ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់រឹងមាំ តប់តអាមេរិក ហើយទៅចាប់ដៃជាមួយរុស្ស៊ី ទីក្រុងវ៉ាស៊ីនតោនបង្ខំចិត្តបន្ទាន់ឥរិយាបទ

ចែករំលែក៖

អាមេរិកបានដាក់គំនាបយ៉ាងខ្លាំងទៅលើប្រទេសអ៊ីរ៉ង់ ដោយសង្ឃឹមថា អ៊ីរ៉ង់ នឹងចុះញ៉ុមជាមួយអាមេរិក ។ ផ្ទុយទៅវិញ អ៊ីរ៉ង់បែរជារឹងមាំ​ តប់តអាមេរិក គ្រប់ជំហាន និងបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម បន្ថែមទៀត ។

កន្លងមក អ៊ីរ៉ង់មានបំណងផ្សះផ្សាជាមួយអាមេរិក ដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសទៅកាន់ទីក្រុងវ៉ាស៊ីនតោន​ ប៉ុន្តែ អាមេរិកមិនអនុញ្ញាតឲ្យចូលទឹកដីអាមេរិក ។ ពេលថ្មីៗនេះរដ្ឋមន្ត្រីការបរទេសអាមេរិក​លោក Mike Pompeo ក៏ត្រូវបានអ៊ីរ៉ង់ច្រានចោល​ដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ផងដែរ ។

នៅពេលនេះ រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជាបន្ទាន់ឥរិយាបទ ទៅលើប្រទេសអ៊ីរ៉ង់ ធ្វើឲ្យក្រុមអ្នកប្រឆាំង នឹងអ៊ីរ៉ង់ខឹងសម្បាយ៉ាងខ្លាំង ថារដ្ឋាភិបាលអាមេរិកគ្មានគោលជំហរច្បាស់លាស់ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Pompeo ​បានប្រកាសថា នឹង​ផ្តល់ការអនុញ្ញាតឲ្យមន្ត្រីអ៊ីរ៉ង់ចូលទឹកដីអាមេរិកវិញ ដើម្បីពិភាក្សាលើបញ្ហាពាក់ព័ន្ធ ។

នៅពេលដែលសហគមន៍អឺរ៉ុប មានសកម្មភាពងាកចេញពីអាមេរិក ​ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន បារម្ភយ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ ។ ​ ពិសេសគឺក្នុងពេលដែលអ៊ីរ៉ង់ ទើបតែចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ ការពារជាតិ​ មិនធ្លាប់មាន ជាមយយ​រុស្ស៊ី​ ក៏ដូចជាចិន ។

នៅពេលនេះ អាមេរិក​បានស្នើជាផ្លូវការ​ដល់ អាល្លឺម៉ង់ អង់គ្លេស បារាំង ចូលរួមជាមួយសម្ពន្ធមិត្តទាហានជើងទឹក​ក្រោមការដឹកនាំដោយអាមេរិក​ដើម្បីធានាសន្តិសុខដល់នាវាដឹកទំនិញនៅតំបន់សមុទ្រ ជិតប្រទេសអ៊ីរ៉ង់ ក្នុងនោះ មានសមុទ្រពែក្ស មេឌីទែរ៉ាណេ ជាដើម​ ។ សកម្មភាពរបស់អាមេរិក ក្រោយពេលដែលអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការពាររួមជាមួយរុស្ស៊ី ។

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់​បានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ ​បាន ស្នើដោយផ្ទាល់ទៅកាន់​សមភាគីបារាំង អាល្លឺម៉ង់ និងអង់គ្លេស​ដើម្បីធានាសន្តិសុខនៅតំបន់សមុទ្រពែក្ស ​ប្រឆាំងនឹងសកម្មភាពរបស់អ៊ីរ៉ង់ ។ អគ្គរដ្ឋទូតអាមេរិកបានបញ្ជាក់ថា សមាជិក រដ្ឋាភិបាលអាល្លឺម៉ង់ ​ត្រូវតែយល់ថា សេរីភាពចរាចរណ៍នៅដែនសមុទ្រ ចាំបាច់ត្រូវតែទទួលបានការការពារ ហើយបច្ចុប្បន្ន អ្នកណាជាអ្នកការពារសេរីភាពចរាចរណ៍ទាំងនោះ ។

