ព័ត៌មានទាន់ហេតុការណ៍៖

តើតំណែងណា ទើបបាន គោរមងារ ជា ឯកឧត្តម លោកជំទាវ ?

ចែករំលែក៖

ភ្នំពេញ ៖ សូមរម្លឹកឡើងវិញ ក្រែងមន្ត្រីរាជការយើងអាចយល់កាន់តែច្បាស់ថា ! ឯកឧត្តម លោកជំទាវ ជាគោរមងារសម្រាប់មន្ត្រីដែលមានឋានន្តរសក្តិខ្ពស់ក្នុងក្រុងកម្ពុជាធិបតីបច្ចុប្បន្ន ។ គោរមងារ ឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ តាមរយៈសំណើរបស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ ។ ជនដែលអាចមានគោរមងារជា ឯកឧត្តម លោកជំទាវ បាន លុះត្រាតែមានតំណែង ឬឋានៈស្មើ ៖ 

– ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា

– នាយករដ្ឋមន្ត្រី

– ឧបនាយករដ្ឋមន្ត្រី

– ទេសរដ្ឋមន្ត្រី

– រដ្ឋមន្ត្រី

– រដ្ឋលេខាធិការ

– អនុរដ្ឋលេខាធិការ

– អគ្គនាយក

– សមាជិករដ្ឋសភា និងព្រឹទ្ធសភា

– ឯកអគ្គរាជទូត

– ក្រុមប្រឹក្សារាជធានី ខេត្ត

– អភិបាលរាជធានី ខេត្ត

ចំពោះអស់លោកមន្ត្រីរាជការ អ្នកមុខអ្នកការដែលមានតំណែង ឬឋានៈស្មើនឹង តំណែងខាងលើ ទើបមានសិទ្ធិប្រើនូវ គោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ ។

ចំណែកឯអស់លោកដែលមានឋានន្តរសក្តិចាប់ពី ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ ឬកងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារជាឯកឧត្តម លោកជំទាវទេ តែបើអស់លោកអ្នកបម្រើការងារជា អគ្គនាយក ឡើងទៅ នៅក្នុងក្រសួងនានានោះ ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ ម្យ៉ាងទៀតលុះត្រាណាតែលោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើ ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ ។

ចំណែកឯនៅតាមរាជធានី ខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះ ដែលមានងារជា ឯកឧត្តម លោកជំទាវ រីឯអភិបាលរង មានងារត្រឹមលោក លោកស្រី តែប៉ុណ្ណោះ តែបើ អភិបាលរងរាជធានី ខេត្ត នោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើ ទើបមានងារជា ឯកឧត្តម លោកជំទាវ ។

បើស្វាមីមានងារជា ឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ ៕ 

ដោយ ៖ សិលា


ចែករំលែក៖