ព័ត៌មានទាន់ហេតុការណ៍៖

«ស៊ីសងភ្លាម» រុស្ស៊ីដាក់ទណ្ឌកម្ម អ៊ុយក្រែន , អ៊ុយក្រែនចាប់នាវាដឹកទំនិញរុស្ស៊ី

ចែករំលែក៖

ការ«ស៊ីសងគ្នា» ភ្លាមៗ និងធ្វើឲ្យទំនាក់ទំនង រវាង រុស្សី នឹងអ៊ុយក្រែន កាន់តែតានតឹង ថែមទៀត ។ នៅពេលនេះ អ៊ុយក្រែន បានឃាត់នាវាដឹកទំនិញ ពីរស្ស៊ី ដែលមានចំណុះ ដល់ទៅជាង ៣ពាន់តោន ។ ការចាប់នាវាខាងលើ ត្រូវបានចាត់ទុកថា ជាការសងសឹកទៅលើរដ្ឋាភិបាលទីក្រុងមូស្កូដែលបានដាក់ទណ្ឌកម្មទៅលើ ប្រទេសអ៊ុយក្រែន ។

នៅថ្ងៃទី២ ខែវិច្ឆិកា ប្រធានរដ្ឋអាជ្ញា អ៊ុយក្រែន លោក Yuri Lutsenko បានប្រកាសឲ្យដឹងថា កម្លាំងទាហានប្រទេសនេះ បានឃាត់នាវាដឹកទំនិញមួយគ្រឿង ដែលដឹកទំនិញពីរុស្ស៊ីចូលទៅកាន់ប្រទេស ប៊ែលហ្សិច ដោយបានផ្ទុកទំនិញជាង ៣០០០តោន ។

នាវាដឹកទំនិញរុស្ស៊ីត្រូវឃាត់ខ្លួន នៅទីក្រុងកំពង់ផែ Mariupol ។ លោក Yuri Lutsenko បន្តទៀតថា ទំនិញជាង ៣០០០តោនគឺផលិតនៅក្នុងរោងចក្រដែកថែម Alchesky ត្រូវបានបញ្ជូនពីកំពង់ផែ មួយរបស់រុស្ស៊ី ទៅកាន់ប្រទេសប៊ែលហ្សិច ដោយនាវាដឹកទំនិញខាងលើបំពាក់ទងជាតិ ប្រទេសLiberia ហើយត្រូវបានចាប់ខ្លួននៅកំពង់ផែ Mariupol ។

តាមការលើកឡើងរបស់ លោកYuri Lutsenko សកម្មភាព ខាងលើ គឺបានបំពានច្បាប់ និងរងការចោទប្រកាន់ពីបទផ្តល់ហិរញ្ញវត្ថុ ដល់ក្រុមភេរវកម្ម ។ ទន្ទឹមនឹងនោះ ការចាប់នាវា រុស្សី ជាការសងសឹកទៅនឹងច្បាប់ ដាក់ទណ្ឌកម្មរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រេន ដែលនាយករដ្ឋមន្ត្រី Dmitry Medvedev បានអនុម័តកាលពីថ្ងៃទី១ ខែវិច្ឆិកា ។

ក្រៅពីនេះ រុស្ស៊ីក៏បានដាក់ទណ្ឌកម្ម ទៅលើបុគ្គល៣២២រូប រួមទាំងក្រុមហ៊ុនចំនួន៦៨ក្រុមហ៊ុនរបស់អ៊ុយក្រែនស្ថិតនៅក្នុងបញ្ជីខ្មៅ ។

នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Dmitry Medvedev បានសម្រេចដាក់ទណ្ឌកម្មលើជនជាតិអ៊ុយក្រែនចំនួន៣២២នាក់ រួមជាមួយក្រុមហ៊ុន-អង្គភាពរបស់អ៊ុយក្រែនចំនួន៦៨ទៀត ជុំវិញបញ្ហាជម្លោះយ៉ាងអូសបន្លាយរវាងទីក្រុងមូស្កូ និងទីក្រុងកៀវ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ទណ្ឌកម្មខាងលើដែលជាការបង្គាប់របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមុន រួមមានការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល និងអង្គភាពដែលជាប់ក្នុងបញ្ជីខ្មៅ នៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងបម្រាមលើការផ្ទេរប្រាក់របស់ពួកគេទាំងនោះចេញពីប្រទេសរុស្ស៊ីជាដើម ។

គួរជម្រាបថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បាននិងកំពុងបន្តធ្លាក់ចុះដុនដាប ចាប់តាំងតែពីដើមឆ្នាំ២០១៤ ដោយសារបញ្ហាតំបន់គ្រីមៀ និងជម្លោះប្រដាប់អាវុធនៅភាគខាងកើតអ៊ុយក្រែន ។ ចាប់តាំងពីពេលនោះមក ទីក្រុងកៀវ បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសរុស្ស៊ី ៕ ម៉ែវ សាធី


ចែករំលែក៖