ព័ត៌មានទាន់ហេតុការណ៍៖

ក្រោមការដឹកនាំរបស់ព្រះរាជទាយាទ សាលម៉ែន​ ស្ត្រីអារ៉ាប៊ីសាអូឌីត កាន់តែទទួលបានសិទ្ធិសេរីភាពដែលមិនធ្លាប់មាន

ចែករំលែក៖

សាឌីអារ៉ាប៊ី មានច្បាប់តឹងតែងយ៉ាងខ្លាំង ចំពោះស្ត្រី ហើយស្ត្រីគ្មានសិទ្ធិ នោះឡើយក្នុងសង្គមប្រទេសនេះ ។ ​ប៉ុន្តែក្រោយពេលដែល រាជបុត្រ បីល សាលម៉ែន ត្រូវបានតែងតាំងជា រាជទាយាទ សម្រាប់ស្នើងតំណែង ព្រះអង្គបានកែប្រែ ច្បាប់ជាច្រើន ក្នុងនោះ បានអនុញ្ញាតឲ្យ ស្ត្រីបើកបរ រថយន្តបាន ក៏ដូចជាទៅចូលរួម ទស្សនាការប្រកួតបាល់ទាត់ ដូចជាបុរស ។

នៅពេលនេះដែរ រដ្ឋាភិបាល នៃប្រទេសអារ៉ាប៊ី សាអូឌីត​ កាលពី ថ្ងៃទី​១ ខែសីហា បានអនុញ្ញាត​ឲ្យស្ត្រីចាកចេញទៅក្រៅប្រទេសបាន ដោយមិនចាំបាច់ ទទួលបានការឯកភាពពីបុរស នៅក្នុងក្រុមគ្រួសារ​នោះឡើយ ។

សារព័ត៌មាន​ AFP ​បានផ្សាយថា​ ការសម្រេចរបស់រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត បែបនេះ គឺកើតឡើង ក្រោយពេលអង្គការសង្គមស៊ីវិល បានប្រឆាំងតវ៉ា រយៈពេលជាច្រើន​ឆ្នាំ ដើម្បីបើកឲ្យមានសិទ្ធិទូលំទូលាយដល់ស្ត្រី ក្នុងប្រទេសនេះ ។ ចុងក្រោយ រដ្ឋាភិបាល នៃប្រទេសនេះ បានសម្រេចប្រកាសជាផ្លូវការ នៅលើបណ្តាញព័ត៌មាន​ Umm Al Qura ​ថា «រដ្ឋាភិបាលនឹងផ្តល់លិខិតឆ្លងដែន​ដល់អ្នកដែលបានស្នើសុំ ដោយមិនថា បុរស​ ឬស្ត្រីនោះឡើយ» ។ នៅក្នុងសេចក្តីប្រកាសនោះ​បានបញ្ជាក់ទៀតថា ស្ត្រីដែលមានអាយុ ចាប់ពី​២១ឆ្នាំឡើងទៅ គឺមានសិទ្ធិកាន់លិខិតឆ្លងដែន ហើយ​អាចចាកចេញទៅប្រទេសក្រៅបាន ដោយមិនចាំបាច់ទទួលបានការអនុញ្ញាត ពី​បុរស (មេគ្រួសារ) នោះឡើយ ។

ការសម្រេចខាងលើ​ គឺជាការកាត់បន្ថយនូវសិទ្ធិអំណាច ក្នុងការ​តាមដាន ត្រួតពិនិត្យ​របស់បុរស ដែលជាស្វាមី ឪពុក ឬបងប្រុស​ នៅក្នុងគ្រួសារ​ ។ កន្លងមក ស្ត្រីអារ៉ាប់ មិនមានសិទ្ធិ​ដើរហើរ ឬធ្វើដំណើរចេញក្រៅប្រទេស​ បើគ្មានមនុស្សប្រុសទៅជាមួយ ។ ​ កន្លងមក អារ៉ាប៊ី សាអូឌីត ក៏បានអនុម័តច្បាប់ជាប្រវត្តិសាស្ត្រ ដើម្បីបើកផ្លូវឲ្យស្ត្រីភេទ អាចបើកបររថយន្តបាន ខណៈពីមុនមក មិនធ្លាប់មាននោះឡើយ ។

ការសម្រេច​របស់រដ្ឋាភិបាលអារ៉ាប់ ប៊ីសាអូឌីត បែបនេះ នឹង​ជួយឲ្យស្ត្រីភេទ រស់នៅក្នុងប្រទេស​អារ៉ាប៊ី សាអូឌីត អាចធ្វើដំណើរទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត ក្នុងតំបន់ អារ៉ាប់ យ៉ាងងាយស្រួលបំផុត​ ដោយមិនចាំបាច់ មានការអនុញ្ញាតពីមនុស្សប្រុស នៅក្នុងគ្រួសារ​ ៕


ចែករំលែក៖