គ្រោះធម្មជាតិពិសេសគឺសង្គ្រាម វាយ ប្រហារម្តងហើយម្តងទៀត បានបំផ្លាញ សម្បត្តិ បេតិកភណ្ឌពិភពលោក ដែលជាស្នាដៃរបស់បុព្វបុរសបានបន្សល់ទុករាប់ពាន់ឆ្នាំកន្លងមក។
ជាក់ស្តែងសម្បត្តិបេតិកភណ្ឌនៅក្នុងប្រទេសស៊ីរី រងការបំផ្លាញពីក្រុមភេរវករ IS ម្តងហើយម្តងទៀតធ្វើឲ្យទីក្រុងបុរាណ រងការបំផ្លាញស្ទើរតែទាំងស្រុង ហើយ អង្គការការពារ សម្បត្តិវប្បធម៌ពិភពលោក បានត្រឹមតែឱបដៃឈរមើលប៉ុណ្ណោះ មិន អាចជួយអ្វីបានឡើយ។
ចំណុចទាំងនោះហើយទើប ប្រទេស អ្នកមានទាំង៧ ក្រោមការដឹកនាំរបស់ អុីតាលី បាន ជួបប្រជុំគ្នាដើម្បីបង្កើតយុទ្ធសាស្ត្រការពារសម្បត្តិបេតិកភណ្ឌពិភពលោកឲ្យបានគង់វង្ស បញ្ចៀសការបំផ្លាញ ជាទ្រង់ទ្រាយធំ ក្នុងនោះមានការបង្កើន កម្លាំងមូកខៀវ ពិសេសក្នុងក្របខ័ណ្ឌរបស់អង្គការយូណេស្កូ ដើម្បីស្រោចស្រង់ និងសង្រ្គោះសម្បតិ្តបេតិកភណ្ឌនានា ទូទាំង ពិភពលោក។
គួរកត់សម្គាល់ថា មួយរយៈចុងក្រោយ នេះ មតិសាធារណៈមានការចាប់អារម្មណ៍ខ្លាំង ទៅលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក តួយ៉ាងដូចជាតំបន់ទី ក្រុងបុរាណប៉ាល់មៀរ ដែលបានស្ថិត ក្នុងដៃរបស់ក្រុមIS ហើយតំបន់នេះ ត្រូវបាន រងការខូចខាតយ៉ាងដំណំ។ ក្រៅពីនេះ នៅមានទីក្រុងបុរាណជាច្រើនកន្លែងនៅ អុីរ៉ាក់ ក៏ដូចជានៅយេម៉ែន ដែលបានរង ការបំផ្លិចបំផ្លាញ ដោយស្នាដៃជនជ្រុល និយម ឬដោយសារសង្រ្គាម។
នេះគឺជាលើកទីមួយដែលរដ្ឋមន្ត្រី ក្រសួងវប្បធម៌ នៃប្រទេសអ្នកមានទាំង៧ មានដូចជា បារាំង សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ អង់គ្លេស កាណាដា និងអុីតាលី បានជួបប្រជុំគ្នា ដោយមានកិច្ចសហការជាមួយនឹងអង្គការយូណេស្កូ។ ទីក្រុងហ្វ្លូរ៉ង់ ទីក្រុងបុរាណដ៏ល្បីរបស់អ៊ីតាលី បាន ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះរយៈពេល២ថ្ងៃ។ ដោយសារតែអុីតាលី ជា អតីតអាណាចក្ររ៉ូម៉ាំង ទើបដែនដីអុីតាលីទាំងមូលសំបូរទៅដោយសម្បតិ្តបេតិក ភណ្ឌ ដែលប្រការនេះបានញ៉ាំងឲ្យអុីតាលីមានបទពិសោធន៍ និងសមត្ថភាពក្នុងការ អភិរក្សការពារ។
លោករដ្ឋមន្ត្រីក្រសួងវប្បធម៌អុីតាលី បានថ្លែងថាលោកចង់ប្រើប្រាស់សមត្ថភាព និងបទពិសោធន៍របស់អ្នកជំនាញអុីតាលី យកទៅចូលរួមឲ្យបានសកម្ម ក្នុងការស្រោចស្រង់សម្បត្តិបេតិកភណ្ឌនានា ដែលកំពុងតែរងគ្រោះ មិនថាដោយសារ សង្រ្គាម ឬដោយសារគ្រោះ ធម្មជាតិនោះ ទេ។ ក្នុងន័យនេះ អុីតាលី បានលើកជា សំណើ ឲ្យបង្កើតក្រុមការងារពិសេសមួយ ហៅថា កងកម្លាំងមួកខៀវដើម្បីសង្រ្គោះ សម្បត្តិបេតិកភណ្ឌ ដោយមានអង្គការ សហប្រជាជាតិ និងអង្គការយូណេស្កូ ជាបង្អែក៕ ម៉ែវ សាធី