ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា, រាល់ការជួសជុលសំណង់បុរាណ ដូចជាប្រាសាទកសាងពីថ្មភក់ សំណង់ឥដ្ឋ ឬក៏ថ្មបាយក្រៀមនោះទេ ក្រៅតែពីការធ្វើកំណាយស្រាវជ្រាវ ការពង្រឹងគ្រឹះឡើងវិញ ការស្វែងរកថ្មមកផ្គុំដាក់នៅទីតាំងដើម បំពេញថ្មថ្មីនៅតាមកន្លែងបាត់បង់ ឬខូចខាតដែលចាំបាច់នោះ ការបិទបាយអនៅតាមចន្លោះប្រហោងថ្មដែលខូចខាតឬបាត់បង់ និងនៅតាមមុខតំណក៏ជាកត្តាសំខាន់ដូចគ្នា ដើម្បីការពារការទឹកកុំឱ្យជ្រាបចូលបានតទៅទៀត។
ក្រុមអ្នកជំនាញផ្នែកអភិរក្សសំណង់បុរាណឱ្យដឹងថា រាល់សំណង់បុរាណទាំងឡាយ កាលណាទឹកហូរចូលគឺវាអាចបណ្តាលឱ្យគ្រឹះរបស់សំណង់ឆាប់ចុះខ្សោយ និងឈានដល់ការខូចខាត។ ដោយសារតែមើលឃើញកត្តាសំខាន់នៃការទប់ស្កាត់ទឹកមិនឱ្យជ្រាបចូលរចនាសម្ពន្ធនៃសំណង់នេះហើយ បានជានៅពេលជួសជុលឡើងវិញនូវសំណង់បុរាណនីមួយៗ អ្នកជួសជុលតែងយកចិត្តទុកដាក់បំផុត ទៅលើថ្មមួយចំនួន និងកន្លែងខ្លះ ដែលមិនល្អពេញលេញ១០០ភាគរយនោះ គឺតម្រូវឱ្យបិទបាយអរនៅតាមចន្លោះប្រហោងនៅតាមទីតាំងដែលមានបញ្ហាជាចាំបាច់។ ក្រុមអ្នកបច្ចេកទេសឱ្យដឹងថា បិទផ្ជិតបាយអនៅតាមមុខតំណនៃសំណង់ ដើម្បីការពារហានិភ័យទាំងអស់ ដែលអាចកើតឡើង។
កម្មករជំនាញម្នាក់ ដែលមានបទពិសោធន៍ប្រមាណ៧ឆ្នាំហើយ លោក ទក ធុល អាយុ៦១ឆ្នាំមានប្រសាសន៍ថា វត្ថុធាតុដែលអាចយកមកផលិតជាបាយអបាន គឺត្រូវយកម្សៅថ្មបាយក្រៀម ម្សៅឥដ្ឋ កំបោរ និងខ្សាច់លាយជាមួយទឹកទៅតាមសមាសធាតុជាក់ស្តែង។ នៅពេលបិទ ឬបៀកវា ដើម្បីឱ្យជាប់រឹងមាំ គឺត្រូវដាក់ល្បាយកំបោរបាយអដុំគ្រើមៗជាមុន បន្ទាប់មកទើបបៀកកំបោរបាយអម៉ដ្ឋពីលើម្តងបន្តិចៗសង្កត់ឱ្យហាប់ណែនពេញចន្លោះប្រហោងនោះ ទើបមានគុណភាពមិនងាយទឹកជ្រាបចូល ព្រមទាំងមើលទៅមិនទើសទាស់ភ្នែក ព្រមទាំងលើកសោភណ័ភាពសំណង់មួយកម្រិតទៀតផង។
លោក ទក ធុល បញ្ជាក់ទៀតថា លោកធ្លាប់មានបទពិសោធន៍ធ្វើការងារជួសជុលប្រាសាទជាមួយបារាំងជាច្រើនឆ្នាំលើផ្នែកដាប់ឆ្លាក់ក្បាច់ និងលោកទទួលបានចំណេះដឹងផ្នែកផលិតកំបោរបាយអ និងបិទបាយអនេះ នៅច្រាំងកសិន្ធុខាងជើងស្ពានហាលនៃប្រាសាទអង្គរវត្ត បន្តពីអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ប្រមាណជា៧ឆ្នាំមកហើយ៕
ដោយ : សហការី