(តពីលេខមុន)
លើកទី១ : មានកញ្ចប់ថ្នាំកំដរដៃទៅជូនមាតាបិតានិងអាណាព្យាបាលខាងស្រី ហើយនិយាយបញ្ឆឹតបញ្ឆៀង លោកនេះអ្នកនោះនិយាយនឹងខ្ញុំថា ចង់មកលេងនឹងលោកអ្នក តើលោកអ្នកថាម៉េច? កាលបើខាងស្រីគេបើកឲ្យហើយអ្នកចែចូវត្រឡប់មកប្រាប់ខាងប្រុសវិញ។
លើកទី២ : មានរបស់កំដរដៃដូចមុន ប្លែកតែនិយាយចេញឈ្មោះថា លោកនេះអ្នកនោះពឹងខ្ញុំឲ្យមកជម្រាបថា ចង់មកលេងនឹងលោកអ្នកខ្លាំងណាស់ ដោយឮដំណឹងថាលោកអ្នកមានស្រែស្រុកសម្បុកជើងលានល្អ គេចូលចិត្តចង់យកពូជស្រូវគង់មកបណ្ដុះនៅស្រែនេះក្រែងមានផ្លែផ្កា តើលោកអ្នកថាម៉េច? ខាងស្រីថាចាំស្ដាប់ការមើលសិន។ អ្នកចែកចូវក៏ត្រឡប់មកប្រាប់ខាងប្រុសវិញ។
លើកទី៣: មានស្លាម្លូក្រែលជាងមុន ដាក់តោកឬរងមួយគូរចែចូវយកទៅកំដរដៃដូចមុន។ កាលជូនមាតាបិតាឬអាណាព្យាបាលខាងស្រីរួចហើយ ជម្រាបថា លោកនេះ អ្នកនោះ ឱ្យខ្ញុំមកជម្រាបថា សូមលោកអ្នកមេត្តាប៉ងមកយូរហើយថា នឹងយកពូជស្រូវគង់ឯនោះ មកបណ្តុះនៅស្រែស្រុកសំបុកជើងលានឯនេះ តើអ្នកទុកផ្លូវឲ្យដើរ ទិកជណ្តើរឲ្យឡើងដែរឬដូចម្តេច? កាលគេបើកបើកផ្លូវឲ្យដើរ ជណ្តើរឲ្យឡើងហើយ អ្នកចែចូវសួរថ្ងៃខែឆ្នាំណើតកូនស្រី ។ គេប្រាប់ខែឆ្នាំហើយ អ្នកខែចូវក៏ត្រឡប់មកប្រាប់ខាងប្រុសវិញ។
ផ្នែកទី៣ ដណ្តឹង :
កាលចែវចូវដឹងទម្រោយហើយ គេដណ្តឹង៣ជើងទៀត។
ជើងទី១ : គេឲ្យម្នាក់ទៅជូនព័ត៌មានដល់អ្នកគ្រប់គ្រងកូនស្រីជាមុនថា លោកអ្នកនេះ អ្នកនោះនឹងឲ្យអ្នកផ្លូវមកដណ្តឹង
ដោយមានថង់រងមួយគូ ស្លា ម្លូ ថ្ម ស្លាជ្វា ចេកទុំ នំអន្សម នំគម នំបត់ រៀបជាគូៗ
ទៅជូនខាងស្រីនិយាយថា លោកអ្នកនេះអ្នកនោះបានពឹងភ្នពឹងខ្ញុំទាំងបីនាក់ឲ្យមក សូមដណ្ដឹងនាងនោះជាកូនលោកឲ្យជាភរិយានាយនោះជាកូនគេ។ បើលោកអ្នកមេត្តានឹងជូនបណ្ដាការតាមត្រូវការ។ ខាងស្រីថា ចាំសួរលោកមេបាសិន ជើងក្រោយសឹមដឹង:
ជើងទី២ : កាលឲ្យអ្នកផ្លូវទៅដណ្ដឹងមួយជើងឃើញថាពុំទាន់ស្រេច គេទៅដណ្ដឹងជើងទី២ ទៀត គេដណ្ដឹងកំណត់ថ្ងៃដូចមុនកាលកំណត់ថ្ងៃខែហើយ គេចាត់រណ្ដាប់មានថង់រងមួយគូ មានកន្សែងច្របុចក្រាលពីលើ មានស្លា ម្លូ ថ្នាំ ស្លាជ្វា ទៀនមួយគូ ស្រា១ដប ចេកទំុ នំអន្សម នំគម នំបត់ នំបង់ខ្លាញ់ ឲ្យអ្នកផ្លូវបីនាក់យកទៅជូនខាងស្រីនិយាយថា លោកនេះ អ្នកនោះ បានពឹងខ្ញុំទាំងបីនាក់ឲ្យមកសូមដណ្ដឹងដូចមុន បើលោកមេបាអនុញ្ញាតឱ្យនឹងជូនបណ្ដាការតាមត្រូវការ។ខាងស្រីថា លោកអ្នកនេះ ជាស្រីក្រែងទទួលការគ្រប់ជំពូកមិនបានមួយទៀតយើងពុំទាន់ស្គាល់កូនប្រុសរបស់អ្នក ត្រូវឲ្យប្រុសៗមក ត្រូវឱ្យយកទាំងកូនប្រុសមកឲ្យយើងមើលផង។ បែបនេះហៅថា ស៊ីស្លាកន្សែង។
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត