មានរឿងបុរាណដំណាលតៗ គ្នាមកថា មានបុរសម្នាក់ នៅជាមួយនឹងប្រពន្ធ តាំងពីក្មេងដល់ចាស់ ខំរកស៊ីបានមាសមួយបាទ តែគ្មានកូនសោះ ។ ប្ដីប្រពន្ធនេះផ្ដាំគ្នាទៅវិញទៅមកថា “បើអ្នកណាស្លាប់មុន ត្រូវយកមាសនេះដាក់មាត់អ្នកនោះ” ។ ចំណេរតមកមិនយូរប៉ុន្មាន ប្ដីស្លាប់មុនទៅ ។ ប្រពន្ធ ក៏យកមាសនោះដាក់ក្នុងមាត់ប្ដី ហើយយកខ្មោចប្ដីទៅបូជា ។ ភ្លើងឆេះរលាយមាសនោះអស់ នៅសល់តែ ៣ ស្លឹង ។
សម័យមួយ ព្រះមហាក្សត្រមួយអង្គ មានលោភចិត្តគ្របសង្កត់ ក៏ចេញព្រះរាជអាជ្ញាឲ្យរៃយកមាសក្នុងមួយផ្ទះចំនួនមួយបាទ ជាកំហិត ។ យាយជាប្រពន្ធរបស់ខ្មោចតានោះ ក៏យកមាស ៣ ស្លឹង ដែលគាត់រើសទុកនោះ ទៅថ្វាយព្រះមហាក្សត្រ ហើយក្រាបទូលថា “ក្រាបទូលព្រះករុណា ! មាសនេះ ពីដើមពេញមួយបាទ, តែខ្ញុំម្ចាស់យកទៅបង់មាត់ឲ្យប្ដីខ្ញុំ ៗ ខ្ញុំម្ចាស់យកទៅពុំបាន ក៏ត្រូវភ្លើងឆេះខាតអស់ខ្លះទៅ នៅសល់តែប៉ុណ្ណេះ សូមព្រះករុណា មេត្តាដល់សត្វទាល់ក្រផងចុះ ខ្ញុំម្ចាស់ទាស់មធ្យោបាយនឹងទៅរកមាសឯណាឲ្យគ្រប់ចំនួនថ្វាយព្រះអង្គ ពុំបានឡើយ” ។ ព្រះមហាក្សត្រ ទ្រង់ព្រះសណ្ដាប់ ក៏កើតធម្មសង្វេគស្លុតព្រះទ័យ ទើបទ្រង់ប្រកាសឲ្យលើកលែងរៃយកមាស អំពីបណ្ដារាស្ត្រតទៅទៀត ។
អាស្រ័យរឿងនេះ ទើបបណ្ដារាស្ត្រទាំងអស់យល់ថា ប្រាក់ ឬមាសដែលបង់ក្នុងមាត់ខ្មោច មានអនុភាពទៅលើទឹកចិត្តមនុស្សណាស់ សូម្បីព្រះមហាក្សត្រ ក៏ចុះចាញ់អានុភាពនេះដែរ ។ មួយទៀត អានុភាពនៃប្រាក់ ឬមាសបង់មាត់ខ្មោចនេះ ជាវត្ថុសក្ដិសិទ្ធអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន ។ ហេតុដូច្នេះឯង ទើបគេនាំគ្នាធ្វើរបៀបនេះជារៀងរាប រហូតកើតទៅជាទំនៀមទម្លាប់មក ។
ប៉ុន្តែ អ្នកប្រាជ្ញពីបុរាណ ដែលឲ្យយកមាស ឬប្រាក់ដាក់ក្នុងមាត់ខ្មោច គឺគប្បីជាប្រស្នាឲ្យពិចារណាថា “សម្បត្តិទាំងអស់ យើងអាចយកជាប់នឹងខ្លួនទៅបានខ្លះ តែក្នុងវេលានៅមានជីវិត, កាលបើស្លាប់ហើយ យើងមិនអាចយកទៅបានទេ” ។
រឿងនេះឯង ដែលជាប់ជាទំនៀមរហូតមកដល់សព្វថ្ងៃ ៕ ចប់
កែសម្រួលនិងស្រាវជ្រាវពីសៀវភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)