កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកោះប្រជុំពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សដ៏រន្ធត់របស់កូរ៉េខាងជើង ប៉ុន្តែត្រូវចិន រុស្ស៊ី និងប្រទេស៣ផ្សេងទៀតជំទាស់ការបើកកិច្ចប្រជុំនេះ ។
នេះជាលើកទី៣ហើយដែលទីក្រុងប៉េកាំងបានបរាជ័យក្នុងការបញ្ឈប់កិច្ចប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់តាំងពីគណៈកម្មការអង្គការសហប្រជាជាតិមួយស៊ើបអង្កេតក្នុងឆ្នាំ២០១៤ ចោទប្រកាន់ទីក្រុងព្យុងយ៉ាងពីបទប្រព្រឹត្តអំពើឃោរឃៅរកអ្វីប្រៀបផ្ទឹមមិនបាននៅក្នុងពិភពលោកនៃសម័យទំនើបនេះ ។
ប្រទេសអង់ហ្គូឡា អេហ្ស៊ីប និងវេណេហ្សុ៊យអេឡា បានចូលរួមជាមួយចិន និងរុស្ស៊ីក្នុងការបោះឆ្នោតជំទាស់អង្គមហាសន្និបាទនេះ ។ ប៉ុន្តែប្រទេស៩ដទៃផ្សេងទៀត ក្នុងនោះមានអង់គ្លេស បារាំង និងអាមេរិកផងដែរ បានគាំទ្រឲ្យមានអង្គមហាសន្និបាទ ។ ប្រទេស Senegal បោះឆ្នោតអនុប្បវាទ ។
ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Liu Jieyi បានថ្លែងថា ក្រុមប្រឹក្សាសន្តិសុខ គួរផ្តោតទៅលើការគំរាមកំហែងសន្តិភាព និងសន្តិសុខពិភពលោកវិញជាការប្រសើរ ហើយស្ថានការសិទ្ធិមនុស្សកូរ៉េខាងជើងហាក់មិនមានជាចំណោទស្មុគស្មាញរហូតដល់ថ្នាក់ក្រុមប្រឹក្សាកោះប្រជុំរកដំណោះស្រាយនោះឡើយ ។ លោកសង្កត់ធ្ងន់ថា «ក្រុមប្រឹក្សាសន្តិសុខ មិនមែនជាវេទិកាពិភាក្សាលើបញ្ហាសិទ្ធិមនុស្សឡើយ ហើយបញ្ហានិន្នាការនយោបាយដោយសារតែបញ្ហាសិទ្ធិមនុស្សនេះទៀតសោត ក៏កាន់តែឆ្ងាយថែមទៀតពីក្រុមប្រឹក្សាសន្តិសុខដែលត្រូវពិភាក្សាដោះស្រាយ» ។ ការពិភាក្សានោះ នាំឲ្យមានផលប៉ះពាល់ និងមិនបានប្រយោជន៍អ្វីទាំងអស់ ។ លោក Liu Jieyi បានជំរុញសមាជិកក្រុមប្រឹក្សាសន្តិសុខចៀសវាងបង្កវោហាសាស្ត្រណាមួយនាំឲ្យមានស្ថានការកាន់តែតានតឹងខ្លាំងឡើង ។
ទីក្រុងព្យុងយ៉ាងជាសម្ពន្ធមិត្តពាណិជ្ជកម្មតែមួយគត់ជាមួយចិន ត្រូវបានពិភពលោកដោយផ្តោតជាសំខាន់ ខិតខំប្រឹងប្រែងរកគ្រប់វិធីសាស្ត្រ ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសនេះបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ។
គណៈកម្មការអង្គការសហប្រជាជាតិមួយបានស៊ើបអង្កេតរកឃើញភស្តុតាងអំពីការធ្វើទារុកម្ម ការសម្លាប់ និងការបង្អត់អាហារនៅក្នុងប្រទេសកូរ៉េខាងជើង ដែលមានអ្នកទោសប្រមាណពី៨០.០០០នាក់ ដល់១២០.០០០នាក់កំពុងស្ថិតក្រោមការឃុំឃាំងនៅក្នុងពន្ធនាគារ ។
មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Andrew Gilmour បានប្រាប់ក្រុមប្រឹក្សាថា កាលពីឆ្នាំកន្លងទៅ មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានធ្វើសម្ភាសន៍ជាមួយអ្នកផ្តាច់ខ្លួនកូរ៉េខាងជើង១១០នាក់ ភាគច្រើនក្នុងចំណោមពួកគេ សុទ្ធតែបាននិយាយទាក់ទងដល់ការធ្វើទារុណកម្ម ការពិនិត្យជំងឺ និងការឃុំឃាំង ។
លោកបន្តថា អ្នកទោសកូរ៉េខាងជើងខ្លះត្រូវឃុំនៅមន្ទីរឃុំឃាំងឆ្ងាយដាច់ដោយឡែក និងតូចចង្អៀត មិនអាចអង្គុយបានឡើយ ហើយភាគច្រើនអ្នកទោសត្រូវបង្អត់អាហារ បង្អត់ទឹក ។ លោក Gilmour ថ្លែងថា មិនមានភាពល្អប្រសើរឡើងចំពោះការធ្វើទារុណកម្មរំលោភសិទ្ធិមនុស្សយ៉ាងរន្ធត់នៅក្នុងប្រទេសនេះឡើយ ។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនាគ្រានេះកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសេចក្តីព្រាងដាក់ទណ្ឌកម្មបន្ថែមទៀតឲ្យបានខ្លាំងជាងមុនប្រឆាំងកូរ៉េខាងជើង ក្នុងនោះមានវិធានការរារាំងមិនឲ្យនាំធ្យូងថ្មចេញទៅកាន់ប្រទេសចិនផងដែរ ដើម្បីឆ្លើយតបចំពោះទីក្រុងព្យុងយ៉ាងដែលបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៥ ។
លោក Cho Tae-yul ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា កូរ៉េខាងជើងបានខ្ជះខ្ជាយថវិកាខ្ទង់២០០លានដុល្លារអាមេរិក ក្នុងការបាញ់សាកល្បងនុយក្លេអ៊ែរ២ដង និងបាញ់សាកល្បងមីស៊ីល២៤លើក ដែលថវិកាទាំងនេះ លោក Cho បានលើកឡើងថា គួរតែត្រូវបានចំណាយដើម្បីធ្វើឲ្យប្រសើរឡើងចំពោះស្ថានការសិទ្ធិមនុស្សនោះវិញ ។
លោក Cho បន្តថា កូរ៉េខាងជើងបញ្ជូនពលរដ្ឋប្រមាណ៦០.០០០នាក់ ចេញទៅក្រៅប្រទេសដើម្បីស្វែងរកប្រាក់ទ្រង់ទ្រង់ដល់របបក្រុងព្យុងយ៉ាង ដែលក្នុងចំណោមពួកគេទាំងនោះ ភាគច្រើនជាអ្នកលក់កម្លាំង ។
ឧបការីរងទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សតំបន់អាស៊ី លោក Phil Robertson បានថ្លែងថា ក្រុមប្រឹក្សាសន្តិសុខពិភាក្សាទៅលើការរំលោភបំពាន់សិទ្ធិមនុស្សរបស់ក្រុងព្យុងយ៉ាងនោះ បង្ហាញឲ្យកាន់តែច្បាស់ប្រាកដថា អ្នកដែលរំលោភបំពានសិទ្ធិមនុស្ស មិនអាចត្រូវបានលើកលែងបានឡើយ ហើយអ្នកដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅនៅកូរ៉េខាងជើង គួរប្រឈមមុខការកាត់ទោស ។
ក្រុមសិទ្ធិមនុស្សជំរុញឲ្យក្រុមប្រឹក្សាពន្លឿនសកម្មភាពដើម្បីឈានដល់ការនាំខ្លួនអ្នកទទួលខុសត្រូវការរំលោភបំពាន់សិទ្ធិមនុស្សកូរ៉េខាងជើងទៅកាត់ទោស ។
សម័យប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិចំពោះបញ្ហាកូរ៉េខាងជើង ដើម្បីស៊ើបអង្កេត ប៉ុន្តែប្រទេសចិន ទំនងជារារាំងចំពោះសកម្មភាពបែបនេះដោយអំណាចវេតូរបស់ខ្លួន ។
កូរ៉េខាងជើងបាននិងកំពុងទទួលរងការដាក់ទណ្ឌកម្ម៦ចំណុចពីអង្គការសហប្រជាជាតិដោយសារតែការសាកល្បងអាវុធនុយក្លេអ៊ែរ ៕