ព័ត៌មានទាន់ហេតុការណ៍៖

របាំព្រះរាជទ្រព្យបែបមុខសខ្មែរ នឹងលើកមកសម្ដែងរំលឹកអនុស្សាវរីយ៍​ឆ្នាំ​១៩០៦

ចែករំលែក៖

ភ្នំពេញ៖ របាំ​ព្រះ​រាជ​ទ្រព្យ​បែប​មុខ​ស​ខ្មែរ​ រឿង “នាងវឌ្ឍនាទេវី” ដឹកនាំដោយ សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី នឹងត្រូវ​លើក​មក​សម្ដែង​ជូន​ទស្សនិកជន​ទាំង​អស់​បាន​ទស្សនា ​នៅដើមឆ្នាំ២០១៩នេះ នៅសាលសន្និសីទចតុមុខ។ ការសម្តែងនេះ ក៏ជាការំលឹកអនុស្សាវរីយ៍ឆ្នាំ១៩០៦ឲ្យត្រឡប់មកវិញផងដែរ ។

ទស្សនីយភាពដ៏កម្រនេះ មានគោលបំណងដើម្បីផ្ដល់ឱកាសដល់សាធារណជន និងជនបរទេស បានទស្សនាការសម្ដែង និងស្វែងយល់អំពី របាំព្រះរាជទ្រព្យខ្មែរ ដែលយកនូវបែបបទនៃចលនាក្បាច់រាំ សម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់នាដកា តាមលំនាំឆ្នាំ១៩០៦ ។

នាដការបាំបុរាណជាច្រើននាក់ដែលមាន​​មាន​ទេពកោសល្យ និង​ជំនាញ​ប៉ិន​ប្រសប់​ ត្រូវបានរើសរៀបចំ និងធ្វើការហ្វឹកហាត់រួចជាស្រេចក្នុង​ការ​នាំ​យ​ក​ទម្រង់​សិល្បៈ​ដ៏​អស្ចារ្យ ព្រម​ទាំង​នាំ​អនុស្សាវរីយ៍​ឆ្នាំ ១៩០៦ ​ត្រលប់​មក​វិញ​។ ការរៀបចំនេះ ប្រើពេលស្ទើរតែពេញមួយឆ្នាំ ដើម្បីប្រមូលគំនិត បង្កើតជាសាច់រឿងនិទាន និងក្បាច់រាំ ក្នុងការបង្ហាញដំណើររឿង “នាងវឌ្ឍនាទេវី” តាមរយៈទម្រង់សិល្បៈនៃរបាំព្រះរាជទ្រព្យ។

សម្ដេចព្រះរាម នរោត្តម បុប្ផាទេវី បានដឹកនាំនិងហ្វឹកហាត់អ្នករបាំ សម្រាប់ការសម្ដែងនេះដោយផ្ទាល់ ដើម្បីធ្វើឲ្យការសម្ដែង “នាងវឌ្ឍនាទេវី” ផ្ដល់ឲ្យទស្សនិកជន នូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ។ លោកបញ្ជាក់ថា ​ អ្នក​ទស្សនា​ ​នឹង​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​កំពុង​តែ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​អតីតកាល​ ព្រម​ទាំង​ស្វែង​យល់​ពី​ពិភព​នៃ​រឿង​ព្រេង ​ដែល​ទាក់​ទង​​នឹង​ដើម​កំណើត​ប្រជាជន និង​វប្បធម៌​ខ្មែរ។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះ នឹង​ចាប់​ផ្ដើម ​រយៈ ពេល​២​ថ្ងៃ ​គឺ​ ថ្ងៃ​ទី​១៨ និង​ ទី​១៩ ​ខែ​មករា ​២០១៩ នៅ​​សាល​មហោស្រព​ចតុមុខ វេលា​ម៉ោង ​៦​​:៣០ ​នាទី​ល្ងាច។ ដោយ​ឡែក ​​​ថ្ងៃ​សៅរ៍ ​ទី​១៩ ​ខែ​មករា ​ឆ្នាំ ​២០១៩ ​វេលា​ម៉ោង ​៣:៣០ រសៀល (សម្រាប់​ ​សិស្ស​ និស្សិត​ និង​មនុស្ស​អាយុ​ក្រោម​២៥​ឆ្នាំ​ក្នុងតម្លៃសំបុត្រ២ម៉ឺនរៀល។

ចំពោះ​ទី​តាំង​លក់​សំបុត្រ​ លោក​អ្នក​អាច​ស្វែង​រក​នៅ​វិទ្យាស្ថាន​បារាំង ​នៅ​សាល​មហោស្រព​ចតុ​មុខ ។អ្នកទិញសំបុត្រក៏នឹងមានការចាប់រង្វាន់សម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕ វឌ្ឍនា


ចែករំលែក៖