ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣០

ចែករំលែក៖

ភ្នំពេញ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (...)សូមចូលរួមជាមួយអ្នកសារព័ត៌មានជាតិនិង  អន្តរជាតិ សម្តែងការអបអរសាទរក្នុងឱកាស ទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៣ ក្រោមប្រធានបទ «ការកំណត់អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិ ជាកម្លាំងចលករនៃ

សិទ្ធិមនុស្សដទៃទៀត» ទិវាសេរីភាពសារព័ត៌មានពិភពលោក រំឭកនូវចំណុចសំខាន់២យ៉ាង៖ ទី១. ជាការ

រំឭកដល់មនុស្សជាតិថា សេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិមានតម្លៃនិងមានសារសំខាន់ លើគ្រប់ទិដ្ឋភាពនៃដំណើរការសម្រេចចិត្តសម្រាប់អនាគតសង្គមជាតិ ព្រោះជាមធ្យោបាយសម្រាប់ផ្លាស់ប្តូរមតិយោបល់ ការថ្លឹងថ្លែងពិចារណា ការដឹងឮ និងការសម្រេចចិត្ត។ ទី២. ក៏ជាការរំឭកដល់ អ្នកសារព័ត៌មាននិងអ្នកបញ្ចេញមតិទាំងឡាយថា អ្នកមានសេរីភាពក្នុងការអនុវត្តសិទ្ធិនេះប៉ុន្តែក៏ត្រូវរំឭកខ្លួនឯងឱ្យប្រកាន់ក្រមសីលធម៌ និងត្រូវមានសុជីវធម៌ផងដែរ ពីព្រោះ «សេរីភាព ភ្ជាប់ជាមួយសីលធម៌។ ការបញ្ចេញមតិភ្ជាប់ជាមួយភាពទទួលខុសត្រូវ»

 

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមយកឱកាសនេះធ្វើការកត់សំគាល់ថា ពិភពលោក បច្ចុប្បន្នកំពុងបន្តស្ថិតនៅក្នុងស្ថានភាពពហុប៉ូល និងកំពុងប្រកួតប្រជែងឥតឈប់ឈរលើបញ្ហាភូមិសាស្ត្រនយោបាយ ដែលងាយបង្កជាផលវិបាកដល់ប្រទេសតូចៗនិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថិតក្នុងស្ថានការណ៍បែបនេះអ្នកសារព័ត៌មានខ្លះ ត្រូវបានបំភ័ន្ត និងចាប់យកទៅប្រើប្រាស់ជាអំណាចទន់ជួរមុខសម្រាប់បម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ។ ជាមួយគ្នានេះដែរ ឥទ្ធិពលនៃមនោគមន៍វិជ្ជាបានបង្កើតឱ្យមានការរីកសាយភាយនូវ ព័ត៌មានក្លែងក្លាយ សារញុះញង់បំបែកបំបាក់សាមគ្គី និងឧបាយកលបំផុសបដិវត្តន៍ពណ៌ រួមទាំងការចិញ្ចឹមប្រើប្រាស់សង្គ្រាម ដែលកំពុងកើតមាននៅចំពោះមុខរបស់យើងដូចជានៅប្រទេសអ៊ុយក្រែន និងនៅប្រទេសស៊ូដង់ជាដើមដើម្បីផលប្រយោជន៍ដែលមិនស្មោះត្រង់។

 