ប្រទេសនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានបារាំង និងអាល្លឺម៉ង់ មិនពេញចិត្តទៅនឹងសម្ពន្ធមិត្ត ទាហានជើងទឹកដឹកនាំដោយអាមេរិកនោះឡើយ ដោយមានបំណងបង្កើត កម្លាំងដាច់ដោយឡែករបស់អឺរ៉ុប ។ នៅពេលនេះដែរ ប្រទេស ចិន រុស្ស៊ី បារាំង អាល្លឺម៉ង់ អង់គ្លេស កំពុងតែខិតខំ​ស្វែងរកវិធីសាស្ត្រ​ការពារកិច្ចព្រមព្រៀង បរមាណូអ៊ីរ៉ង់ បើទោះបីអាមេរិកបានដកចេញកាលពីឆ្នាំ​២០១៨ក្តី ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលនេះអាមេរិក និងសម្ពន្ធមិត្តដែល មានចេតនាអាកក្រក់ទៅលើប្រទេសអ៊ីរ៉ង់ បង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយអ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការទាហានជើងទឹកជាមួយរុស្ស៊ី បង្កើនសកម្មភាពការពាររួម ។ ​មិនតែប៉ុណ្ណោះ​ ទាហានជើងទឹកអ៊ីរ៉ង និងរុស្ស៊ី ត្រៀមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ នៅក្នុងតំបន់​ដោយមានយុទ្ធសាស្ត្រការពារ​ ។

ក្រៅពីរុស្ស៊ី អ៊ីរ៉ង់ក៏បាន បង្កើនទំនាក់ទំនងជាមួយចិនផងដែរ ។ ​ បច្ចុប្បន្នចិន និងរុស្ស៊ី ដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ ហើយតែងតែរារាំងរាល់ សកម្មភាពអាក្រក់របស់អាមេរិក ទៅលើប្រទេស ដែលមិនគាំទ្រខ្លួន ក្នុងនោះមាន អ៊ីរ៉ង់ វេណេហ្ស៊ុយអេឡា គុយបា ស៊ីរី … ជាដើម ។

កន្លងមកអាមេរិកបានបង្កផលលំបាកយ៉ាងខ្លាំងដល់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី​ ដោយស្នើឲ្យជប៉ុន បញ្ជូនទាហានជើងទឹកទៅចូលរួម ។ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្ស៊ូអាបេ​ ត្រូវជ្រើសរើស ​ ថាតើត្រូវបញ្ជូនកងទ័ព ដើម្បីបំពេញតាមគោលបំណងរបស់ប្រធានាធិបតីអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់​របស់ជប៉ុន ឬក៏បំពេញទៅតាមការចង់បានរបស់ពលរដ្ឋជាម្ចាស់ឆ្នោត​ដែលតែងតែប្រឆាំង​ ចំពោះការបញ្ជូនទាហានទៅក្រៅប្រទេស ។

ការអំពាវនាវឲ្យជប៉ុន ចូលរួមជាមួយសម្ព័ន្ធមិត្ត ការពារសន្តិសុខដល់នាវាដឹកទំនិញ​ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស​ ដើម្បីគេចឲ្យផុត អំពីការវាយប្រហាររបស់អ៊ីរ៉ង់ នោះ ធ្វើឲ្យនាយករដ្ឋមន្ត្រីជប៉ុន ប្រឈមនឹងការពិបាកសម្រេច បើធ្វើតាមអាមេរិក នឹងបាត់បង់ការគាំទ្រ តែបើចង់បានការគាំទ្រ ប៉ះពាល់ដល់សម្ព័ន្ធមិត្ត​ជាមួយនឹងអាមេរិក ។

កាលពីសប្តាហ៍កន្លងមកនេះ ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​បានប្រកាសថា អាមេរិក​បានស្នើឲ្យជប៉ុន​ ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធរួម នៅតំបន់ឈូងសមុទ្រពែក្ស​ ដែលមានយុទ្ធសាស្ត្រការពារ ។ ​ ជប៉ុនជាប្រទេស ដែល​ត្រូវការដឹកជញ្ជូនថាមពល តាមតំបន់ឈូងសមុទ្រពែក្ស រហូតដល់ទៅ​៨០ភាគរយ​​ ។ កត្ដាទាំងនេះហើយ ទើបធ្វើឲ្យជប៉ុនត្រូវតែមានការសម្រេច ឲ្យបានត្រឹមត្រូវបំផុត ក្នុងតំបន់សមុទ្រខាងលើ ខណៈកំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន លើផ្នែកសន្តិសុខ ក្រោយពេលកងទ័ពអ៊ីរ៉ង់ ចាប់នាវាដឹកប្រេងរបស់អង់គ្លេស ចំនួនពីរគ្រឿង ។

កន្លងមក សម្ព័ន្ធមិត្តអាមេរិកដ៏សំខាន់ នៅអាស៊ី គឺប្រទេសកូរ៉េខាងត្បូង បានសម្រេចបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅការពារនាវាដឹកទំនិញឆ្លងកាត់សមុទ្រពែក និងចូលរួមជាមួយសម្ពន្ធមិត្តទាហានជើងទឹក ដឹកនាំដោយអាមេរិក ៕

 


ចែករំលែក៖