ព័ត៌មានទាន់ហេតុការណ៍៖

ចិនសាកល្បងមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បែក បរមាណូ ចេញពីនាវាមុជទឹក ព្រមានអាមេរិក

ចែករំលែក៖

រយៈពេលចុងក្រោយនេះ ប្រទេសមហាអំណាចបរមាណូ ធំៗទាំង៣ គឺ អាមេរិក រុស្ស៊ី និងចិន បានសាកល្បង អាវុធបរមាណូជាបន្តបន្ទាប់ ។ កាលពីខែឧសភា អាមេរិក បានសាកល្បងអាវុធមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ ហើយពេលថ្មីៗនេះ បានសាកល្បងអាវុធនុយក្លេអ៊ែរកម្រិតទាប ។

លោកឧត្តមសេនីយ៍ឯក Robert P. Ashley បានថ្លែងនៅក្នុងវេទិកា គ្រប់គ្រងអាវុធ នៅឯវិទ្យាស្ថាន Hudson ដោយបានបញ្ជាក់ថា «សហរដ្ឋអាមេរិកជឿថា រុស្ស៊ី ប្រហែលជាមិនយកចិត្តទុកដាក់ទៅលើការថែរក្សាកិច្ចព្រមព្រៀង មិនសាកល្បងអាវុធនុយក្លេអ៊ែរ ឲ្យដល់កម្រិតសូន្យនោះឡើយ» ។

នៅដើមខែមិថុនានេះ ចិនក៏បានចាប់ផ្តើមសាកល្បងមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រប់បរមាណូ ។ គេហទំព័រ Defence Blog បានផ្សាយថា កម្លាំងទាហានជើងទឹកចិន បានបាញ់សាកល្បងកាំជ្រួចមីស៊ីល JL-3 ថ្មីចេញពីនាវាមុជទឹក កាលពីថ្ងៃទី២ ខែមិថុនា ដោយជោគជ័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងទាហានជើងទឹកចិន បានបាញ់កាំជ្រួចមីស៊ីល ចេញពីនាវាមុជទឹក នៅតំបន់សមុទ្រ Bohai ជិតកោះ Shandong នៅវេលាម៉ោង៤និង២៨នាទី ថ្ងៃទី២ ខែមិថុនា ។

ប្រជានេសាទ ចិន បានមើលឃើញការបាញ់មីស៊ីលខាងលើ ប៉ុន្តែមកទល់ពេលនេះ កម្លាំងទាហានចិនមិនទាន់បានបញ្ជាក់ ពីព័ត៌មានខាងលើនៅឡើយទេ ។

កាំជ្រួចមីស៊ីល JL-3 ជាប្រភេទមីស៊ីលសម្រាប់បាញ់ចេញពីនាវាមុជទឹក ជំនន់ទី៣របស់កម្លាំងទាហានជើងទឹកចិន ។ មីស៊ីលនេះ អាចបាញ់បានចម្ងាយដល់ទៅ១៤០០០គីឡូម៉ែត្រ អាចបំពាក់ក្បាលគ្រាប់បរមាណូ១០គ្រាប់ ។

កន្លងមក មន្ត្រីគ្រប់គ្រងដែនសមុទ្រខេត្ត លីនីញ ប្រទេសចិនបាន ចេញបញ្ជាឲ្យក្រុមអ្នកនេសាទ ចេញពីតំបន់សមុទ្រ Bohai ដើម្បីឲ្យកម្លាំងទាហាន ជើងទឹកចិនធ្វើសមយុទ្ធនៅថ្ងៃទី២ ខែមិថុនា ។

រយពេលកន្លងមក មិនសូវមានព័ត៌មានស្តីពីមីស៊ីលឆ្លងទ្វីប JL-3របស់ចិនបានផ្សាយជាសាធារណនោះឡើយ ។ មីស៊ីលនេះត្រូវបានផលិតឡើងដើម្បី បំពាក់នៅក្នុងនាវាមុជទឹក ដើរដោយថាមពលបរមាណូ Type 96 ។

សកម្មភាពសាកល្បងអាវុធ បរមាណូ របស់ចិន ក៏ដូចជារុស្ស៊ី គឺដោយសារតែ អាមេរិក ប៉ុណ្ណោះ ។ អាមេរិកបាន អនុវត្តគោលនយោបាយ អាត្មានិយម ដោយដាក់គំនាបទៅលើទាំងប្រទេសរុស្ស៊ី និង ចិន ។ ចាប់តាំងពីលោកត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិក លោកត្រាំបានចាប់ផ្តើមអនុវត្តគោលនយោបាយអាមេរិកជាដំបូង «America First» ។

ប៉ុន្តែនៅពេលនេះ ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា គោលនយោបាយ «America First» របស់លោកត្រាំនៅពេលនេះ កមពុងតែ ប្រែក្លាយទៅ ជា «America Alone » ។ អាមេរិកកំពុងតែនៅឯការ នៅក្នុងពិភពលោកដោយសូម្បីតែសម្ព័ន្ធមិត្ត ក៏ចាកចេញពីអាមេរិកផងដែរ ។

