ព័ត៌មានទាន់ហេតុការណ៍៖

តើមានការធានាទេថានឹងមិនមានការធ្វើរដ្ឋប្រហារនៅថៃទៀតបើត្រកូលស៊ីណាវ៉ាត្រាជាប់ឆ្នោត

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា ប្រមុខកងទ័ពជើងគោកថៃ ដែលជាតំណែងមានឥទ្ធិពលធំបំផុតនៅក្នុងជួរយោធានៃប្រទេសថៃ បានសន្យាថានឹងពុំមានរដ្ឋប្រហារឡើយ ស្របពេលដែលក្រុមគណបក្សនយោបាយកំពុងធ្វើយុទ្ធនាការឃោសនាសម្រាប់ថ្ងៃចុងក្រោយ មុនការបោះឆ្នោតសកលនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលអាចនឹងមើលឃើញរដ្ឋាភិបាលបច្ចុប្បន្នដែលគាំទ្រដោយយោធា ត្រូវបានបោះឆ្នោតទម្លាក់ចេញពីអំណាច។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតអគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ហើយជាអតីតមេដឹកនាំរដ្ឋប្រហារឆ្នាំ២០១៤ ត្រូវគេរំពឹងថា អាចនឹងទទួលបរាជ័យក្នុងការបោះឆ្នោតសកល ជាហេតុនាំឱ្យមានការព្រួយបារម្ភថា យោធាថៃប្រហែលនឹងព្យាយាមនៅបន្តក្រាញអំណាចមិនព្រមចុះចេញ។ ចំពោះមុខក្តីបារម្ភនេះ អគ្គមេបញ្ជាការទ័ពជើងគោកថៃបច្ចុប្បន្ន គឺលោកឧត្តមសេនីយ៍ ណារ៉ុងផាន់ ជីតកែវថែ (Narongpan Jitkaewthae) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍នេះថា នឹងមិនមានការវិលត្រឡប់ទៅរករបបដឹកនាំដោយយោធាតទៅទៀតឡើយ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋប្រហារយោធាដែលបានកើតឡើងពីមុនៗមក គឺមានផលប៉ះពាល់អវិជ្ជមានជាខ្លាំង។
ការបោះឆ្នោតសកលនាថ្ងៃអាទិត្យសប្តាហ៍នេះ នឹងជាការប្រកួតប្រជែងគ្នាជាចម្បងរវាងក្រុមប្រឆាំង ដឹកនាំដោយគណបក្ស ភឿថៃ ដែលមានអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ ជាបេក្ខភាពនាយករដ្ឋមន្រ្តីដ៏មានប្រជាប្រិយភាព ហើយនិងក្រុមអភិរក្សនិយមគាំទ្រដោយយោធា ដែលដឹកនាំដោយយលោក ប្រាយុទ្ធ។ អ្នកនាង ផែថោងថាន គឺជាកូនស្រីអាយុ៣៦ឆ្នាំរបស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់។ ស្របពេលដែលបក្ស ភឿថៃ និងអ្នកនាង ផែថោងថាន ទទួលបានសំឡេងគាំទ្រខ្ពស់រហូតមកក្នុងការស្ទង់មតិជាបន្តបន្ទាប់ក៏ដោយ ក៏ការឈ្នះបានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភាថៃ នឹងមិនធានាថាអាចឡើងកាន់អំណាចតែម្តងនោះឡើយ។
នាយករដ្ឋមន្រ្តីថៃ នឹងត្រូវជ្រើសរើសដោយសមាជិកទាំង៥០០នាក់ នៅក្នុងរដ្ឋសភា ព្រមទាំងសមាជិកទាំង២៥០នាក់ នៅក្នុងព្រឹទ្ធសភា ខណៈដែលសមាជិកព្រឹទ្ធសភាទាំងនោះ គឺត្រូវបានតែងតាំងដោយអតីតរបបយោធារបស់លោក ប្រាយុទ្ធ ដែលប្រការនេះធ្វើឱ្យក្រុមគណបក្សគាំទ្រដោយយោធាមានប្រៀបខ្ពស់ជាង។ ដូច្នេះហើយទើបគណបក្ស ភឿថៃ កំពុងប្រឹងប្រែងអំពាវនាវឱ្យក្រុមគាំទ្រផ្តល់ជ័យជម្នះដែលភ្លូកទឹកភ្លូកដី ដើម្បីកុំឱ្យយោធាអាចនៅរក្សាអំណាចបានតទៅទៀត ដូចអ្វីដែលបានកើតឡើងក្នុងការបោះឆ្នោតសកលឆ្នាំ២០១៩ នៅពេលលោក ប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែការគាំទ្ររបស់ព្រឹទ្ធសភា។
គួរបញ្ជាក់ផងដែរថា គ្រួសារត្រកូល ស៉ីណាវ៉ាត់ សុទ្ធតែត្រូវបានយោធាធ្វើរដ្ឋប្រហារ ក្រោយក្លាយជានាយករដ្ឋមន្រ្តី។ លោក ថាក់ស៉ីន គឺត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារយោធាឆ្នាំ២០០៦ ខណៈប្អូនស្រីលោក គឺលោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ ដែលត្រូវបានជាម្តាយមីងរបស់អ្នកនាង ផែថោងថាន គឺត្រូវបានទម្លាក់ចេញពីអំណាច ក្នុងរដ្ឋប្រហារយោធាឆ្នាំ២០១៤ ដែលដឹកនាំដោយលោក ប្រាយុទ្ធ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ tuoitre.vn


ចែករំលែក៖