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ផងដែរថាពិភពលោក គឺគ្មានស្តង់ដារនោះទេ។ ដូច្នេះតម្លៃនៃសេរីភាពរបស់ប្រជាជាតិមួយ ក៏មិនចំណុះនៅលើការដាក់ចំណាត់ថ្នាក់របស់ជនបរទេសមួយក្រុមណានោះដែរ។ យើងបានដឹងច្បាស់ថាពិភពលោកសព្វថ្ងៃ គឺមានបញ្ហារួម និងក៏មានបញ្ហាដោយឡែកដែរ។ទោះក្នុងបរិបទខាងលើនេះក៏ដោយ ... សូមលើកទឹកចិត្តដល់សារព័ត៌កម្ពុជា បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ពស់បំផុត និងបន្តបំពេញតួនាទីដ៏មានតម្លៃដល់មនុស្សជាតិនិងសង្គមជាតិរបស់យើង។ ការផ្សាយការពិតលើកតម្កើងប្រទេសជាតិរបស់ខ្លួន គឺគ្មានអ្វីខុសទេ ហើយក៏មិនប្រាស់ចាកវិជ្ជាជីវៈនិងមិនបាត់បង់ឯករាជ្យភាពរបស់ខ្លួននោះដែរ។ យើងយល់ស្របចំពោះការលើកឡើងថា៖ «បើយើងជាខ្មែរមិនប្រឹងប្រែងធ្វើ តើនរណានឹងមកធ្វើជំនួសយើង?»

 

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទទួលស្គាល់ថា វិស័យសារព័ត៌មាននៅប្រទេសកម្ពុជាយើង នៅប្រឈមបញ្ហាមួយចំនួនរួមមាន បញ្ហាហិរញ្ញវត្ថុ សុវត្ថិភាពការងារ សិទ្ធិទទួលបានព័ត៌មាន រួមទាំងសមត្ថភាពធនធានមនុស្សរបស់យើង លើផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យានៅមានកម្រិត។ ទោះបីជាយ៉ាងណាក៏ដោយ... សូមលើកទឹកចិត្តដល់អ្នកសារព័ត៌មានបន្តជម្នះការប្រឈមនេះ និងបន្តបំពេញ ការងារដោយឈរលើភាពត្រឹមត្រូវ មានសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងដោយគ្មានការភ័យខ្លាច។

 

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានមោទនភាពចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមានវប្បធម៌សម្បូរបែបដ៏អស្ចារ្យ និងកំពុងក្លាយទៅជាប៉ូលទេសចរណ៍មួយរបស់ពិភពលោក។បន្ថែមពីនេះមោទនភាពដែលប្រជាជនកម្ពុជាកំពុងមាន គឺកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ឧត្តមភាពរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ កំពុងត្រូវបានផ្សព្វផ្សាយតាមរយៈ វប្បធម៌ដ៏អស្ចារ្យ តាមរយៈកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងតាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំនេះ។ ក្នុងឆ្នាំ២០២៣នេះដែរ កម្ពុជា នឹងរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដាខាងមុខ ដែលជាឱកាសសម្រាប់ប្រជាជនជ្រើសរើសមេដឹកនាំដែលប្រកបដោយ លក្ខណៈសម្បត្តិ និងគុណសម្បត្តិ ដើម្បីបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត និងក៏ជាការពង្រឹងដំណើរការប្រជាធិបតេយ្យឱ្យកាន់តែរឹងមាំ។ កម្ពុជា ពិតជាមានជម្រើសដ៏ល្អមួយដែលឆ្លើយតបរួមសម្រាប់ទាំងអស់គ្នា នោះគឺកម្ពុជា ត្រូវតែជាប្រទេសមួយមាន«សន្តិភាពជាអចិន្ត្រៃយ៍» ដើម្បីធានាវិបុលភាព និងបន្តការរីកចម្រើនដោយចីរភាព។ ...សូមលើកទឹកចិត្តដល់សារព័ត៌មានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ជាតិទាំងនេះឱ្យបានទូលំទូលាយ។

 

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ នេះដែរ សូមទាញការចាប់អារម្មណ៍លើ៤ចំណុច បន្ថែមដូចតទៅ៖

