សារព័ត៌មានយុនហាប់របស់កូរ៉េខាង ត្បូងបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសលោក Ssun Nahm Kook បញ្ជាក់ថា កូរ៉េខាងជើងបានប្រមូលនូវធុនធានទាំងអស់សម្រាប់កម្មវិធីបរមាណូដោយ មិនបានជួយដល់ពលរដ្ឋដែលកំពុងតែរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នោះឡើយ។ ចំណុចទាំងនោះធ្វើឲ្យទីក្រុងសេ អូលនឹងមិនផ្តល់ជំនួយមនុស្សធម៌ដល់កូរ៉េខាងជើងតាមសំណើ។
ភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រាក់ចំណាយសម្រាប់ការសាកល្បងគ្រាប់បែកបរមាណូនិងបាញ់បង្ហោះមីស៊ីល២២គ្រាប់ នៅក្នុងឆ្នាំនេះគិតជាទឹកប្រាក់ជាង២០០លានដុល្លារអាមេរិក។ ទឹកប្រាក់ទាំងនោះមានច្រើនជាងការខូចខាតបង្កឡើងដោយទឹកជំនន់។ លើសពីនេះទៅទៀតការណ៍ដែលកូរ៉េខាងជើងផ្តល់អាទិភាពទៅលើ កម្មវិធីបរមាណូដោយមិនយកចិត្តទុកដាក់នឹងជីវភាពរសនៅរបស់ពលរដ្ឋជារឿង មួយមិនអាចលើកលែងឲ្យបានឡើយ។
សារព័ត៌មានកូរ៉េខាងជើងបានផ្សាយ ថា គ្រោះទឹកជំនន់លើកនេះមានទ្រង់ទ្រាយ ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកបានសម្លាប់មនុស្ស១៣៨នាក់ និងជាង៤០០នាក់បាត់ខ្លួន។
ការបដិសេធផ្តល់ជំនួយរបស់កូរ៉េខាងត្បូងកើតឡើងក្រោយពេលដែលទីក្រុងព្យុង យ៉ាងបានស្នើដល់សហគមន៍អន្តរជាតិផ្តល់ ជំនួយដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ក្រោយការសាកល្បងគ្រាប់បែកបរមា ណូកូរ៉េខាងជើងបានធ្វើឲ្យសហគមន៍អន្តរជាតិខឹងសម្បាយ៉ាងខ្លាំងហើយពេលនេះប្រឈមនឹងគ្រោះទឹកជំនន់មិនធ្លាប់មាន តាំងពីសង្គ្រាមលោកលើកទីពីរមកធ្វើឲ្យ កូរ៉េខាងជើងត្រូវអំពាវនាវរកជំនួយពីបរទេស។ ប៉ុន្តែការផ្តល់ជំនួយពីខាងក្រៅនោះគឺជារឿងដ៏លំបាកបំផុតដោយសារតែប្រទេសនេះទើបសាកល្បងគ្រាប់បែកបរមា ណូ។
ទីភ្នាក់ងារព័ត៌មាន KCNA ពុំបានរាប់ ចំនួនជនរងគ្រោះស្លាប់និងអ្នកបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយទឹកជំនន់នេះទេ។ ក៏ ប៉ុន្តែយោងតាម អ.ស.ប. ជនរងគ្រោះស្លាប់ ដោយមហន្តរាយធម្មជាតិនេះមានចំនួន ១៣៨នាក់និងបាត់ខ្លួនចំនួន៤០០នាក់ផ្សេង ទៀតនៅតាមបណ្តោយទន្លេ Tumen ។ ទន្លេ Tumen ជាកន្លែងសម្គាល់ព្រំដែនរវាង កូរ៉េខាងជើងនៅលើត្រើយម្ខាង និងជាមួយប្រទេសចិននិងរុស្ស៊ីនៅលើត្រើយម្ខាងទៀត។
