូបមានច្រើនប្រភេទណាស់ មនុស្សសម័យមុនច្រើននិយមហៅពួកឈើមានក្លិនក្រអូបនេះ ដោយភ្ជាប់ពាក្យថា ចន្ទន៍ ឧទាហរណ៍ ក្រចេះចួងចន្ទន៍ ឬ ក្រចេះចន្ទន៍ នេះឯង ដោយសារតែវាមានក្លិនក្រអូបដូចឈើ ចន្ទន៍ក្រស្នាដែរ !
ក្រចេះមានគុណសម្បត្តិក្នុងការថែរក្សាស្បែក ជួយឱ្យស្បែកសភ្លឺរលោង មានក្លិនក្រអូបដែលនៅជាប់ខ្លួនបានយូរ មិនថាយើងចេញទៅណាមកណាទេ ក្លិននៃក្រចេះ
ចន្ទន៍ដែលបានលាបលើខ្លួននោះក៏ក្រអូបរសាត់គ្រប់ទីកន្លែង !
ឯកសារខ្មែរ ៖
នៅក្នុងវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត លោកបាន និយាយខ្លះៗដែរអំពី ម្សៅក្រចេះនេះ តែលោកពុំបានលំអិតអោយច្បាស់ទេ ដូច្នេះហើយទើបយើងពិបាកនិងរកពត៌មានលំអិតណាស់ ! តែតាមការស្រាវជ្រាវរបស់ខ្ញុំ ម្សៅក្រចេះនេះ ក៏មាននិយាយនៅក្នុង រឿងនិទានជាតក រឿង មហាវេស្សន្តរជាតកដែរ ត្រង់ កណ្ឌទី ១៣ ដែលមានខ្លឹមសារដូចខាងក្រោម ៖
( ភោ សារីបុត្ត ហៃធម្មសេនាបតីស្រីសារីបុត្រ កាលនោះ
ព្រះបាទស្រីវេស្សន្តរពោធិសត្វ ខត្តិយាធិបតីស្រីសុរិយោវង្សអង្គនារាយណ៍នរបតីស្រីសម្មតិទេព មហារាជក្សត្រថ្លៃប្រសើរនោះ លុះព្រះអង្គជម្រះព្រះកេសាស្រេច ស្ដេចទ្រង់នូវទឹកអប់ត្រឡប់នីទៅនូវ ក្រចេះចួងច័ន្ទន៍ លំពាន់ក្រស្នា គូរាជេន ឈ្មុសទេសវិសេស សឹងដ៏ល្វែង អប់ត្រឡប់នីទៅនូវគន្ធពិដោរ ស្ដេចប្រាសលះលែងនូវគ្រឿងប្រដាប់
សម្រាប់អ្នកបួសនោះហើយ ទ្រង់ក៏កាន់យកនូវស្វេតច្ឆ័ត្រ ជាស្តេចប្រកបនូវយសបរិវារជាអធិកពន្លឹកមហិមាក្រៃពេកហោង ។ )
តាមពិតទៅប្រហែល កាលសម័យមុន នៅត្រង់ម្តុំខេត្តក្រចេះអាចមានការជួយដូរម្សៅក្រចេះនេះច្រើន ឬ ក៏មានការកាប់ឈើក្រចេះលក់ ទើបគេហៅ ខេត្តក្រចេះមកដល់សព្វថ្ងៃ !
