អាមេរិកគឺជាប្រទេសមហាអំណាចពិភពលោក ហើយប្រទេសនេះចង់ឲ្យប្រទេស ទាំងអស់ នៅលើភពផែនដីដើរតាមផ្លូវដែលខ្លួនគូសរួច។ ចំណែកប្រទេសដែលមានសេដ្ឋកិច្ចនិងយោធាខ្លាំង ប្រាកដជាមិន ដើរតាម ផ្លូវរបស់អាមេរិកចង្អុលឡើយទាំងនោះហើយគឺជាមូលហេតុ បណ្តាលឲ្យ ទំនាក់ទំនងរវាង អាមេរិក នឹងរុស្ស៊ី ក៏ដូចជាចិនប្រឈមមុខតានតឹងដាក់គ្នាមិនចេះចប់។
កន្លងមក ប្រធានាធិបតីពូទីនបាន បញ្ជាក់ថា ទំនាក់ទំនងរវាងអាមេរិកនឹង រុស្ស៊ី ដោយសារតែភាគីម្ខាង បានអនុវត្តគោលនយោបាយរបស់ខ្លួនគ្រប់គ្រងពិភពលោកទាំងមូល។ លោកពូទីនបញ្ជាក់ ទៀតថា «តើដោយសារស៊ីរី ទើបយើង ផ្លាស់ប្តូរទំនាក់ទំនងជាមួយអាមេរិក? ទេ! មិនមែនដោយសារសុីរីឡើយ គឺដោយសារតែភាគីម្ខាងបានបង្ខំឲ្យពិភពលោកទាំង មូលត្រូវតែដើរតាមពួកគេ។
លោកពូទីនបានបង្ហាញក្តីសង្ឃឹមថាក្រោយការបោះឆ្នោតអាមេរិក និងមានការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនង រវាងទីក្រុង មូស្គូនឹងវ៉ាស៊ីនតោន។ ប្រធានាធិបតីរុស្ស៊ី វាយតម្លៃថា ក្នុងពេលដែលបញ្ហាផ្ទៃក្នុងមិនទាន់បានដោះស្រាយ ទើបគេសម្រេចធ្វើសកម្មភាពបែបនេះដើម្បីបង្វែរការចាប់ អារម្មណ៍ពីបញ្ហាដែលកំពុងតែកើតឡើងនៅក្នុងប្រទេស។ និយាយអំពីការដាក់ ទណ្ឌកម្មរបស់លោកខាងលិចទៅលើរុស្ស៊ី វិញ លោកពូទីនបានបញ្ជាក់ថា (ធ្វើអីធ្វើ ទៅ)។
ទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ី ប្រឈមមុខអាក្រក់ដាក់គ្នាដំបូងចាប់ផ្តើមចេញពីវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ពិសេសគឺក្រោយពេលដែលរុស្ស៊ីបានដាក់បញ្ចូលតំបន់ស្វយ័តគ្រីមៀ ។ បន្ទាប់មកគឺការលូកដៃចូលក្នុងទឹកដីស៊ីរីរបស់រុស្ស៊ី កាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៥ ធ្វើឲ្យគោលដៅរបស់អាមេរិកនៅទីនោះមានការប្រែប្រួល។
បច្ចុប្បន្នភាពតានតឹងរវាងអាមេរិកនិងលោកខាងលិចជាមួយនឹងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យរុស្ស៊ីនិងលោក ខាងលិច ឈានដល់មាត់រណ្តៅនៃសង្គ្រាម ។ បើទោះបីរុស្ស៊ីតែម្នាក់ឯង ប៉ុន្តែមាន អាវុធទំនើបៗជាច្រើន អាចទប់ទល់នឹង អាមេរិក-ណាតូបាន។ កន្លងមកថ្មីៗរុស្ស៊ីបានបញ្ជូនអាវុធបន្ថែមទៅកាន់ប្រទេស ស៊ីរីនិង បញ្ជូនមីស៊ីលទំនើបៗទៅការពារតាមព្រំដែនរុស្ស៊ី។
