ចាស់បុរាណតែងប្រៀបធៀបមនុស្សមួយចំនួនដែលមិនខិតខំរកស៊ីឬបញ្ចេញកម្លាំងខ្លួន ដោយខ្លួនឯងបែរជារង់ចាំដង្ហើមអ្នកដទៃដើម្បីបានរស់ទោះគេប្រើឲ្យធ្វើអីក៏ធ្វើដែរ។មនុស្សជំពូកនេះគេហៅថា « ខ្មោចស៊ីពែរ » ។ និយាយជារួមទៅចាស់ៗលោកចង់និយាយសម្តៅមនុស្ស ខ្ជឹលពឹងផ្អែកកម្លាំងគេ ធ្វើម៉េចឲ្យតែបានរស់ ។
ឥឡូវពាក្យ«ខ្មោចស៊ីពែ» នេះនាយជាលទើបតែដឹងកាលពីម្សិលម្ង៉ៃ ថាមានអ្នក នយោបាយក្រៅស្រុកមួយចំនួនតូចដែលទន់ជោរគាំទ្រគណបក្សសង្រ្គោះជាតិ យកទៅប្រើប្រាស់យ៉ាងអសុរោះ ប្រឆាំងនឹងមនុស្សជាច្រើនដែលអញ្ជើញទៅស្វាគមន៍និងចូលរួមជប់លៀងចំពោះវត្តមានកូនថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាអញ្ជើញទៅ ដល់ប្រទេសអូស្រ្តាលី ដែលក្នុងនោះរួមមានទាំងប្រធានព្រឹទ្ធសភាអូស្រ្តាលីចូលរួមទទួលដែរ ។
បើតាមដែលនាយជាលដឹង ពាក្យនេះគេប្រើក្នុងពេលធ្វើបាតុកម្មប្រឆាំងកូនមេដឹកនាំគណបក្សប្រជាជនក្រោមការដឹកនាំធ្វើបាតុកម្មរបស់បុគ្គលរត់ចោលស្រុកម្នាក់គឺលោក ហុង លីម ដែលពីមុនគាត់ធ្លាប់ប្រើពាក្យ តិរច្ឆាន ប្រមាថកាកទានរាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃនេះម្តងហើយ ។
នាយជាលគិតថា ការប្រើពាក្យ «តិរច្ឆាន» ប្រមាថរាជរដ្ឋាភិបាលកម្ពុជា និងប្រើពាក្យ«ខ្មោចស៊ីពែ» ប្រមាថអ្នកគាំទ្រគណបក្សប្រជាជននៅអូស្រ្តាលី របស់លោក ហុង លីម អាចចាត់ទុកថា ជាភាពទ័លច្រក អស់ជម្រើស និងជាមនុស្សចរិត យកកំហឹងទល់កំហល់គ្រាដែលបក្សរបស់ខ្លួនធ្វើអីមិនឈ្នះគណបក្សប្រជាជននោះ ។
នាយជាលយល់ថា ខ្មែររត់ចោលស្រុកម្នាក់នេះ មិនត្រឹមតែបន្ទាបបន្ថោកខ្មែរនៅក្នុងស្រុកនោះទេ គឺថែមទាំងមាក់ងាយព្រឹទ្ធបុរសអូស្រ្តាលី (ប្រធានព្រឹទ្ធសភា)ដែលលោក ហុង លីមកំពុងជ្រកនៅប្រទេសនេះទៀតផង ដោយសារលោកបានចាត់ទុកអ្នកចូលរួមស្វាគមន៍កូនប្រុស ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ សុទ្ធតែ ខ្មោចស៊ីពែ រួមទាំងប្រធានព្រឹទ្ធសភាអូស្រ្តាលីផង។ គិតទៅលោក ហុង លីម ពុលទឹកមាត់ទេដឹង បានជាប្រមាថគេឯង សុទ្ធតែ« តិរច្ឆាន» និង «ខ្មោចស៊ីពែ» ភ្លេចគិតខ្លួនឯងមានដើមកំណើតខ្មែរ ៕ នាយជាល