បើតាមឯកសារមួយទៀតបានបង្ហាញថា «ខេត្តក្រចេះ» ជាដែនដីប្រវត្តិសាស្ត្រមួយក្នុងកម្ពុជរដ្ឋនៃយើង តាំងពីសម័យចេនឡាមកម្ល៉េះ ដោយហេតុថា «ស្រុកសំបូរ» ដែលស្ថិតនៅតាមដងទន្លេមេគង្គគឺជាអតីតរាជធានីនៃ «ចេនឡាទឹកលិច» មានឈ្មោះថា «ក្រុងសម្ភុបុរៈ» ! តាមពាក្យរបស់ព្រឹទ្ធាចារ្យនៅតំបន់នោះ ក៏ដូចជាតាមឯកសារមួយចំនួនបានបង្ហាញ ថា«ក្រចេះ»គឺជាពាក្យក្លាយពីភាសាបារាំងថា GATILLE (ហ្គាទីឡេ) ដោយអ្នកបកប្រែឱ្យអាជ្ញាធរបារាំងពេលនោះនិយាយពុំត្រូវតាមភាសាបារាំងនាំឱ្យពាក្យ GATILLE(ហ្គាទីឡេ) នោះ ក៏ក្លាយជាពាក្យ«ក្រចេះ» ។
ឯកសារប្រវត្តិសាស្ត្រនោះបញ្ជាក់ថា ដោយមានការបះបោរប្រឆាំងនៃជនជាតិព្នង ចំពោះបារាំងនាសម័យនោះ ពួកបារាំងបានចាត់កងកម្លាំងបញ្ជូនទ័ព និងចាត់លោក GATILLE ឱ្យផ្គត់ផ្គង់សម្ភារសឹកភ័ស្តុភារ និងបោះទីតាំងមូលដ្ឋានទ័ពនៅចំក្រុងក្រចេះសព្វថ្ងៃនេះ ។ មូលដ្ឋានទ័ពនោះគេឱ្យឈ្មោះថា CAMP LOGISTIQUE DE GATILLE មានន័យជាខេមរភាសាថា ជំរំ GATILLE ។ ដូច្នេះហើយ ទើបមានអ្នកខ្លះយល់ថាពាក្យក្រចេះនេះយកតាមឈ្មោះមេទ័ពបារាំង GATILLE នេះ ! តែទោះជាយ៉ាណា ក៏វាពុំអាចជារឿងសមហេតុផលដែលថាខេត្តក្រចេះជាឈ្មោះហៅច្រឡំពីបារាំងដែរ !
វចនានុក្រមខែ្មររបស់សមេ្តចព្រះសង្ឃរាជ ជួន ណាត ភាគទី១និងភាគទី២ ត្រង់ទំព័រ ៩៣០បោះពុម្ពឆ្នាំ១៩៦៧ សរសេរថា «ក្រចេ» (ន) (ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី ក្លាយមកជាពាក្យក្រចេះ ! ដូចគ្នានេះតាមការរៀបរាប់របស់ចាស់ទុំរស់នៅ ក្នុងតំបន់នេះបានឲ្យដឹងថា នៅសម័យដើមខេត្តក្រចេះមានជនជាតិដើមភាគតិចជាច្រើនរស់នៅ ! មានការទាក់ទងពាណិជ្ជកម្ម ផ្សេងៗនៅភូមិភាគឦសានទាំងមូលតាមច្រក «កំពង់ចម្លងក្របី» របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ ខាងក្រោម ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅកំពង់ចម្លងនេះ ! ផែ្អកទៅតាមឯកសារយោងរបស់លោកជួប ឃាន ស្តីពីដើមកំណើត និងប្រវតិ្តនាមខេត្តក្រចេះចុះថៃ្ងទី១៨ មេសា២០០១ បញ្ជាក់ថា សម័យកាលក្រុងសម្ភុបុរៈ (ស្តេចលាវ) តែងតែនាំសួយសារ ផ្សេងៗ មកថ្វាយសេ្តចខែ្មរតាមរយៈកំពង់ចម្លងនេះដែរ ! នេះជាប្រវត្តិ ខ្លះៗដែលជាប់ពាក់ព័ន្ធនឹងខេត្តក្រចេះ ! សរុបសេចក្តីមក ខ្ញុំមានគំនិតថាប្រហែលជាសម័យនោះ នៅម្តុំត្រង់កំពង់ក្រចេះនេះមានការជួញដូរនូវ ម្សៅ ឬ ឈើក្រចេះនេះច្រើនទើបមានការហៅតៗគ្នារហូតមកដល់សព្វថ្ងៃ ដូចពាក្យ ចេនឡា ជាភាសាចិន ដែលប្រែមកខ្មែរ ហៅថា ក្រមួនសុទ្ធព្រោះនៅសម័យនោះខ្មែរយើងរកសុីយកក្រមួនឃ្មុំលក់អោយជនជាតិចិន ទើបបាន ជនជាតិចិនហៅខ្មែរសម័យនោះថា ចេនឡា !