ប្រទេសតំបន់អឺរ៉ុបក៏បានបញ្ជូនកម្លាំង របស់ខ្លួនទៅកាន់ព្រំដែនការពារខ្លាចមានការវាយប្រហារពីរុស្ស៊ី។កន្លងមកប្រទេសអុីតាលី ក៏បានបញ្ជូនកម្លាំងទាហានទៅ ចូលរួមជាមួយណាតូ ដើម្បីទប់ស្កាត់ការវាយប្រហារពីប្រទេសរុស្ស៊ីដែរ។ ទាហានអុីតាលី១៤០នាក់បានបញ្ជូនទៅកាន់ ប្រទេស ឡាតវៀដើម្បីបង្កើនការការពារ ។ រដ្ឋមន្ត្រី ការបរទេសអុីតាលីលោក Paolo Gentilonia បញ្ជាក់ទៀតថា សកម្មភាពខាងលើគឺសមស្របទៅនឹងច្បាប់របស់ណាតូ ក្នុង ពេលដែលប្រទេសនៅក្នុងក្រុមមានការ គំរាមកំហែងនោះ។
ចំណែករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Franck Walter Steinmeier បានប្រកាសថាអាល្លឺម៉ងនឹងតបតវិញប្រសិនបើប្រទេសជាសមាជិកណាតូរងការវាយ ប្រហារ។ បើទោះបីលោកមិនបានបញ្ជាក់ថាប្រទេសណានោះក្តី តែការប្រកាសរបស់លោកគឺសំដៅទៅលើប្រទេសរុស្ស៊ី ដែល កំពុងតែបង្កើនអាវុធនៅតាមព្រំដែនប្រទេសសមាជិកណាតូ។
នៅក្នុងជំនួបពិភាក្សា របស់គណៈកម្មាធិការសភាអឺរ៉ុបនៅប្រទេសបារាំងតំណាងរាស្ត្រអង់គ្លេស លោកMark Pritchard បានដាក់សំណួរសួរថា បើប្រទេសជាសមាជិកណាតូរងការវាយប្រហារ តើអាល្លឺម៉ង់ តបតវិញដោយយោធាដែរឬទេតាមមាត្រា ទី៥ នៃសន្ធិសញ្ញារបស់ណាតូ?
នៅក្នុងមាត្រាខាងលើ បើប្រទេសជា សមាជិកណាតូណាមួយរងការវាយប្រហារនោះ ប្រទេសណាតូដទៃទៀតត្រូវតែជួយ និងវាយប្រហារទៅលើសត្រូវរបស់ខ្លួន។សំណួរខាងលើពិតជារសើបខ្លាំងណាស់ ក្នុងពេលដែលរុស្ស៊ីនិងលោកខាងលិច កំពុងតែឈានទៅរកសង្គ្រាមប្រដាប់អាវុធជា ទ្រង់ទ្រាយធំ។
ប្រទេសសមាជិកទាំង២៨របស់សម្ព័ន្ធអាត្លង់ទិក ហៅអូតង់ត្រូវផ្តើមសមយុទ្ធ ចាប់ពីថ្ងៃចន្ទ ទី ១៩តុលា នៅសមុទ្រមេឌី ទែរ៉ាណេ។ ជាសមយុទ្ធដ៏ធំ ដែលអូតង់មិន ដែលធ្លាប់រៀបចំធ្វើ នៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។ សមយុទ្ធរបស់អង្គការ អូតង់ នឹងមានការចូលរួមពីទាហាន៣ម៉ឺន ៦ពាន់នាក់ ២៣០កងអង្គភាព យន្តហោះ និងនាវាចម្បាំង ចំនួន ២០០ របស់ប្រទេស សមាជិកអូតង់។ ក្នុងរយៈពេល ៥សប្តាហ៍ អង្គការសម្ព័ន្ធអាត្លង់ទិកខាងជើង