ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ យករថយន្តដឹកទឹកកកទៅឈៀកផង

ចែករំលែក៖

ក្នុងនាមប្រជាពលរដ្ឋមួយរូបដែលមិនទាន់មានរថយន្តជិះនឹងគេ ចេះតែឆ្ងល់រឿង​គេនាំគ្នាយករថយន្តទៅឈៀក ដើម្បីកុំឲ្យសមត្ថកិច្ចផាកពិន័យ។ តើការឈៀកមាន​សារប្រយោជន៍អ្វីខ្លះ? ក្រៅតែពីយកលុយឲ្យក្រុមហ៊ុនឈៀក ដែលធ្វើការជាមួយ​ក្រសួងសាធារណការនោះ? សារសំខាន់តែមួយមាត់គត់ គឺរួមចំណែកកាត់បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ។ ប៉ុន្តែរថយន្តដឹកទឹកកកដែលទ្វារដាច់រណេង​រណោងយកខ្សែចងទប់ ដែលមានបិទឈៀកនៅនឹងកញ្ចក់រថយន្តនោះតើមានន័យយ៉ាងម្តេច?

រថយន្តដែលបានឈៀកហើយ ត្រូវបានគេបិទប័ណ្ណសម្គាល់ឈៀកនៅកញ្ចក់ រថយន្តខាងមុខ។ វាគ្រាន់តែជាក្រដាសមួយសន្លឹក ដែលបញ្ជាក់ថា​ រថយន្តនេះបាន​ឈៀករួចហើយ។ ប៉ុន្តែតើរថយន្តនេះមានលក្ខណបច្ចេកទេសគ្រប់គ្រាន់ត្រឹមត្រូវតាមស្តង់ដារ ឬនៅនោះ មិនមែនតាមរយៈការឈៀករួចហើយ រថយន្តអាចមានលក្ខណ​សម្បត្តិគ្រប់គ្រាន់ ទាំងលក្ខណៈបច្ចេកទេសអាចបើកបរបាននៅលើដងផ្លូវបាននោះឡើយ។ ការ ឈៀកគ្រាន់តែដើម្បីឲ្យដឹងថា រថយន្តមានបញ្ហាបច្ចេកទេសដូចជា ហ្វ្រាំង, ភ្លើង, កង់… ប៉ុន្តែម្ចាស់រថយន្តត្រូវយករថយន្តទៅធ្វើនៅកន្លែងផ្សេងទៀត។ ដូច្នេះមានន័យថា ការ ឆៀកគ្រាន់តែដើម្បីដឹងអំពីបញ្ហាគ្រឿងគ្រៅរបស់រថយន្តតែប៉ុណ្ណោះ។ ទីបំផុតម្ចាស់ រថយន្តត្រូវយករថយន្តទៅជួសជុល ឬធ្វើនៅយានដ្ឋានដដែល មិនមែនទៅឈៀក ហើយរថយន្តត្រឹមត្រូវតាមស្តង់ដារនោះទេ។

តាមខ្ញុំបាទគិតមើល ឆៀកគ្រាន់តែជាក្រដាសមួយសន្លឹក ដែលបិទនៅកញ្ចក់​រថយន្ត ផ្នែកខាងមុខ ដើម្បីកុំឲ្យនគរបាលផាកពិន័យតែប៉ុណ្ណោះ។ វាមិនមែនជាការ​បំពេញការខ្វះខាត ផ្នែកបច្ចេកទេសណាមួយរបស់រថយន្តនោះទេ។ ផ្ទុយទៅវិញ វាគឺជាបច្ចេកទេសរក ប្រាក់សុទ្ធសាធរបស់ជំនាញសាធារណការ។ ខ្ញុំបាទបានឃើញ​រថយន្តដឹកទឹកកកដែល មានទ្វារដាច់រញ៉េរញ៉ៃ គ្មានកញ្ចក់មើលក្រោយ, គ្មានភ្លើង​បំភ្លឺ… ប៉ុន្តែគាត់មានបិទឈៀក នៅនឹងកញ្ចក់ខាងមុខអ្នកបើកបរ។ តើសមត្ថកិច្ចផាក​ពិន័យគាត់ ឬយ៉ាងដូចម្តេច? តាមលក្ខណៈបច្ចេកទេសរថយន្តដឹកទឹកកក ស្ទើរតែ​ទាំងអស់ មិនបានបំពេញលក្ខខណ្ឌ និងស្តង់ដារត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញរថយន្ត​បែបនេះ ត្រូវគេឃើញបើកបរពេញ ផ្លូវក្នុងរាជធានីភ្នំពេញ។ ជួលកាលរថយន្តនោះ​ខូចនៅកណ្តាលផ្លូវ បណ្តាលឲ្យកកស្ទះចរាចរណ៍ រាប់ម៉ោងក៏មាន។ នៅពេលដែលគេឈ្ងោកមើលកញ្ចក់រថយន្តឃើញរថយន្តដឹកទឹកកក ដែលខូចនោះមានបិទ​ឈៀកទៀតផង។

រថយន្តធំៗដែលជួនកាលដាច់កង់ បណ្តាលឲ្យមានគ្រោះថ្នាក់នៅលើដងផ្លូវ ក៏ មានបិទឈៀកនៅលើកញ្ចក់ដែរ។ ប៉ុន្តែទីបំផុតនៅតែមានអ្នកស្លាប់ ដោយសាររថយន្ត ដែលមានបិទឈៀកនោះដដែល។ ដូច្នេះថ្នាក់ដឹកនាំក្រសួងសាធារណការ គួរពន្យល់ អំពីសារសំខាន់នៃការឈៀករថយន្តនោះឲ្យបានច្បាស់លាស់? បើឈៀករួចហើយ​ម្ចាស់រថយន្តមិនយករថយន្តខ្លួនទៅជួសជុល តើការឈៀកនោះមានសារសំខាន់​បែបណា? វាគ្រាន់តែធ្វើឡើងដើម្បីចែកលុយគ្នា រវាងពួកមន្រ្តីសាធារណការ និង​ក្រុមហ៊ុនដែល ម៉ៅការឆៀកនោះទេដឹង? ក្រសួងសាធារណការគួរពន្យល់ឲ្យច្បាស់លាស់ថារថយន្ត ចាស់ៗបើកជ្រុះកង់, ដាច់ទ្វារកណ្តាលផ្លូវ… ដែលមានបិទឈៀក​នៅនឹងកញ្ចក់ខាងមុខ នោះ វាយ៉ាងដូចម្តេច? រថយន្តទាំងនោះសុទ្ធតែបានឈៀក​ប៉ុន្តែលក្ខណបច្ចេកទេស គឺមិនបានជួសជុលឲ្យបានត្រឹមត្រូវនោះទេ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