ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត សូមចូលរួមអបអរសាទរដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២

ចែករំលែក៖

ភ្នំពេញ ៖ នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញលិខិត អបអរសាទរ ដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ 

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា, ខ្ញុំសូមចូលរួមអបអរសាទរដល់ក្មួយៗជាសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២។

លោករដ្ឋមន្ត្រីបន្តថា, ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងជ្រើសរើសជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល ហើយខិតខំប្រឹងប្រែងរៀនសូត្រ អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវនាវដល់ក្មួយៗទាំងអស់ ពិចារណាជ្រើសរើសសិក្សា ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលដូចជា វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) បច្ចេកវិទ្យាក្លាដ (Cloud Computing) ការអភិវឌ្ឍសុសវែរ (Software Development) វិទ្យាសាស្ត្រទិន្នន័យ (Data Science) សន្តិសុខសាយប័រ (Cybersecurity) បច្ចេកវិទ្យាប្លុកឆេន (Blockchain) បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត (AI) និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)ជាដើម។ ការជ្រើសរើសជំនាញទាំងនេះនឹងជួយឱ្យក្មួយៗអាចទទួលបានប្រាក់បៀវត្សខ្ពស់ មានទីផ្សារ ការងារ មានឱកាសបើកអាជីវកម្មដោយខ្លួនឯង និងអាចចូលរួមចំណែកលើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ ជាពិសេស មុខជំនាញទាំងនេះមានការផ្តល់អាហារូបករណ៍ជាច្រើន រួមទាំងកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ។

កន្លងមក អាហារូបករណ៍នេះ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន ២៥០នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។ ក្នុងឆ្នាំសិក្សាថ្មីនេះ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ បានបន្ត ផ្ដល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ដោយបង្កើនចំនួនរហូតដល់ ៥០០កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៤ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកល វិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ជាដើម ដែលប្អូនៗអាចដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈតំណភ្ជាប់ www.cadt.edu.kh/scholarship។

ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ក្មួយៗនឹងជ្រើសរើសជំនាញខាងលើ ហើយខិតខំប្រឹងប្រែងរៀនសូត អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដោយ ៖ សិលា


ចែករំលែក៖