ទីក្រុងវ៉ាស៊ីនតោនកំពុងតែដើរនៅលើផ្លូវ ដែលកាត់ផ្តាច់ខ្លួនឯងពីពិភពលោក តាមរយៈការបង្កជម្លោះពាណិជ្ជកម្ម ប្រឆាំងនឹងដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន និងមើលងាយចំពោះស្មារតីនៃការធ្វើពាណិជ្ជកម្មដោយសេរី និងប្រព័ន្ធពាណិជ្ជកម្មសកល ដែលប្រទេសដទៃទៀតនៅជុំវិញពិភពលោក បានទទួលយកយ៉ាងទូលំទូលាយ ។ ជាលទ្ធផលការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ត្រូវស្ថិតក្រោមហានិភ័យទៅវិញ ។

ប្រទេសធំៗមួយចំនួននៅអឺរ៉ុប ក៏បានមិនយល់ស្របជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ ជុំវិញការសម្រេចដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុន Huawei ។ តួយ៉ាងដូចជា អធិកាបតីអាល្លឺម៉ង់ លោកស្រី អេនជែឡា មើរគែល (Angela Merkel) បានប្រកាសប្រកាន់គោលជំហរដដែលថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei នៅតែស្វាគមន៍ឲ្យចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ ។

រីឯប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា បារាំង និងអឺរ៉ុប ជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការ គឺមិនរើសអើងនរណាម្នាក់ឡើយ ។ នៅអាស៊ីវិញនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បានថ្លែងគាំទ្រក្រុមហ៊ុន Huawei ដោយគូសបញ្ជាក់ច្បាស់ៗថា ប្រទេសលោកនឹងបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ ដើម្បីជាប្រយោជន៍ និងមិនខ្វល់ពីការបម្រាមរបស់អាមេរិក មកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិននេះ និងអ្នកបន្តប្រើប្រាស់ Huawei នោះឡើយ ។

មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនក៏កាន់តែទម្លាប់ខ្លួនក្នុងការប្រើប្រាស់ ឋានៈដែលជាប្រទេសមហាអំណាច ទៅដើរជិះជាន់ធ្វើបាបអ្នកដទៃ ដើម្បីតែប្រយោជន៍ខ្លួនឯង ។ ដូចជាករណីតួកគីជាដើម អាមេរិកបានព្រមានដាក់ពិន័យ ផ្នែកសេដ្ឋកិច្ចលើតួកគី ប្រសិនបើតួកគីមិនលុបចោលកិច្ចព្រមព្រៀង ទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីទេនោះ ហើយបានបញ្ចុះបញ្ចូលចង់ឲ្យតួកគី ងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់អាមេរិកវិញដែលមានតម្លៃថ្លៃលើស S-400 រហូតដល់ទៅ ០៧ដង ។

ខណៈដែលខ្លួនកំពុងព្យាយាមលេងផ្លូវអាក្រក់ក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម ទីក្រុងវ៉ាស៊ីនតោនក៏កំពុងតែបង្រួញភាពទទួលខុសត្រូវ នៅលើឆាកអន្តរជាតិផងដែរ ។ ក្នុងរយៈពេលមិនដល់ ០៣ឆ្នាំឡើយ សហរដ្ឋអាមេរិកបានដើរចេញពីកិច្ចព្រមព្រៀង និងស្ថាប័នអន្តរជាតិធំៗជាច្រើនរួមមាន កិច្ចព្រមព្រៀងទប់ស្កាត់ បញ្ហាបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស, កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់, សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី INF, ព្រមទាំងស្ថាប័នអប់រំវិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិជាដើម ។

គោលការណ៍ចម្បងដែលយកខ្លួនឯងជាសំខាន់របស់សហរដ្ឋអាមេរិក (America First) កំពុងធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសឯកោ (America Alone) ព្រោះថា ស្ថិតក្នុងសម័យសកលភាវូបនីយកម្ម គ្រប់ប្រទេសនានាត្រូវតែចេះរួមសហការ ដើម្បីឆ្ពោះទៅរកការរីកចម្រើនលូតលាស់ទាំងអស់គ្នា ប៉ុន្តែគ្មាននរណាម្នាក់ ចង់បានដៃគូដែលមានភាពក្រអឺតក្រទម ចូលចិត្តប្រើអំណាចគាបសង្កត់ និងប្រែប្រួល ដូចចុងស្រល់ឡើយ ដោយប្រទេសបែបនោះនៅលើឆាកអន្តរជាតិ មានដៃគូ និងអ្នកដើរតាមតិច ហើយនៅទីបំផុតប្រទេសនោះអាចនឹងធ្លាក់ខ្លួនទៅជា ប្រទេសមហាអំណាចខ្លាំងមួយជាក់ជាមិនខាន៕


ចែករំលែក៖