ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Pfizer ដាក់លិខិតទៅកាន់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA)​ស្នើប្រើប្រាស់បន្ទាន់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

ចែករំលែក៖

នៅពេលនេះ ក្រុមហ៊ុន​ផលិតឱសថ Pfizer បានបញ្ជូនលិខិតជាផ្លូវការទៅកាន់ រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) ស្នើប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំងប្រឆាំងកូវីដ-​១៩ ក្រោយពេលទទួលបានជោគជ័យជាង​៩៥%​ ក្នុងការធ្វើតេស្ត ហើយមិនមានផលបះពាល់ណាមួយនោះឡើយ។ សំណើខាងលើ ក្នុងគោលដៅទប់ស្កាត់ការស្លាប់ដោយកូវីដ​-១៩​កាន់តែច្រើន ដោយពេលនេះមានអ្នកស្លាប់ជាង​១,៣ លាននាក់ហើយលើពិភពលោក​។
សារព័ត៌មានChannel News Asia (CNA) បានផ្សាយថា ​​លិខិតបានបញ្ជូនទៅកាន់​(FDA) រួចរាល់​រងចាំតែការអនុញ្ញាត ឲ្យប្រើប្រាស់និងលក់នៅលើទីផ្សារអាមេរិក​។ នេះជាជំហានដ៏សំខាន់ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកាន់តែច្រើន ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។
សំណើខាងលើកើតឡើងក្រោយពេលក្រុមហ៊ុនPfizer​ របស់អាមេរិក និងក្រុមហ៊ុនBioNTech ប្រកាសថា​វ៉ាក់សាំងរបស់ខ្លួន​មានប្រសិទ្ធភាពដល់ទៅជាង​៩៥ភាគរយ ហើយមិនប៉ះពាល់ដល់សុខភាព​របស់ពលរដ្ឋនោះឡើយ។ ក្រុមហ៊ុនទាំងពីរ​ក៏មានគម្រោងបញ្ចេញវ៉ាក់សាំង ឲ្យប្រើប្រាស់នៅចុងឆ្នាំ​២០២០នេះ ។
ក្រុមហ៊ុន Pfizer និង BioNTech សង្ឃឹមថា FDA នឹងអនុញ្ញាតឲ្យផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-​១៩ EUA នៅពេលកណ្តាលខែធ្នូ ខាងមុខ ដើម្បីចែកចាយទៅកាន់មន្ទីរសុខាភិបាលនានា ៕

ដោយ៖ធី រីណា


ចែករំលែក៖