ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ ប្រធានាធិបតីត្រាំ ៖ កាតារជាប្រទេសគាំទ្រភេរវកម្ម ទ្រង់ទ្រាយធំបំផុត

ចែករំលែក៖

នៅថ្ងៃទី១០ ខែមិថុនា ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំបានបញ្ជាក់ថា កាតារជាប្រទេសផ្តល់ហិរញ្ញវត្ថុច្រើនបំផុតដល់ក្រុមភេរវកម្ម ។ ការប្រកាសខាងលើ របស់លោកត្រាំ គឺជាការខិតខំដើម្បីកាត់ បន្ថយភាពតានតឹងនៅក្នុងតំបន់ឈូង សមុទ្រ។

លោកត្រាំបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅសេតវិមានថា «កាតារ គឺជាអ្នកគាំទ្រហិរញ្ញវត្ថុច្រើនបំផុតដល់ ក្រុម ភេរវកម្ម។ វិបត្តិរវាងប្រទេសកាតារនឹង ​ ប្រទេសផ្សេងទៀតនៅក្នុងតំបន់គឺជាការសាកល្បងនៃយុទ្ធសាស្ត្រការបរទេស របស់អាមេរិកដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់ភាគីទាំងពីរនៅក្នុងវិវាទ។ ប្រធានាធិបតីត្រាំក៏បានទូរស័ព្ទជួបពិភាក្សាជាមួយមេដឹកនាំ កាតារនិងសាវឌីអារ៉ាប៊ីផងដែរ ក្នុងគោលដៅកាត់បន្ថយភាពតានតឹង ។

ចំណែកមន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា សកម្មភាពកាត់ផ្តាច់ទំនាក់ទំនង ធ្វើឲ្យកាតារនៅឯកោនោះ គឺរារាំងដល់ គម្រោងរបស់អាមេរិក ស្តីពីសកម្មភាព យោធាក្នុងតំបន់។ បច្ចុប្បន្នអាមេរិកមាន ទីតាំងយោធា នៅតំបន់ Al Udeid ប្រទេស កាតារ ដោយមានទាហានអាមេរិក ដល់ ទៅ ១១.០០០នាក់ឈរជើងនៅទីនោះ ​ និងជាទីតាំងសំខាន់សម្រាប់ធ្វើសង្គ្រាមវាយប្រហារក្រុម IS ដែលជាទីតាំងយោធាធំ បំផុតក្នុងតំបន់ មជ្ឈិមបូព៌ា។

ចំណែករដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមថា ភាគីពាក់ព័ន្ធនៅក្នុងវិវាទ នឹង ស្វែងរកដំណោះស្រាយបញ្ចប់វិវាទ។ រដ្ឋ មន្ត្រីការបរទេសអាមេរិក លោក Tillerson បានបញ្ជាក់ថា « យើងសង្ឃឹមថា ប្រទេស អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន អេហ្សុីប នឹង កាត់បន្ថយភាពតានតឹងជាមួយកាតារ»។

រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ទៀតថា វិបត្តិ បានកាត់ផ្តាច់ទំនាក់ទំនងការ បរទេស និងពាណិជ្ជកម្ម នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋកាតារ ជាពិសេស ធ្វើឲ្យប៉ះពាល់ដល់សង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិក។

ក្រុមអ្នកវិភាគបានលើកឡើងថា អាមេរិកពិតជាបានដឹងរឿងរ៉ាវកាតារផ្តល់ជំនួយ ដល់ ក្រុមភេរវកម្ម ប៉ុន្តែអាមេរិកធ្វើមិនដឹង មិនឮ ដោយក្រុមភេរវកម្មនៅទីនោះបាន ជួយដល់អាមេរិកពង្រីកឥទ្ធិពលនៅមជ្ឈិមបូព៌ា។ ក្រុមប្រទេសដែលប្រឆាំងនឹងអាមេរិកធ្លាប់ បានចោទប្រកាន់ថាក្រុមភេរវកម្ម IS ជាទាហានសម្ងាត់របស់អាមេរិកនៅ មជ្ឈិមបូព៌ា ដើម្បីដាក់គំនាបទៅលើប្រទេសដែលជាសត្រូវ ដូចជារុស្ស៊ី និងស៊ីរីជាដើម។

