ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិ÷អ្នក​តា​កង្ហារ​ដែក

ចែករំលែក៖

អ្នកតាកង្ហារដែកស្ថិតនៅលើភ្នំជីសូរ សម័យមុនហៅថាភ្នំបារមីជីសូរ បច្ចុប្បន្នហៅថាគិរីសោភ័ណ នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

អ្នកតានោះមានអាយុប្រមាណជាជាងមួយសតវត្សមកហើយ បើគេឡើងទៅលើភ្នំ តាមផ្លូវខាងកើតត្រង់កំពែងបុរាណមួយ ឈ្មោះថា សែនធមលធ្មល់តាមជណ្ដើរកាច់នោះនោះ ឡើងទៅដល់ខាងលើ ត្រង់មាត់ទ្វារចូលទៅតាមកំពែងបន្ទាយសិលាទៅកាន់ប្រាសាទ ផ្លូវនោះបិទជិត គេត្រូវងាកឡើងទៅខាងឆ្វេង ខាងស្ដាំទៅវិញ ត្រង់កន្លែងផ្លូវបុរាណនោះ បានជាខ្ទមតាកង្ហារដែក ទៅនៅលើកំពែងបន្ទាយសិលានោះទៅវិញ ផ្ទះអ្នកតានោះសង់ឡើងដោយឥដ្ឋប្រក់ក្បឿងមានបណ្ដោយ ៣ម. ទទឹង ២ម. ៥០ ក្នុងខ្ទមពីខាងក្រោយ មានរាងជាថ្នាក់មានកម្ពស់ទាំងអស់ចំនួន តឹក សម្រាប់តម្កល់រូបសំណាកអ្នកតានិងអ្នកយាយ រូបនោះមានរបៀបជាបុរាណវត្ថុ មានរាងកំប៉ោង អង្គុយជើងម្ខាងបត់ ជើងម្ខាងបញ្ឈរជង្គង់ ដៃកាន់កង្ហារធ្វើដោយដែករូបសំណាកអ្នកយាយអង្គុយបត់ជើងរូបនោះមានផើងពីរ ពេញដោយជើងធូបមានកន្លែងបិទទៀន មានភាជន៍មួយសម្រាប់ដាក់ប្រាក់ ដែលគេយកទៅថ្វាយ ពីខាងមុខ និងសងខាងអ្នកតា មានទង់ចងប្រជ្រៀតគ្នា និង ឡង់-​តាំងយូជាច្រើន ដែលគេយកទៅថ្វាយ នៅក្បែរជញ្ជាំងមានច្រើនតែសក់ដែលអ្នកបន់គេកោរថ្វាយអ្នកតានោះ

មនុស្សទាំងឡាយ ទោះជិតក្ដីឆ្ងាយក្ដី តែងតែចូលទៅគោរពបូជា បន់ស្រន់រៀងរាល់ថ្ងៃពុំដែលខាន ជាពិសេសនៅចូលឆ្នាំម្ដង ក្នុងរវាង ថ្ងៃនោះនៅតាមផ្លូវពីខាងត្បូងត្រពាំងស្រង់ ស្ទើរតែរកដើរពុំរួច ព្រោះមនុស្សច្រើនដើរប្រជ្រៀតគ្នារហូតដល់កំពូលភ្នំ ក្នុងមួយឆ្នាំ គ្រាន់តែតង្វាយព្រះ និងអ្នកតានោះ ប្រមាណជា .០០០ .០០០រៀលយ៉ាងតិច