ទី១. នៅលើពិភពលោក មិនថានៅប្រទេសតូចឬប្រទេសធំនោះទេគឺគ្មានប្រទេសណាមួយដែលគ្មានតួនាទីរបស់រដ្ឋាភិបាលនៅក្នុងការដឹកនាំរដ្ឋនោះទេ។ នៅប្រទេសណាដែលមានរដ្ឋាភិបាលរឹងមាំគឺប្រទេសនោះធានាបានស្ថេរភាពនិងការរីកចម្រើនលើគ្រប់វិស័យ។កិច្ចសហការ គឺជាយន្តការការងារសកល ដែលជួយធ្វើឱ្យរាល់ដំណើរការគ្រប់វិស័យប្រព្រឹត្តិទៅដោយស៊ីសង្វាក់គ្នា បំពេញឱ្យគ្នានិងទទួលបានលទ្ធផល។ អង្គភាពស្ថាប័ននានារដ្ឋាភិបាល គឺជាប្រភពព័ត៌មានគ្រប់ទម្រង់ ទាំងការផ្តល់ព័ត៌មាន ការបកស្រាយ ការបំភ្លឺ ឆ្លើយតប និងការផ្ទៀងផ្ទាត់ជាដើម។ បើអ្នកទាត់ចោលប្រភពដ៏ធំនិងសំខាន់នេះ សំណួរថាតើអ្នកយកមូលដ្ឋានអ្វីសម្រាប់យកមកសរសេរព័ត៌មានមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ? សំខាន់ជាងនេះ គឺអ្នកបានបំផ្លាញចោល «គោលការណ៍តុល្យភាពក្នុងព័ត៌មាន» ផងដែរ។ ក្នុងន័យនេះ គ្មានកិច្ចសហការ គឺប្រែមកថា ធ្វើឱ្យអសកម្មឬធ្វើឱ្យអ្នកខ្សោយ។កិច្ចសហការរវាងសារព័ត៌មានជាមួយអ្នកនាំពាក្យ របស់អង្គភាពស្ថាប័ននានារបស់រដ្ឋាភិបាល រួមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយគឺជាកិច្ចការដ៏ត្រឹមត្រូវ។កិច្ចសហការដើម្បីទទួលបានព័ត៌មាន ក៏មិនមានន័យថា ទៅជាការចំណុះ ឬបាត់ឯករាជ្យភាពនោះទេ។ផ្ទុយទៅវិញ ការមិនសហការនោះទេ ដែលធ្វើឱ្យការងារមិនពេញលេញ។ ពេលខ្លះទៀត វិទ្យុ កាសែតខ្លះ បានដើរតួនាទីលើសនិងឈានទៅធ្វើការងាររបស់សមត្ថកិច្ច ចៅក្រម ឬបង្កើតខ្លឹមសារញុះញង់ដែលនាំឱ្យខុសឆ្គង ហើយ ខ្លះគេចវេះការទទួលខុសត្រូវ មិនហ៊ានកែតម្រូវ ដែលទីបំផុតនាំទៅដល់ភាពអាប់ឱនទៅវិញ។

 ទី២. យើងពិតជាមានការសោកស្តាយចំពោះ អង្គការនិងជនបរទេសខ្លះ ដែលនាំកាសែតឱ្យទាមទារសេរីភាពបែបរំអួយតាមរបៀបអ្នកទន់ខ្សោយ និងមិនប្រាកដនិយម។ បើអ្នកយល់ថាសេរីភាពទាល់តែគេផ្តល់ឱ្យ ទាល់តែសុំពីគេ នោះគឺជាការជឿដ៏ឆោតល្ងង់។ សារព័ត៌មានគួរចងចាំថា សេរីភាពមិនអាចកាត់ផ្តាច់ពីការទទួលខុសត្រូវ ហើយ សេរីភាព ក៏មិនអាចបានមកដោយគ្មានការបង់ថ្លៃនោះទេ«Freedom is not Free»

