ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា ៖ ការពារនិងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារ ដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិ។ ក្នុងនោះលោកលើកពីសារសំខាន់៣យ៉ាង ៖
១) ប្រព័ន្ធជីវៈចម្រុះនិងធម្មជាតិមានសារៈសំខាន់ សម្រាប់ជីវិតនៅលើផែនដី។ សកម្មភាពកសិកម្មអេកូឡូស៊ីមានសារៈសំខាន់កាន់តែខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ ដើម្បីកែតំរូវស្ថានភាពនេះនិងធ្វើអោយមានតុល្យភាពអេកូឡូស៊ីធម្មជាតិ។ ម្យ៉ាងវិញទៀត ការធ្វើកសិកម្មអេកូឡូសុី ដាំដំណាំចម្រុះ តាមបែបធម្មជាតិ នៅជុំវិញផ្ទះ ឬមូលដ្ឋាន ក៏ជួយអភិរក្សដីឱ្យមានជីជាតិ ជារៀងរហូតផងដែរ ហើយជួយពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រព័ន្ធស្បៀងអាហារ និងការថែរក្សាធនធានធម្មជាតិនិងបរិស្ថាន។
២) យើងដឹងថាការការពារនិងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារ ដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានបញ្ជាក់ថាយើងត្រូវការភាពស្អាត ភាពបៃតង និងចីរភាព ដោយត្រូវការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ ប្រសិនបើយើងចង់សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងពិភពលោកកាន់តែរីកចម្រើន។ ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងមុំយុទ្ធសាស្រ្តទី២«បៃតង» បានពង្រឹងការដាំឈើឱ្យបានច្រើន ដើម្បីស្តារព្រៃ បង្កើនគម្របព្រៃ បង្កើនគម្របបៃតងនៅតាមផ្ទះ គឺដាំដំណាំ ដើមឈើ តាមសាលារៀន វត្តអារាម នៅតាមមូលដ្ឋានសហគមន៍ ការពង្រឹងការអភិរក្សជីវៈចម្រុះ និងគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាជួយពង្រឹងជីវភាពប្រជាពលរដ្ឋ ដោយអាទាញប្រយោជន៍ពីភាពបៃតងនេះ។
ពេលនេះយើងត្រូវចូលរួមពង្រឹងការរួមចំណែកជួយធម្មជាតិ គឺក៏ជួយខ្លួនឯង និងមនុស្សជាតិ មិនត្រឹមតែនៅកម្ពុជា និងនៅលើពិភពលោក បញរោះថាការថែរក្សការពារព្រៃឈើ តាមរយៈការធ្វើបន្លែ ការដាំដុះ ដែលមិនប៉ះពាល់ដីព្រៃ ការមិនប្រើជីគីមី នាំឱ្យធម្មជាតិ ជីវៈចម្រុះ មានការថែទាំបានល្អ ផ្តល់ប្រយោជន៍មកមនុស្សវិញ ដូចជាចំណូលសម្រាប់គ្រួសារ មានសុខភាពល្អ ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជាប្រភពនៃការទាក់ទាញនៃការធ្វើពាណិជ្ជកម្មកាបូន ដែលកម្ពុជា កំពុងប្រតិបត្តិការនៅតំបន់ការពារធម្មជាតិមួយចំនួនរួចមកហើយ។
ពិភពលោកយើងកំពុងយកចិត្តទុកដាក់ខ្លាំងចំពោះធនធានធម្មជាតិ និង ជីវៈចម្រុះ ជាច្រើនប្រភេទកំពុងស្ថិតក្នុងហានិភ័យនៃការផុតពូជ ដោយសារការប៉ះពាល់ដី និងការយាយីពីមនុស្សជារៀងរាល់ឆ្នាំ។ ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋ ចូលុរួមក្នុងសកម្មភាពចាំបាច់ បញ្ឈប់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងចូលរួមពង្រឹងប្រព័ន្ធស្បៀងនិងកសិកម្ម ក៏ដូចជាចំណីអាហារ ត្រូវតែមាននិរន្តរភាព ។ ត្រូវពង្រីកកិច្ចខំប្រឹងប្រែងអភិរក្សនិងស្ដារឡើងវិញជុំវិញពិភពលោក។ ដំណោះស្រាយលើធនធានធម្មជាតិអាចជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់មួយភាគបី ព្រមជាមួយអត្ថប្រយោជន៍ផ្សេងទៀត៕
ដោយ ៖ សិលា