ប្រជាពលរដ្ឋលីបង់ បានធ្វើបាតុកម្ម នៅទូទាំងប្រទេស អស់រយៈពេលជាច្រើនសប្ដាមកហើយដោយគួបផ្សំនឹងការរឹតបន្ដឹងនូវការធ្វើចរាចរណ៍ប្រាក់ដុល្លារថែមទៀតផង ទើបធ្វើឲ្យប្រទេសនេះ ប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់។
ម្ចាស់ស្ថានីយប្រេងឥន្ធនៈជាច្រើន នៅក្នុងរដ្ឋធានីប៉េរូត បានឲ្យដឹងថា ពួកគាត់នឹងមិនបញ្ជាទិញប្រេងចូលបន្ដទៀតទេ ព្រោះនៅពេលនេះ រដ្ឋាភិបាលបានរឹតបន្ដឹងនូវការធ្វើចរាចរណ៍ប្រាក់ដុល្លារ។ រីឯបញ្ហាកង្វះខាតប្រេងឥន្ធនៈនេះ បានកើតឡើង ដោយសារមានវិបត្ដិហិរញ្ញវត្ថុ និងការផ្ទុះឡើងនូវបាតុកម្ម នៅទូទាំងប្រទេសលីបង់។
បើយោងតាមទីភ្នាក់ងារ NNA (The National News Agency ) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា ស្ថានីយប្រេងឥន្ធនៈជាច្រើន នៅក្នុងរដ្ឋធានីប៉េរូត បានបិទអាជីវកម្មរបស់ពួកគេ ចាប់តាំងពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា មកម៉្លេះ។ រីឯស្ថានីយខ្លះទៀត បានលក់ប្រេងចេញអស់ រហូតធ្វើឲ្យអ្នកប្រើប្រាស់យានយន្ដ ពិបាករកកន្លែងចាក់សាំង។
សេចក្ដីរាយការណ៍ដដែល បានបន្ដថា ស្ថានីយភាគច្រើនបំផុត នៅក្នុងខេត្ត Akkar ក៏ត្រូវបានបិទទ្វារផងដែរ។ វិបត្តិប្រេងសាំង បានចាប់ផ្ដើមកើតឡើង នៅក្នុងខេត្តនេះ ហើយវាក៏កំពុងគំរាមកំហែងដល់សកម្មភាពប្រចាំថ្ងៃ នៅក្នុងខេត្តថែមទៀតផង។ ជាមួយគ្នានេះដែរ បណ្ដាទីក្រុង និងខេត្ដនានា នៅភាគខាងកើតប្រទេស ក៏កំពុងតែប្រឈមនឹងការខ្វះខាតប្រេងប្រើប្រាស់ផងដែរ។ ស្របពេលនេះ ក្រុមឈ្មួញមួយចំនួន ក៏ឆ្លៀតពេលដំឡើងថ្លៃសាំង ខុសពីតម្លៃធម្មតា ចំនួន២៥សេនថែមទៀតផង។
ប្រទេសលីបង់ បានប្រឈមមុខនឹងការដោះស្រាយបំណុលរបស់បរទេសជាង៨០ពាន់លានដុល្លារអាមេរិក និងជំនួយបរទេស។ រីឯរដ្ឋាភិបាល ក៏បានមានផែនការកាត់បន្ថយនូវឱនភាពថវិកា និងដំឡើងពន្ធទៅលើផលិតផលនានា រួមមាន ថ្នាំជក់ តម្លៃប្រេងសាំង និង កម្មវិធីផ្ញើសារ Whatsapp ។ ដោយសារតែបញ្ហានេះ ទើបធ្វើឲ្យប្រជាពលរដ្ឋលីបង់ ផ្ទុះបាតុកម្ម នៅទូទាំងប្រទេស។ រហូតមកដល់ពេលនេះ បើទោះជានាយករដ្ឋមន្រ្ដី សុខចិត្តលាលែងពីតំណែងទៅហើយក្ដី ក៏ក្រុមបាតុករ នៅតែមិនព្រមបញ្ឈប់តវ៉ាដដែល៕