 ទី៣. គេមិនគួរបន្តយល់ច្រឡំភាពខុសគ្នារវាង«សេរីភាព» និង«ភាពជ្រុលនិយម»នោះទេ។សេរីភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន គឺជាលំហនៃសិទ្ធិទទួលព័ត៌មាន និងជាលំហនៃការផ្សព្វផ្សាយព័ត៌មាន ដោយគ្មានព្រំដែន។ ក៏ប៉ុន្តែ ការបំពាក់បំប៉នកាសែតឱ្យប្រឆាំងរដ្ឋាភិបាលរបស់ខ្លួនឯង គឺជាជំងឺនៃមនោគមន៍វិជ្ជារបស់ជនបរទេសដែលនាំដល់ភាពជ្រុលនិយមតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ភ្នាក់ងារបរទេសខ្លះ ក៏មិនគួរប្រឹងទាញយកឱកាសទិវាសេរីភាពព័ត៌មាន  ធ្វើជាឧបករណ៍សិទ្ធិនយោបាយរបស់ខ្លួននោះទេ ដែលជាហេតុធ្វើឱ្យអ្នកកាសែតរងគ្រោះ។

 ទី៤. សហគមន៍សារព័ត៌មាននៅប្រទេសកម្ពុជា គឺមានចំនួនក្នុងរង្វង់ពី៣ពាន់ទៅ៤ពាន់នាក់ប៉ុណ្ណោះ។ ផ្នត់គំនិតដ៏អាក្រក់មួយរបស់អង្គការនិងភ្នាក់ងារបរទេសខ្លះ គឺបានប្រឹងបំបែក និងបែងចែកគ្នាម្ខាងសារព័ត៌មានសេរី ម្ខាងសារព័ត៌មានឯករាជ្យ ឬក៏ហៅថាជាយ៉ាងនេះ ឬក៏ជាយ៉ាងនោះ។ យើងគួររួមគ្នាលុបបំបាត់នូវវប្បធម៌រើសអើង ក្នុងចំណោមសហគមន៍ដ៏តូចមួយនេះ។ អ្នកសារព័ត៌មានគឺជាអ្នកសារព័ត៌មាន។ តម្លៃរបស់សារព័ត៌មាន គឺការផ្តល់ព័ត៌មានពិតនិងចំណេះដឹង ដែលមានប្រយោជន៍បម្រើដល់សាធារណជន។ នេះគឺកិច្ចការចម្បងរបស់យើង។ ផ្ទុយទៅវិញ ការបន្តប្រឹងបែងចែករបៀបនេះ គឺបង្កើតត្រឹមលទ្ធផលនៃការរើសអើង និងភាពជ្រុលនិយម។សារព័ត៌មានដែលតើតួនាទីជាកញ្ចក់ភ្លឺដល់សង្គម គឺជាប្រការដែលគួរលើកទឹកចិត្តនិងសាទរ។ ប៉ុន្តែការប្រើប្រាស់តួនាទីក្រោមស្លាកសេរីភាព បង្កើតកំហុសដាក់អ្នកដទៃគឺជាទង្វើអសីលធម៌។

 

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមចូលរួមអបអរសាទរនិងកោតសរសើរដល់ សមាគម ក្លិបសម្ព័ន្ធ និងគ្រឹះស្ថានរួមទាំងក្រសួងស្ថាប័ននានា ដែលបានប្រឹងប្រែងជាប្រចាំ បើកវគ្គបណ្តុះបណ្តាល ស្តីពីសារព័ត៌មាន ដើម្បីចែករំលែកបទពិសោធន៍ចំណេះដឹង ដែលជាសេចក្តីត្រូវការឥតឈប់ឈរក្នុងការអភិវឌ្ឍសមត្ថភាពសារព័ត៌មានជាបន្តបន្ទាប់។ ... ក៏មានសេចក្តីរំពឹងថា ភាគីពាក់ព័ន្ធនឹងបានអង្គុយជុំគ្នា ដើម្បីពិនិត្យនិងពិភាក្សាបន្ថែមទៀតថា តើយើងចង់បានលំហសេរីភាពសារព័ត៌មានទូលំទូលាយបែបណា ហើយតើសារព័ត៌មានគប្បីបង្កើនសមត្ថភាពនិងក៏មានតម្រូវការបែបណាបន្ថែមទៀត សម្រាប់ការបំពេញតួនាទីឱ្យកាន់តែមានគុណតម្លៃរួមចំណែកដល់សង្គមជាតិរបស់យើង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