ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងនាមជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក តើប្រទេសចិន ត្រូវផ្តោតលើអ្វី?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានឲ្យដឹងថា ៖ ការរាតត្បាតជំងឺកូវីដ-១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យនៃសេដ្ឋកិច្ចពិភពលោក។ ខ្សែច្រវាក់ផ្គត់ផ្គង់សកលដែលរងផលប៉ះពាល់ ត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ, ហើយគំរូធុរកិច្ចត្រូវបានកែសម្រួល និងរៀបចំសាជាថ្មី។ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និងការវិនិយោគថ្មីដែលមិនធ្លាប់មានពីមុនមក ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឱកាសអញ្ជើញជាអធិបតី បើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយប្រទេសចិន បានព្យាករថា ការអភិវឌ្ឍគុណភាពខ្ពស់របស់ចិនក្នុងរយៈពេលមធ្យមទៅវែង នឹងត្រូវបានជំរុញដោយ «កម្លាំងផលិតភាពថ្មី» ដូចជា បញ្ញាសិប្បនិម្មិត (AI), សេដ្ឋកិច្ចឌីជីថល, មនុស្សយន្ត, សេដ្ឋកិច្ចរយៈកម្ពស់ទាប (ឧ. ដ្រូន), វត្ថុធាតុដើមផលិតថ្មី និង ឧស្សាហកម្មនវានុវត្តន៍ផ្សេងទៀត។ ជាមួយគ្នានោះ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា «ប្រទេសចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ដូច្នេះនៅពេលដែលចិនផ្តោតលើការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់, ខ្ញុំជឿជាក់ថា តំបន់ទាំងមូលពិតជាទទួលបានផលប្រយោជន៍ពីការតម្រង់ទិសគោលនយោបាយបែបនេះដែរ»។

ជាក់ស្ដែងតាមរយៈ គំនិតផ្ដួតផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងទំនាក់ទំនងទ្វេភាគីរឹង មាំរបស់យើង ធូរកិច្ចចិន បានដើរឈានមុខគេ ក្នុងនាំយកភាពជឿលឿន ផ្នែកបច្ចេកវិទ្យា ។ ទំនាក់ទំនងវប្បធម៌ចាក់ឫសយ៉ាងជ្រៅរបស់យើង រួមផ្សំជាមួយនឹងទំនាក់ទំនងអន្តររដ្ឋាភិបាលដ៏រឹងមាំបានបង្កើតបរិយាកាសអំណោយផលពិសេសមួយសម្រាប់ការរីកចម្រើនរបស់វិនិយោគចិន។ 

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «យើងយល់ថាពេលវេលាមានតម្លៃសម្រាប់អាជីវកម្មដែលនេះជាមូលហេតុដែលយើងទទួលបានដំណើរការចុះបញ្ចីក្រុមហ៊ុនមានលក្ខណៈឌីជីថល យើងបានសម្រួលដល់ដំណើរការអនុម័តការវិនិយោគ។  ជាងនេះទៅទៀតខ្ញុំបានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់ខ្ញុំ ក្នុងការគាំទ្រអាជីវកម្ម។ ទីមួយគឺ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរ ផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមដាននិន្នាការសកល និងធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង។ មួយទៀតគឺ គណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព»។

ទន្ទឹមគ្នា សម្តេចបវរធិបតី ថ្លែងចង់បញ្ជាក់ ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយតែងតែនៅជួយគាំទ្រដល់អ្នកគ្រប់ជំហាន។

ជាមួយគ្នានេះ សម្តេចបវរធិបតី បានធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី ដោយសន្យាថា រាជរដ្ឋាភិបាលរបស់សម្តេច នឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕

ដោយ ៖ សិលា


ចែករំលែក៖