រហូតដល់សព្វថ្ងៃនេះ នៅកន្លែងខ្លះក្នុងរដ្ឋកម្ពុជា តែកាលណាមានភ្លៀងធ្លាក់ជ្រាយដីល្មមចាប់ប្រកបរបរធ្វើស្រែហើយ គេច្រើនឃើញអ្នកស្រែធ្វើច្រម១ ដាក់បាយ សម្ល នំចំណី យកទៅដោតសែននៅក្នុងស្រែរបស់ខ្លួន ដើម្បីឲ្យស្រូវបានផលច្រើន ហើយគេតែងហៅពិធីនេះថា “សែនព្រះភូមិ” ។ ទំនៀមសែនព្រះភូមិនេះ តាមការស្រាវជ្រាវនៃក្រុមទំនៀមទម្លាប់ឃើញថា មានទំនាក់ទំនងតាំងពីពុទ្ធសម័យមកដែរ ប៉ុន្តែកាលនោះ គេបូជានាងយក្ខិនី ដើម្បីសួរដំណឹងទឹកភ្លៀង ។ លុះយូរៗ មក អ្នកស្រុកភ្លេចរឿងដើម ក៏ស្មានថា ការសែនព្រះភូមិនេះ គឺសែនទេវតាដែលរក្សាផែនដីនេះទៅវិញ ប៉ុន្តែ ទោះជាយល់ដូច្នោះ ក៏មិនជាការខុសឆ្ងាយចាកហេតុដើមប៉ុន្មានដែរ ។
មានដំណាលក្នុងគម្ពីរធម្មបទថា ក្នុងសម័យពុទ្ធកាល មានកុដុម្ពីក៍ម្នាក់ ជាអ្នកស្ដុកស្ដម្ភដោយទ្រព្យសម្បត្តិ ប៉ុន្តែ ប្រពន្ធជាស្រីអារ គ្មានកូនសោះ ។ មាតារបស់កុដុម្ពីក៍ ក៏ត្រិះរិះថា “បើកូនអញគ្មានកូននឹងតក្នុងវង្សត្រកូលដូច្នោះ តើបានអ្នកណានឹងរក្សាទ្រព្យសម្បត្តិទៅទៀត” ។ គំនិតនោះមិនបាត់ស្ងាត់ ក៏ដឹងទៅដល់នាងភរិយាដើម ។ នាងភរិយាដើមគិតថា បើប្ដីអញមានប្រពន្ធចុង ហើយនាងនោះមានកូន គេមុខជានឹងបានគ្រប់គ្រងទ្រព្យសម្បត្តិ ធ្វើជាធំក្នុងផ្ទះសម្បែងនេះពុំខាន ឯខ្លួនអញក៏មុខជានឹងថយមុខមាត់ ពុំមានអ្នកណារាប់អានឡើយ បើដូច្នោះ គួរអញចេញមុខទៅដណ្ដឹងប្រពន្ធជួសម្ដាយក្មេក ដើម្បីឲ្យនាងប្រពន្ធចុងគោរពខ្លាចអញ ។
បន្ទាប់មក នាងនោះ ក៏ចូលទៅនិយាយនឹងម្ដាយក្មេក ដើម្បីធានាទៅដណ្ដឹងប្រពន្ធឲ្យប្ដី ។ ម្ដាយក្មេកក៏ព្រម ។ លុះបានប្រពន្ធថ្មីមកមិនយូរប៉ុន្មាន នាងនោះមានគភ៌មែន ។ នាងប្រពន្ធដើមដឹងដូច្នោះ ក៏ផ្សំថ្នាំលាយនឹងចំណីឲ្យនាងនោះបរិភោគ ។ កូនដែលទើបនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនោះ ក៏រលូតចេញមក មួយលើកជាពីរលើក ។ លុះដល់លើកទី ៣ ឱសថដែលនាងប្រពន្ធដើមផ្សំឲ្យនោះ មិនត្រឹមតែធ្វើឲ្យអន្តរាយទារក ថែមទាំងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតម្ដាយផង ។ មុននឹងស្លាប់ នាងនោះដឹងថា “ខ្លួនដែលដល់នូវសេចក្ដីអន្តរាយនេះ មិនគឺអ្នកឯណាក្រៅអំពីរូបប្រពន្ធដើមជាអ្នកធ្វើឡើយ” ក៏ចងពៀរវេរានឹងនាងប្រពន្ធដើមថា “មីប្រពន្ធដើមនេះ ចិត្តវាខ្មៅណាស់ វាធ្វើថ្នាំពន្លូតសម្លាប់កូនអញ មួយលើកជាពីរលើក លើកនេះស្លាប់ទាំងខ្លួនអញទៀត ដើម្បីនឹងសះគំនុំចិត្ត សូមឲ្យខ្ញុំកើតជាតិណាៗទៅ ឲ្យបានស៊ីកូនវាវិញ” ថាតែប៉ុណ្ណេះ នាងនោះ ក៏ធ្វើមរណកាលទៅ ហើយអន្ទោលយកកំណើតជាសត្វឆ្មា ។ ឯប្រពន្ធដើម លុះស្លាប់ទៅ ក៏ទៅយកកំណើតជាសត្វមាន់ ។ មេមាន់នោះ កាលបើបានពងពេញសំបុកកាលណា សត្វឆ្មាទៅខាំស៊ីអស់រលីង លុះដល់កើតជាគម្រប់បី មេមាន់ក៏ចងពៀរនឹងឆ្មាថា “កើតជាតិក្រោយសូមឲ្យបានស៊ីកូនឆ្មាវិញ” រួចក៏ដាច់ខ្យល់ស្លាប់ទៅ ។ លុះជាតិជាបន្ទាប់មកទៀត ឆ្មានោះ ក៏អន្ទោលជាតិជាមេម្រឹគ, ឯមេមាន់ ចាប់កំណើតជាសត្វខ្លា ។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះ តែងទៅខាំស៊ីកូនអស់ គម្រប់បីលើក ដូចន័យមុនទៀត ។ ជាតិជាបន្តមកទៀត ខ្លានោះ ទៅកើតជានាងកុលធីតា, ឯមេម្រឹគ ទៅកើតជានាងយក្ខិនី ។ ក្នុងពេលដែលនាងកុលធីតានោះមានកូន ស្រាប់តែនាងយក្ខិនីនោះ ធ្វើជាម្រាក់មកសួរសុខទុក្ខ ហើយបន្លំចាប់កូននោះស៊ីទៅ ។ លុះវារជាគម្រប់បី នាងកុលធីតានាំប្ដីប្រពន្ធព្រមទាំងកូនទៅងូតទឹកស្រះ ។ នៅពេលដែលងូតរួច ហើយបីកូនអង្គុយចាំប្ដី នាងចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅពីចម្ងាយមក ។ នាងយល់ច្បាស់នូវសេចក្ដីអន្តរាយ ក៏បីកូនស្ទុះរត់គេច ។ លុះរត់ទៅៗ ក៏ទៅដល់វត្តជេតពន គាប់ជួនពេលនោះ ព្រះពុទ្ធអង្គកំពុងប្រទានធម៌ទេសនា នៅកណ្ដាលប្រជុំជនពុទ្ធបរិស័ទ ។ នាងកុលធីតាភ័យណាស់ យកកូនទៅដាក់ទៀបព្រះបាទព្រះអង្គ ហើយស្រែកយំអង្វរព្រះអង្គថា សូមព្រះអង្គជួយកុំឲ្យយក្ខិនីស៊ីបាន ។ នាងយក្ខិនីតាមមកដល់កំពែងវត្ត លុះឃើញមនុស្សកុះករ មិនហ៊ានចូល ក៏ឈររេរានៅក្រៅកំពែង ។ ព្រះពុទ្ធអង្គ ទ្រង់ត្រាស់ប្រើអានន្ទទៅហៅនាងយក្ខិនីនោះឲ្យចូលមក ។ កាលបើនាងយក្ខិនីនោះចូលមកក្រាបថ្វាយបង្គំព្រះអង្គ ទើបព្រះអង្គទ្រង់នាំអតីតនិទាន “អំពីការចងពៀរ ដែលមិនអាចរម្ងាប់ដោយពៀរ” មកសម្ដែងប្រាប់ រួចទ្រង់ត្រាស់ផ្សះផ្សារនាងទាំងពីរនាក់ ឲ្យលែងកាន់ចិត្តគំនិតគុំកួននឹងគ្នា ហើយឲ្យទុកដាក់គ្នាជាបងជាប្អូនតទៅ ។ នាងយក្ខិនីទូលសួរព្រះអង្គថា តើឲ្យនាងរស់របៀបណា ? បើនាងធ្លាប់តែរស់ដោយចាប់មនុស្សសត្វជាអាហារ យ៉ាងហ្នឹងទៅហើយ បើព្រះអង្គឲ្យនាងកាន់សីល តើនាងអាចនឹងចិញ្ចឹមជីវិតបានបែបណា ? ។ កាលនោះ ព្រះពុទ្ធអង្គ ទើបត្រាស់បង្គាប់ឲ្យនាងកុលធីតាយកនាងយក្ខិនីទៅចិញ្ចឹម ។ នាងយក្ខិនីនោះ ចេះមើលដំណើរទឹកភ្លៀង ។ ហេតុនេះបើនាងដឹងថា ឆ្នាំនេះភ្លៀងតិច នាងបង្គាប់នាងកុលធីតាឲ្យធ្វើស្រែជ្រៅ បើឆ្នាំនោះ មានភ្លៀងច្រើន ត្រូវធ្វើស្រែទួល ។ មិនយូរប៉ុន្មាន នាងកុលធីតា ក៏ទៅជាអ្នកមានទ្រព្យសម្បត្តិ ដោយសារបានផលស្រូវច្រើន ។ អ្នកជិតខាង ឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះ នឹកឆ្ងល់ ក៏នាំគ្នាទៅសួរ នាងក៏ប្រាប់តាមដំណើរ ។ បន្ទាប់មក តែជិតដល់រដូវធ្វើស្រែ អ្នកជិតខាង តែងនាំគ្នាយកចំណីទៅជូននាងយក្ខិនី ដើម្បីសួរដំណឹងទឹកភ្លៀង ។ ក្រោយមក នាងយក្ខិនីដែលធ្លាប់តែនៅក្នុងព្រៃ កើតក្ដីអផ្សុក មិនចេះនៅក្នុងស្រុកដែលឮសូរតែសំឡេងត្បាល់អង្រែមិនឈប់ឈរ ក៏សុំនាងកុលធីតាទៅនៅឯស្រែឆ្ងាយអំពីស្រុកភូមិ ។ នាងកុលធីតា ក៏ទៅសង់រោងមួយឲ្យទៅនៅក្រៅស្រុក ។ អ្នកស្រុកអ្នកភូមិ ដែលធ្លាប់តែយកឥវ៉ាន់ទៅបូជានាងយក្ខិនីដើម្បីសួរដំណឹងទឹកភ្លៀង ក៏យកឥវ៉ាន់តាមទៅបូជានាងយក្ខិនី ឯស្រែឆ្ងាយនោះទៀត ។
រឿងបូជានេះ យូរទៅ លុះអស់អំពីនាងយក្ខិនីទៅ ក៏ក្លាយទៅជាទំនៀមបូជាព្រះភូមិ ដើម្បីឲ្យធ្វើស្រូវបានផលច្រើនទៅវិញ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)