យោងតាម អ.ស.ប បានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងជាច្រើនពាន់នាក់ត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់ និង ទីលំនៅសម្រាប់ជ្រកកោន ពីព្រោះទឹកជំនន់ បានធ្វើឲ្យលិចលង់អន្តរាយខ្ទេចខ្ទីភូមិឋាន និងទីលំនៅរបស់ប្រជាជន។ ទឹកជំនន់ដ៏កាចសាហាវនេះបណ្តាលមកពីព្យុះសង្ឃរា ដែលបានបោកបក់វាយលុកទៅលើភាគខាងជើងភូមិ Hamgyong កាលពីចន្លោះ ថ្ងៃទី២៩ ខែសីហា និងថ្ងៃទី២ ខែកញ្ញា ជាគ្រោះមហន្តរាយមួយពុំដែលធ្លាប់មានឡើយ ចាប់តាំងពីកូរ៉េខាងជើងបានរំដោះផុតពីការ កាន់កាប់របស់អាណានិគមជប៉ុននៅឆ្នាំ ១៩៤៥មក។ នេះជាការបញ្ជាក់បន្ថែម របស់ KCNA ។
ជាលើកទីមួយហើយដែលទីភ្នាក់ងារព័ត៌ មានផ្លូវការកូរ៉េខាងជើងនេះបានផ្តល់តួលេខ ពីចំនួនប្រជាជនកូរ៉េខាងជើងដែលបានគេច ភៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួនចំនួន ៦៨.៩០០នាក់។ ក៏ប៉ុន្តែ អ.ស.ប.វិញបាន រាប់ឃើញរហូតទៅដល់១០៧.០០០នាក់។
ម្យ៉ាងទៀតលំនៅឋានប្រជាជនយ៉ាង តិច២៩.៨០០កន្លែង និងអគាររដ្ឋ៩០០ កន្លែងត្រូវរងអន្តរាយ រីឯកំណាត់ផ្លូវជាង ១៨០និងស្ពានជាង៦០កន្លែង ក៏ត្រូវទទួលរងការខូចខាតយ៉ាងដំណំដែររួមទាំងនៅលើបណ្តាញអគ្គិសនីនិងផ្នែកទូរគមនាគមន៍។ KCNA ឆ្លៀតលើកអួតសរសើរគណបក្សកុម្មុយនីស្តកូរ៉េខាងជើងអំពីការសន្យាជួយជ្រោមជ្រែងរបស់គណបក្សនេះក្នុងការផ្គត់ផ្គង់យ៉ាងពេញទំហឹងក្នុងការរៀបចំស្តារនិង សាងសង់តំបន់រងមហន្តរាយឡើងវិញ។
កូរ៉េខាងជើងគឺជាប្រទេសមួយដែល ងាយបំផុតក្នុងការប្រឈមមុខនឹងគ្រោះ មហន្តរាយធម្មជាតិ ពីព្រោះកូរ៉េខាងជើង មានការខ្វះខាតយ៉ាងសម្បើមនៅលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងផែនការរៀបចំឲ្យ បានត្រឹមត្រូវល្អនៅក្នុងប្រទេស ជាពិសេស ការប្រឈមមុខនឹងគ្រោះទឹកជំនន់ដែល បណ្តាលមកពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃភ្នំ។
មិនតែប៉ុណ្ណោះកូរ៉េខាងជើងគិតគូរតែនៅលើបញ្ហាមួយមុខគត់គឺមហិច្ឆតារបស់ខ្លួននៅក្នុងការសាងសង់កម្មវិធីនុយក្លេអ៊ែរនិងកម្មវិធីផលិតគ្រាប់មីស៊ីលអន្តរទ្វីបដែល កូរ៉េខាងជើងត្រូវចំណាយធនធានយ៉ាង សម្បើមនៅក្នុងប្រទេសដោយពុំគិតពីជោគ វាសនារបស់ប្រជាជនខ្លួនដែលជួបនឹងគ្រោះ អត់ឃ្លានយ៉ាងខ្លាំងនោះទេ៕ ម៉ែវ សាធី