បើកធ្វើសមយុទ្ធនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលស្ថិតនៅចន្លោះ អាហ្វ្រិកខាងជើង និងទឹកដីអឺរ៉ុបខាងត្បូង។ នៅថ្ងៃចន្ទ មន្រ្តីជាន់ខ្ពស់របស់អូតង់ត្រូវចូលរួមមើលការ បង្ហាញសមត្ថភាពរបស់កងទ័ពអាកាស នៅឯមូលដ្ឋានទ័ពអាកាស ភាគខាងត្បូង ប្រទេសអុីតាលី។ រុស្ស៊ី ដែលបានធ្វើ សមយុទ្ធដ៏ធំមួយ នៅដើមឆ្នាំនេះ ហើយ និងធ្លាប់ធ្វើសមយុទ្ធនៅ សមុទ្រមេឌី ទែរ៉ាណេកន្លងមក ត្រូវបានអញ្ជើញ ឲ្យ ធ្វើជាភ្ញៀវ មើលលំហាត់យោធារបស់អូតង់ នៅអ៊ីតាលី។
សមយុទ្ធរបស់អូតង់ត្រូវបានផ្តួចផ្តើម ធ្វើឡើង ក្នុងបរិបទដែលតំបន់អាហ្វ្រិកខាងជើង ដូចជាប្រទេសលីប៊ី ជាដើម ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទឹកដីអឺរ៉ុប កំពុងជួប អស្ថិរភាពនយោបាយ និងអសន្តិសុខ។ ប៉ុន្តែ នៅក្នុងកាលៈទេសៈ ដែល រុស្ស៊ីចាប់ ផ្តើមលូកដៃ ធ្វើអន្តរាគមន៍យោធា នៅ ប្រទេសស៊ីរី អស្ថិរភាពនៅតំបន់ដើមបូព៌ា និងនៅអាហ្វ្រិកខាងជើង ក្លាយជាកង្វល់ តែមួយ សម្រាប់អង្គការអូតង់។ តាមអ្នក ទទួលខុសត្រូវម្នាក់របស់អូតង់ ការគំរាម កំហែងពីខាងកើត និងខាងត្បូង បានក្លាយ ទៅជាការគំរាមកំហែងតែមួយ។ គេចង់ និយាយយោងទៅដល់រុស្ស៊ី ដែលបាន ធ្វើសង្រ្គាមនៅស៊ីរី បន្ថែម ពីលើការលូកដៃ ទៅក្នុងជម្លោះទឹកដីភាគខាងកើតអ៊ុយក្រែន នៅភាគខាងកើតអឺរ៉ុប។
នៅក្នុងសមយុទ្ធដែលមានការចូលរួមពីទាហាន៣ម៉ឺន ៦នាក់នាក់ និងយន្តហោះ នាវាចម្បាំង ចំនួន ២០០គ្រឿង អូតង់ចង់ បង្ហាញថា ខ្លួនមានសមត្ថភាពធ្វើអន្តរាគមទ័ព នៅក្នុងពិភពលោកមួយ ដែលរដ្ឋមន្រ្តីការពារជាតិ អង់គ្លេស ចាត់ទុកថា ស្រអាប់ និងគ្រោះថ្នាក់ បំផុត។
នៅក្នុងសមយុទ្ធ លើកនេះ អូតង់ត្រូវ ពិនិត្យមើលផងដែរ សមត្ថភាពរបស់កងកម្លាំងប្រតិកម្មរហ័ស ចំនួន ៥ពាន់នាក់ ដែលត្រូវដាក់ឲ្យដំណើរការ នៅឆ្នាំក្រោយ ។ កងកម្លាំង ពិសេស មានទាំងយន្តហោះ និងនាវាចម្បាំង និងមានសមត្ថភាពផ្លាស់ទី តែក្នុងរយៈពេលមួយសប្តាហ៍។ នៅ ក្រោយរុស្ស៊ី ប្រកាសកាត់យកទឹកដីគ្រីមៀ របស់អ៊ុយក្រែន អូតង់បានបង្កើត កងកម្លាំង ប្រតិកម្មរហ័ស ដើម្បី ធានា ការពារទឹកដីរបស់សមាជិកអូតង់ ដែលមានព្រំដែន ខាងកើត ជាប់ជាមួយរុស្ស៊ី៕ ម៉ែវ សាធី