ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន១៨ និងការសម្ពោធជានិមិត្តរូប ផ្លូវវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ផងដែរ។ឯកសារទាំង១៨ នោះរួមមាន៖
១-កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ។
២-កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម) ។
៣-លិខិតប្រគល់-ទទួល គម្រោងរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា។
៤-អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន។
៥-វិញ្ញាបនបត្រប្រគល់-ទទួល សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
៦-វិញ្ញាបនបត្រប្រគល់-ទទួលគម្រោង ស្តីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ-១៩ មកកម្ពុជា។
៧-វិញ្ញាបនបត្រប្រគល់-ទទួលសម្ភារៈបន្ទាន់សម្រាប់ផ្គត់ផ្គង់ និងគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន។
៨-វិញ្ញាបនបតប្រគល់-ទទួលគម្រោងជំនួយរបស់ប្រទេសចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។
៩-អនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា។
១០-កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
១១-អនុស្សារណៈនៃការយោគយល់គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ។
១២-កិច្ចព្រមព្រៀងនៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ។
១៣-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
១៤-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅ កាន់ប្រទេសចិន។
១៥-កិច្ចព្រមព្រៀង ស្តីពីការទប់ស្កាត់ការលួច ការជីកកកាយ និងការនាំចេញ និងនាំចូលសម្បត្តិវប្បធម៌ដោយខុសច្បាប់។
១៦-កិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលឱសថបុរាណចិនកម្ពុជា-ចិន។
១៧-អនុស្សារណៈយោគយល់គ្នាស្តីពីការផ្តល់ឧបករណ៍ និងមធ្យោបាយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
១៨-វិញ្ញាបនបត្រប្រគល់ទទួលសម្រាប់គម្រោងការងារវិស្វកម្ម គាំទ្រការធ្វើឱ្យ ប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
ក្រៅពីចុះហត្ថលេខានេះក៏មានពិធីសម្ពោធជានិមិត្តរូបចំនួន៣ផងដែរ ដែលធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីប្រទេសទាំងពីរ ក្នុងនោះមានដូចជា៖
១-ពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿន រាជ ធានីភ្នំពេញ-ក្រុងព្រះសីហនុ !
២-តំបន់គម្រោងបង្ហាញការបញ្ចេញកាបូនិច ខេត្តព្រះសីហនុ!
៣-វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា៕
ដោយ : សុខ ខេមរា