ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយអាមេរិកគ្មានប្រតិកម្ម កូរ៉េខាងជើង អះអាងថា ជាការព្រមានដល់អាមេរិក​

ចែករំលែក៖

ការបាញ់មីស៊ីល ៤លើកកន្លងមករបស់កូរ៉េខាងជើង មិនបានធ្វើឲ្យអាមេរិកខឹង ឬថ្កោល​ទោស ប្រទេសនេះឡើយ មិនតែប៉ុណ្ណោះ ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា ការបាញ់មីស៊ីលរយៈចម្ងាយខ្លី គឺជារឿងធម្មតា មិនបានគំរាមកំហែងដល់អាមេរិក ឬ ប៉ះពាល់ដល់ទំនាក់ទំនង ប្រទេសទាំងពីរនោះឡើយ​ ។

ប៉ុន្តែ ក្រោយអាមេរិកមិនមានប្រតិកម្មសោះ កូរ៉េខាងជើង​ អះអាងថា ការបាញ់មីស៊ីលនោះ គឺជាការព្រមាន​ដល់អាមេរិក និងកូរ៉េខាងត្បូង ។ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ មេដឹកនាំគីម ជុងអ៊ុន បានត្រួតពិនិត្យ ដោយផ្ទាល់ចំពោះការបាញ់​គ្រាប់ពិត​ដែលទើបនឹងអភិវឌ្ឍថ្មី គឺប្រព័ន្ធមីស៊ីល​បាល្លីស្ទិក ​រយៈចម្ងាយខ្លី​ ហើយនេះក៏ជាការសាកល្បង​មួយ​​ ដើម្បីជាសារព្រមាន​ផ្ញើទៅកាន់អាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងធ្វើសមយុទ្ធយោធារួមគ្នា ។

សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា មីស៊ីល២គ្រាប់ បាន​បាញ់ចេញពី​ទីតាំងទ័ពអាកាស​ភាគខាងលិច ហោះឆ្លងកាត់ប្រទេស​ទៅកាន់តំបន់​ជុំវិញ​រដ្ឋធានីព្យុងយ៉ាង មុនពេល​វាទៅដល់គោលដៅ ដែលបានកំណត់ជាក់លាក់ នៅដែនកោះមួយ​ ស្ថិតក្នុងឈូងសមុទ្រ ភាគ​ខាងកើត ។

ការបាញ់សាកល្បងមីស៊ីល​លើកទី៤នេះ បានកើតឡើង នៅក្នុងអំឡុងពេល២សប្តាហ៍​កន្លងមកនេះ ចំពេល​ស្ថានការណ៍​កំពុងជាប់គាំង​ នៅក្នុងកិច្ចពិភាក្សា​ ស្ដីពីអាវុធបរមាណូ និងក្រោយពេល​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានច្រានចោល​ម្តងជាពីរដងថា មីស៊ីលនោះ មិនមែនជាការគំរាមកំហែង​ដល់ទឹកដីអាមេរិកនោះឡើយ ។ មីស៊ីលដែលកូរ៉េខាងជើង បាញ់សាកល្បងនេះ មានសមត្ថភាព​វាយប្រហារ​ដល់​កូរ៉េខាងត្បូង និងជប៉ុន ព្រមទាំង​បន្ទាយយោធា​របស់អាមេរិក ដែលកំពុងស្ថិតនៅទីនោះផងដែរ ។

អ្នកជំនាញ​បានលើកឡើងថា ការដែលលោកត្រាំ សម្តែងការមិនកង្វល់ ចំពោះ​កូរ៉េខាងជើងបាញ់មីស៊ីល​ថ្មីៗនេះ ក៏ទំនងប្រហែលជា​ ដើម្បី​ទុកឱកាសឲ្យប្រទេស​នេះ ពង្រឹង​សមត្ថភាព និងទម្ងន់កាន់តែធ្ងន់ នៅមុនពេលកិច្ចពិភាក្សា​​ជាមួយគ្នា កើតឡើង នៅពេលខាងមុខ គឺក្នុងខែ​ក្រោយនេះ បន្ទាប់ពី​បញ្ចប់ការសមយុទ្ធយោធា​ រវាងអាមេរិក និងកូរ៉េខាងត្បូង ។

លោក Lee Sang-min អ្នកនាំពាក្យ​ក្រសួងបង្រួបបង្រួម​កូរ៉េខាងត្បូង បានថ្លែងថា កូរ៉េខាងជើង​ បានបាញ់សាកល្បងមីស៊ីលថ្មីៗនេះ មិនបានជួយដល់កិច្ចខិតខំប្រឹងប្រែង ​​​ដើម្បី ស្ថិរភាព និងសន្តិភាព​នោះឡើយ ។ ជាមួយគ្នានេះ លោកបានអំពាវនាវ​ដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ត្រូវតែ​អនុវត្ត​តាម​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ ​ដែលបានចុះហត្ថលេខា​ កាលពីឆ្នាំមុន ដើម្បីបង្កើត​គណៈកម្មការយោធារួមគ្នា​មួយ​ពិភាក្សា​ពីគោលដៅកាត់បន្ថយ​ស្ថានការណ៍តានតឹង ដោយយោធាវិញ វាប្រសើរជាង៕


ចែករំលែក៖