តាមពិតទៅបើតាមខ្ញុំបានសិក្សាលម្អិត ម្សៅក្រចេះចួងចន្ទន៍នេះ ជារបស់ត្រកូលអភិយវង្សបែន ដែលជាចៅហ្វាយខេត្តបាត់ដំបងនាសម័យមុន ព្រោះសព្វថ្ងៃចៅស្រីបង្កើតរបស់ កថាថនឈុំ មានឈ្មោះថា ប៉ាក់ប៊ុនថាន ស៊ុមស្រីកែវ បានយករូបមន្តធ្វើម្សៅក្រចេះចន្ទន៍នេះមកផលិតសាឡើងវិញនៅឯស្រុកសៀម ! ដូច្នេះហើយយើងអាចសន្មត់យ៉ាងជាក់លាក់ហើយថា ម្សៅក្រចេះចួងចន្ទន៍នេះពិតជាមានវត្តមានប្រើប្រាស់នៅស្រុកខ្មែរសម័យមុនមែន គ្រាន់តែយើងពុំទាន់អាចកំណត់ពីសម័យកាលអោយបានច្បាស់លាស់ !
លោកយាយ ប៉ាក់ប៊ុនថនស៊ុមស្រីកេវបានមាន
ប្រសាសន៍ថា ក្រចេះជាឱសថមានគុណសម្បត្តិខ្ពស់ណាស់ វាអាចព្យាបាលជំងឺ ជាច្រើនប្រភេទ និងជាគ្រឿងផ្សំនៅក្នុងរូបមន្តឱសថជាច្រើន ធ្វើឲ្យគ្រូឱសថបុរាណភូមិភាគកណ្តាលនៃប្រទេសសៀមហៅក្រចេះថា “ផាយ៉ា” លោកយាយបានបន្តទៀតថា ផាយ៉ា (ក្រចេះ) ជាឱសថល្អបំផុតលើសឱសថបុរាណគ្រប់ប្រភេទ គេនិយមយកដើម ឬ ឬសមកផ្សំជាថ្នាំ ដែលប្រើសម្រាប់ពន្លត់ជាតិពុលក្នុង និងក្រៅរាងកាយ បំបាត់រោគសញ្ញាស្រៀវស្រាវ ជាមួយនឹង រោគសញ្ញាធ្ងន់ធ្ងរដូចជាជំងឺឆ្កួតជ្រូក
ក្អួតធ្ងន់ធ្ងរ ហើយគាត់បាននិយាយថា វាជាថ្នាំប្រើតវង់ត្រកូលគាត់តាំងពីយូរយាណាស់មកហើយ !
របៀបធ្វើ ក្រចេះចួងចន្ទន៍ តាមក្បួនត្រកូលអភិយវង្ស ៖
+ ធូបក្រអូប
១. យកស្លឹកពោល្យំ ស្លឹកគ មកហាលថ្ងៃឱ្យស្ងួត រួចយកមកកិនចូលគ្នាឱម៉ត់ក្នុងបរិមាណស្មើគ្នា ហើយប្រសិនបើអ្នកចង់បានគ្រឿងក្រអូបបន្ថែមទៀត អ្នកអាចបន្ថែម ក្រូចសើច រមៀត ឬបន្ថែមគ្រឿងក្រអូបផ្សេងៗទៀតតាមចូលចិត្តក៏បាន
២. យកឬស្សីដែលពុះរួចសម្រាប់ធ្វើធូប ជ្រលក់ក្នុងជ័ររួចរមៀលលើម្សៅធូបដែលបានរៀបចំក្នុងចំណុចទី១ ការរំកិលធូបអាស្រ័យលើតម្រូវការរបស់អ្នកធ្វើធូបថាធូបក្រាស់និងស្តើងប៉ុនណា ប្រសិនបើអ្នកចង់ឱ្យធូបក្រាស់ខ្លាំង អ្នកអាចរំកិលឱបានច្រើនដង បន្ទាប់មកធូបត្រូវហាលថ្ងៃឱ្យស្ងួតសិនទើបប្រើបាន !
