ខេត្តកំពង់ធំ ៖ នៅរដូវធ្លាក់ខ្យល់ ទឹកស្រក ជាពិសេសនៅពាក់កណ្តាលខែមករានេះ ត្រីចាប់ផ្តើមសម្បូរ។ ជាមួយនេះរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ៦ មករា បានជូនដំណឹងពីត្រីត្រូវម្តងទៀតចាប់ថ្ងៃទី ៩ ដល់ ១៤ ខែមករា។
ករណីនេះធ្វើឲ្យប្រជាពលរដ្ឋមមាញឹកនៅក្នុងការធ្វើផ្អក ប្រហុក និងត្រីឆ្អើរទុកសម្រាប់ទុកហូប និងលក់ផ្គត់ផ្គង់ជីវភាពកាន់តែប្រសើរ។
ដោយឡែកនៅតាមដងទន្លេសែនក្នុងខេត្តកំពង់ធំ ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទក៏ចាប់ផ្តើមនាំគ្នាធ្វើផ្អក ប្រហុក និងត្រីឆ្អើរ ត្រៀមទុកលក់ផងដែរ។
ស្រ្តីវ័យកណ្តាលម្នាក់ រស់នៅតាមដងទន្លេសែន ក្នុងខេត្តកំពង់ធំនេះដែលមានជំនាញខាងធ្វើត្រីឆ្អើរលក់ជិត២០ឆ្នាំមកហើយនោះបានមានប្រសាសន៍ថាក្នុងរដូវត្រីត្រូវនេះ គាត់ធ្វើត្រីឆ្អើរបានក្នុង ១ ថ្ងៃៗ ចាប់ពី ២០ គីឡូក្រាម ទៅជាង ១០០ គីឡូក្រាម ទៅតាមថ្ងៃណាដែលមានត្រីតិច ឬ ច្រើន ។ ក្រៅពីធ្វើត្រីឆ្អើរ អ្នកស្រីធ្វើប្រហុក ផ្អក និង ត្រីងៀត សម្រាប់ទុកលក់ផងដែរ ។
គាត់ថា សម្រាប់ត្រីឆ្អើរ ជាត្រីចង្វារមូល អាចលក់បានមួយចង្កាក់ ជាង១០០០រៀល និងបើត្រីធំៗ ជាងនេះលក់មួយចង្កាក់ ចាប់ពី ២០០០ ទៅ ៥០០០ រៀល ។ មុខរបរធ្វើត្រីឆ្អើរ លក់ អាចជួយទ្រទ្រង់ជីវភាពគ្រួសារគាត់បានល្អប្រសើរ ។
ដោយឡែកសម្រាប់សហគមន៍នានាជាពិសេសក្នុង នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយជាដើមតែងតែចុះកែច្នៃត្រីតាមទម្លាប់នេះស្ទើរគ្រប់កន្លែង នៅក្នុងនោះមានសហគមន៍ទួលនាងសាវផ្លូវលួងជាដើម។ ក្រៅពីប្រកបការងារស្រែចម្ការពួកគាត់ឆ្លៀតនេសាទ យកត្រីមកធ្វើផ្អក ប្រហុក ត្រីឆ្អើរ សម្រាប់លក់ និងហូបផងដែរ។
លោក ម៉ុក ឃឿន អនុប្រធានសហគមន៍ ទួលនាងសាវផ្លូវលួងបានឱ្យដឹងថា សហគមន៍របស់លោកមានពលរដ្ឋចំនួន ២៧៧ គ្រួសារ ក្នុងនោះ៨០ ភាគរយជាអ្នកនេសាទ ។ ប្រជាពលរដ្ឋដែលអាស្រ័យផល ទៅលើការនេសាទនេះ ភាគច្រើនប្រកបរបរធ្វើត្រីឆ្អើរ ផ្អក ប្រហុក លក់ សម្រាប់ចិញ្ចឹមជីវិត ។ លោកបានឱ្យដឹងបន្ថែមថា ដើម្បីអភិរក្សត្រី ឱ្យគង់វង្សនោះសហគមន៍បានធ្វើការបែងចែកតំបន់ឱ្យ ពលរដ្ឋរកត្រី ដែលតតំបន់ខ្លះសហគមន៍កំណត់មិនឲ្យរកតែម្តង ដើម្បីរក្សាពូជត្រី។តែតំបន់ខ្លះអាចរកបានតាមរដូវ ឯតំបន់ខ្លះទៀតពលរដ្ឋអាចរកបា នប្រចាំថ្ងៃសម្រាប់ចិញ្ចឹមជីវិតធម្មតាប៉ុណ្ណោះ ។
មេឃុំផាត់សណ្តាយលោក ហេង មនោ បានមានប្រសាសន៍ថា ការធ្វើ ត្រីឆ្អើរ របស់ប្រជាពលរដ្ឋធ្វើឡើងតាមរដូវកាល ហើយសម្បូរតែខែ វិច្ឆិកា ដល់ ខែ កុម្ភៈ។ តែនៅរដូវប្រាំងពុំអាចរកត្រីបានទៀតទេ ។ លោកថា នៅឆ្នាំនេះ មានការសង្កេតឃើញថា បរិមាណត្រូវអអាចប្រហែលនឹងឆ្នាំមុនៗក៏ប៉ុន្តែតម្លៃបានធ្លាក់ចុះ ។ ឆ្នាំនេះត្រីប្រហុក មានតម្លៃចន្លោះពី ២ ២០០០ ទៅ ២៥០០រៀល រីឯឆ្នាំមុន មានតម្លៃចន្លោះពី ៤០០០ទៅ ៥០០០ រៀល។
យ៉ាងណាប្រជាពលរដ្ឋបានយល់ដឹងច្រើន ក្នុងការចូលរួមថែរក្សាធនធានធម្មជាតិ ដូចជាពួកគាត់ បានចូលរួមអភិរក្សត្រីចម្រុះ ចេះស្រឡាញ់បរិស្ថាន និងសម្អាតអនាម័យតាម ដងស្ទឹងធ្វើឲ្យអាចទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តតំបន់នេះច្រើនគួរសម៕
ដោយ ៖ ប្រាថ្នា