កាលពីឆ្នាំ ១៩៣៥ រាជការបារាំងសែស បានឡើងទៅរៀបចំសិលានៅលើភ្នំនោះ បានសុំរុះរើខ្ទមអ្នកតានោះចេញ លោកគ្រូចៅអធិការព្រះនាម ប៉ុល ក៏ព្រមអនុញ្ញាតឲ្យរុះរើ ប៉ុន្តែលោកឲ្យទៅនិយាយនឹងអ្នកតានោះផង គឺឲ្យរៀបចំបញ្ជាន់រូប និយាយឲ្យគេសុខចិត្តផងទើបបាន ពេលនោះបារាំងសែសក៏រៀបពិធីបញ្ចូលអ្នកតានោះ គេឲ្យទៅអញ្ជើញរូបដែលចូលនោះមក រូបនោះនៅខាងកើតភ្នំឈ្មោះ តា ឯក ប្រពន្ធឈ្មោះ ញឹក ផ្ទះក្នុងសង្កាត់ស្លា ស្រុកសំរោង ខែត្រតាកែវ ក្នុងពេលបញ្ចូលនោះ គេរៀបពិធីសព្វគ្រប់មានបាយសម្ល បង្អែម ចម្អាប មាន់ស្ងោរ ជ្រូកខ្វៃ មានអុជ ផាវប្រអប់ប្រវែង . លេងភ្លេងខ្មែរបុរាណ ភ្លេងពិណពាទ្យ ឆៃយ៉ាំ ដើម្បីនឹងបញ្ចូលអ្នកតា ហើយសុំរុះរើកន្លែងនោះចេញ ដល់អ្នកតាចូលរូបនោះ បារាំងក៏ចូលជជែកជាមួយនឹងរូបបារាំងចេះភាសាខ្មែរខ្លះដែរ ពេលនោះបារាំងនិយាយពីពង្សាវតារថាកន្លែងនេះជាដំបូលកំពែងសិលា ព្រោះបន្ទាយកំពែងសិលាកើត មិនមែនអ្នកតាកើតមុនបន្ទាយកំពែងសិលាទេ អ្នកតាទើបនឹងកើតក្រោយយ៉ាងពិតប្រាកដពេលនោះអ្នកតាក៏ព្រមចុះចាញ់បារាំង បារាំងក៏អញ្ជើញឲ្យទៅនៅជ្រុងកំពែងខាងជើង គេនឹងរៀបផ្ទះសងវិញឲ្យបានល្អដូចដើម ព្រោះហេតុហ្នឹងហើយបានជាសព្វថ្ងៃនេះ គេឃើញអ្នកតាកង្ហារដែកស្ថិតនៅខាងជើងវិញ កន្លែងផ្ទះអ្នកតានោះ ក្រោយដែលរុះរើផ្ទះអ្នកតាចេញហើយ បារាំងក៏រៀបចំចាក់ដីបំពេញ ហើយរៀបដុំថ្មដែលធ្លាក់បាក់បែកនោះ ដាក់ឲ្យបានស្រួលដូចដើមឡើងវិញ នៅខាងក្នុងបន្ទាយដែលមានដីដុះ កម្ពស់ប្រមាណ ០ម. ៧០ ក៏បារាំងឲ្យរែកដីនោះចេញអស់ បានស្អាតបាតរហូតដល់សព្វថ្ងៃនេះ

មានចម្រៀងមួយបទដែលទាក់ទងនឹងអ្នកតានោះជារបៀបសុំពរថាព្រះឥសូរជាកំពូលនៃទេវតា ហើយនិងអ្នកតាឈ្មោះកង្ហារដែក លោកមានឫទ្ធិពេញចម្លែកអ្នកស្រុកពឹងផ្អែក ទាំងប្រុសទាំងស្រី បន្ទាយប្រាសាទនាងខ្មៅ ស្រីស្រស់ស្រងៅមានឫទ្ធិចេស្ដា សូមជួយខេមរាសូមជួយខេមរា និងរក្សាផែនដី

សេចក្ដីបញ្ជាក់៖ រឿងអ្នកតាកង្ហារដែកដែលខ្ញុំសរសេរមកនេះ គឺខ្ញុំបានដឹងដោយបានទៅសំណាក់នៅនឹងវត្តភ្នំជីសូរនោះ ក្នុងពេលដែលបារាំងបានទៅរៀបចំសិលាប្រាសាទនៅលើភ្នំជីសូរនោះ មួយទៀត តាម្នាក់ឈ្មោះគ្រូញាណ ផ្ទះនៅភូមិជន្លាត់ដៃ សង្កាត់រវៀង ខាងលិចភ្នំ បានឲ្យការណ៍ថាអ្នកតានេះមិនមែនឈ្មោះដូចសព្វថ្ងៃនេះទេ ក្នុងរវាងជាង ៤០ ឆ្នាំមកហើយអ្នកតានោះចូលរូប គាត់ក៏បានសួរផ្ទាល់នឹងរូបអ្នកតានោះថា ហេតុអ្វីក៏ឈ្មោះថាកង្ហារដែក?”

អ្នកតាឆ្លើយថា ដើមឡើយយើងឈ្មោះ ដំបងដែក មិនមែនឈ្មោះកង្ហារដែកទេព្រោះយើងមានឥទ្ធិពលខ្លាំងណាស់ សូម្បីតែដើមត្នោត ក៏យើងយក​​មកគ្រវី​​ឲ្យវិលដូចកង្ហារបានដែរ ហេតុហ្នឹងហើយបានជាអ្នកស្រុកហៅថា កង្ហារដែករហូតមក

សួរ ចុះមានអ្នកតាមានឥទ្ធិពលជាងនេះទៀតទេនៅក្នុងស្រុកនេះ ?

ឆ្លើយ គ្មានទេ ក្នុងខែត្រទាំងមូលមានតែយើងធំជាងគេ ហើយមានឥទ្ធិពលជាងគេ បើមានឥទ្ធិពលជាងយើង ហើយធំជាងយើងនោះមានតែនៅភ្នំគូលែនណោះ

សួរ ចុះរូបសំណាកម្ដេចក៏មានកាន់កង្ហារដែកទៅវិញ?

ឆ្លើយ រូបសព្វថ្ងៃនេះគេកសាងក្រោយទេ រូបមុននោះគេធ្វើកាន់ដំបងដែក ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)


ចែករំលែក៖