+ ប្រេងក្រចេះចន្ទន៍
គ្រឿងផ្សំ ៖ ប្រេងក្រអូប ខ្លឹមចន្ទន៍ក្រស្នា
ម្សៅក្រចេះ ម្សៅដីស
១. យក ប្រេងក្រអូប ខ្លឹមចន្ទន៍ក្រស្នា ច្របល់ចូលគ្នាក្នុងម្សៅក្រចេះ និងដីស កូរឱ្យសព្វល្អ បន្ថែមប្រេងក្រអូបល្មមឱ្យរាវ !
ដើមក្រចេះ ជាគ្រឿងក្រអូបលំដាប់ខ្ពស់ ជាមួយម្សៅក្រចេះជាគ្រឿងផ្សំសំខាន់ ការប្រើប្រេងក្រចេះចន្ទន៍ក្នុងពិធីអភិសេករបស់ព្រះរាជា គឺជាការចាំបាច់ក្នុងពិធី និងពិធីមង្គលផ្សេងៗទៀត ដូចជាការឡើងផ្ទះជាដើម និងលាបលើថ្ងាសគូស្វាមីភរិយាថ្មី ក្នុងពិធីមង្គលការ។ល។
ប្រភពផ្សេងទៀត ៖
ដើមក្រចេះ ជាទូទៅគេបានស្គាល់ថាវាជាប្រភេទឈើក្រអូបមួយផងដែរ វាត្រូវបានប្រជាជនភូមាប្រើធ្វើជាគ្រឿងសម្អាងអស់រយៈកាល ២០០០ឆ្នាំមកហើយ ! គេលាបម្សៅក្រចេះដើម្បីការពារពន្លឺព្រះអាទិត្យ និងលំអសម្រស់ស្ត្រី ហើយជួយអោយស្បែកមានសំណើមផងដែរ !
+ ការធ្វើម្សៅក្រចេះចួងចន្ទន៍
ម្សៅក្រចេះនេះងាយធ្វើណាស់ ដោយគេគ្រាន់តែយកសំបករបស់ដើមក្រចេះមក ត្រដុះនិងថ្មដុះ ឬកិនអោយម៉ត់រួចជាការស្រេច ពេលប្រើគេត្រូវយកម្សៅក្រចេះនេះមកលាយជាមួយទឹក ឬ ទឹកឃ្មុំក៏បាន !
យោងតាមការសិក្សានៅក្នុងម្សៅក្រចេះនេះវាមានផ្ទុកនៅសារធាតុ ២យ៉ាងគឺ ៖ coumarin និង marmesin ដោយនៅក្នុង coumarin វាមានសម្ថត្តភាព ជួយកំចាត់បាក់តេរី និងផ្សិតលើស្បែក ជួយប្រឆាំងនិងការរលាកស្បែក និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ផងដែរ ! ដែលវាជា ឱសថដ៏ល្អក្នុងការព្យាបាលការកើតមុននៅលើស្បែក និងជួយអោយស្បែកមានសុខភាពល្អ ជួយការពារស្បែកពីពន្លឺព្រះអាទិត្យ !
ប្រភពឯកសារយោង ៖
– វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត
– វចនានុក្រម បារាំង-ខ្មែរ ឆ្នាំ ១៩៦៦
– មហាវេស្សន្តរជាតក
– រុក្ខជាតិឱសថនៅកម្ពុជា
អត្ថបទរក្សាសិទ្ធដោយ ៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា