សត្វតាដក់ឬត្រដក់បានជាមានក្បាលតម្ពែក(ទំពែក) ព្រោះហេតុត្រូវសត្វដទៃទៀត ខោក-ថង ទាល់តែរបើករុះសក់អស់ ដូចមានសេចក្ដីនិទានតទៅនេះ ៖
រឿងបុរាណមួយដំណាលថា មានសត្វតាដក់ចាស់មួយដើរស្វែងរកអាហារ សព្វទិសទីភូមិស្ថាន ដោយសារខ្លួនជរាបន្តិចទៅផង ម្ល៉ោះហើយភ្នែកក៏មិនសូវប៉ិនមើលផ្លូវ ឬសត្វតូចតាច ក៏ពុំសូវឃើញ ។
តាដក់ដើរទៅ ៗ ស្ទើរដាច់សង្វែង ក៏ទៅជាន់លើកូនក្រូច ដែលពួនជ្រកនៅក្នុងគុម្ពត្រែង ស្លាប់បង់ជីវិតទៅ ។ មេក្រួចក្ដៅចិត្តខ្លាំងណាស់ តែមិនដឹងធ្វើដូចម្ដេច ព្រោះខ្លួនតូចតាច ពុំហ៊ានតវ៉ាជាមួយនឹងតាដក់ដែលមានមាឌធំជង្គ្រោងនោះឡើយ ។
មេក្រួចដើរស្វែងរកសត្វណាដែលស្លូតបូត មានគតិទៀងត្រង់អាចរកយុត្តិធម៌ឲ្យខ្លួនបាន ខ្លួននឹងនាំយករឿងទៅប្ដឹងសត្វនោះឲ្យជួយជម្រះ ក្ដីសម្រាលទុក្ខខ្លួន ។
គ្រានោះ ក្រួចដើរទៅជួបនឹងសត្វគីង្គក់ គីង្គក់ស្រែកសួរថា ៖
– អើ ! បងក្រួចទៅណាមកណា ?
ក្រួចឮគីង្គក់សួរគួរសមក៏ត្រេកអរណាស់ ទើបចាប់និយាយរៀបរាប់រឿងដែលខ្លួនឈឺចិត្ត ប្រាប់គីង្គក់សព្វគ្រប់ ។ គីង្គក់ក៏កោះហៅតាដក់មកសួរថា ៖
– តាដក់ ! ហេតុម៉េចបានជាទៅជាន់កូនក្រួចឲ្យស្លាប់បង់ជីវិតដូច្នេះ ?
តាដក់ឆ្លើយថា ៖ បានជាខ្ញុំជាន់កូនក្រួចព្រោះខ្ញុំភ័យ ដោយមកពីខ្ញុំឃើញសត្វក្រសារវាហូតដាវខ្វាក ៗ ខ្ញុំនឹកថាប្រហែលជាមានសត្រូវមកដល់ទើបបានជាខ្ញុំស្ទុះម្នីម្នា មិនឃើញ ទៅជាន់កូនក្រូចដូច្នេះ !
គីង្គក់ក៏កោះហៅសត្វក្រសារមកទៀត ហើយសួរថា ៖
– ចុះហេតុអីបានជាក្រសារឯងហូតដាវ នាំឲ្យតាដក់ភ័យស្ទុះជាន់កូនក្រួចស្លាប់អស់យ៉ាងហ្នឹង ?
ក្រសារក៏ឆ្លើយភ្លាមថា ៖
– បានជាខ្ញុំហូតដាវប្រញាប់ណាស់ ព្រោះពេលនោះខ្ញុំឃើញក្អែកទឹកលើកទ័ពសម្បើមណាស់ ទើបខ្ញុំភ័យ !
គីង្គក់កោះហៅក្អែកទឹក មកសួរចម្លើយទៀត ។
ក្អែកទឹកឆ្លើយថា ៖
– បានជាខ្ញុំនាំគ្នាលើកទ័ព ព្រោះខ្ញុំឮសូរត្លុមវាវាយស្គរ ខ្ញុំស្មានតែមានគ្រោះអាសន្នអ្វីមកដល់ហើយ បានខំនាំគ្នាលើកពលរេហ៍ទៅរង់ចាំការពារនឹងសត្រូវនោះ ។
គីង្គក់ក៏កោះហៅសត្វត្លុមមកដល់ទៀតហើយសួរថា ៖
– ចុះមានហេតុអ្វី បានត្លុមឯងវាយស្គរឲ្យផ្អើលគេឯងយ៉ាងនេះ ?
ត្លុមឆ្លើយថា ៖
– បានជាខ្ញុំវាយស្គរ ពីព្រោះខ្ញុំឃើញសត្វទុងវាលយសំពៅ ខ្ញុំស្មានតែកើតហេតុអ្វីមួយបានជាវានាំគ្នាបើកសំពៅរត់យ៉ាងនេះ ។
គីង្គក់កោះហៅសត្វទុងមកសួរទៀត ។ ទុងឆ្លើយថា ៖
ធម្មតា ខ្ញុំក៏រកស៊ីលើគោកដែរ ប៉ុន្តែពេលនេះបានជាខ្ញុំម្នីម្នានាំគ្នាលយសំពៅ ប្រញាប់ប្រញាល់រត់បន្តគ្នាដូច្នេះ ពីព្រោះឃើញតាដក់ វាស្ពាយយាមហើយក៏ស្មានថាមានអាសន្នមកដល់ហើយ !
អ្នកទាំងអស់ក៏ហ៊ោគឹលឡើង ស្រែកព្រមគ្នា ៖
– ទោសនេះ មកពីតាដក់ខ្លួនឯងនេះតើ !
គីង្គក់សួរយោបល់សត្វទាំងអស់តបថា “ត្រូវនាំគ្នា ខោក ថងក្បាលវាឲ្យវារាងចាល ! ” ថាហើយ សត្វទាំងអស់ក៏ព្រួតគ្នាថងក្បាលតាដក់គ្រប់ ៗ គ្នា ទីបំផុត គីង្គក់ក៏ខំលោតធាក់ក្បាលតាដក់ដែរ ទាល់តែរោមក្បាលតាដក់រុះអស់ តម្ពែករហូតសព្វថ្ងៃ ៕ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)