ក្នុងពេលជាមួយគ្នានេះប្រទេសកាតារបានស្វែងរកការគាំទ្រនៅបរទេសដើម្បីងើបពីភាពឯកោដែលដាក់ គំនាបដោយប្រទេស អារ៉ាប៊ីសាអ៊ូឌីត និងក្រុមប្រទេសសម្ពន្ធមិត្តរបស់អារ៉ាប៊ីសាអ៊ូឌីត។ បេសកកម្មស្វែង រកការគាំទ្រនៅបរទេសរបស់ទីក្រុងដូហានាពេលនេះដឹកនាំដោយលោក ប្រមុខការ ទូតអាល់ថានី។ គួររំលឹកថា កាតារត្រូវបាន អារ៉ាប៊ីសាអ៊ូឌីត និងក្រុមប្រទេសសម្ពន្ធមិត្តផ្តាច់ទំនាក់ទំនងការទូតកាលពីថ្ងៃទី៥ មិថុនាដោយលើក យកមូលហេតុទៅពន្យល់ ថា ទីក្រុងដូហាបានគាំទ្រក្រុមអង្គការភេរវកម្ម ដូចយ៉ាងអង្គការរដ្ឋអ៊ិស្លាម និងអង្គការ អាល់កៃដា។

អាល្លឺម៉ង់ ជាប្រទេសអឺរ៉ុបទី១ ដែលលោកប្រមុខការទូតកាតារអាល់ថានីបានទៅធ្វើទស្សនកិច្ចគួរឲ្យ ភ្ញាក់ផ្អើលនៅថ្ងៃ​សុក្រ ទី៩ ខែមិថុនា មុននឹងបន្តដំណើរទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ីនៅថ្ងៃសៅរ៍ ទី១០ ខែមិថុនា។ នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ លោកអាល់ថានីបានជួបសន្ទនាជាមួយសមភាគីអាល្លឺម៉ង់លោក Sigmar Gabriel និងបានធ្វើសន្និសីទ កាសែតរួមគ្នា។ ដោយមិនបាននិយាយ លម្អិតអ្វីច្រើនទេ លោកអាល់ថានីបាន ថ្លែងថា ខណៈនេះ មានកិច្ចខិតខំប្រឹងប្រែងពីក្រុមប្រទេសមិត្តជាច្រើនដើម្បីកាត់បន្ថយវិបត្តិ និងលើកចេញវិញនូវវិធានការរាំងខ្ទប់លើកាតារដោយអយុត្តិធម៌ និងផ្តើមកិច្ច ចរចា។

ចំណែកសមភាគីអាល្លឺម៉ង់លោក Gabriel បានបញ្ជាក់ថា ពិតជាមានការជជែកគ្នាជាមួយក្រុមប្រទេសក្នុងតំបន់ រួមទាំងភាគីអាមេរិកផងដែរដើម្បីដោះស្រាយបញ្ហា។ លោក Gabriel បានបន្ថែមថា អាល្លឺម៉ង់នឹងធ្វើអ្វីៗគ្រប់យ៉ាងជាមួយសហគមន៍អន្តរជាតិ និងសហភាពអឺរ៉ុបដើម្បីកុំឲ្យជម្លោះមួយនេះធ្លាក់កាន់តែដុនដាប។ ប្រមុខការទូតអាល្លឺម៉ង់រូបនេះដដែលបានទទួលស្គាល់ថា វិធានការបិទខ្ទប់កាតារដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមសម្ពន្ធមិត្តពិតជាផ្តល់ផល វិបាកធ្ងន់ធ្ងរដល់ប្រជាជនកាតារ និងសេដ្ឋ កិច្ចអាល្លឺម៉ង់។

គួររម្លឹកជូនថា អារ៉ាប៊ីសាអ៊ូឌីត និងក្រុមប្រទេសសម្ពន្ធមិត្តបានផ្តាច់ទំនាក់ទំនងការទូតជាមួយកាតារកាលពី ថ្ងៃទី៥ មិថុនាដោយចោទទីក្រុងដូហាពីបទគាំទ្រក្រុមអង្គការភេរវកម្ម ដូចយ៉ាងអង្គការរដ្ឋអ៊ិស្លាម និង អង្គការអាល់កៃដា។ បន្ទាប់មកនៅយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ ទី៩ ខែមិថុនា អារ៉ាប៊ីសាអ៊ូឌីត និងក្រុមសម្ពន្ធមិត្តបាន បន្ថែមទណ្ឌកម្មដោយផ្សព្វផ្សាយបញ្ជី ឈ្មោះ មនុស្សចំនួន ៥៩នាក់ និង១២អង្គការដែលជាប់ពាក់ព័ន្ធនឹងអង្គការភេរវកម្មគាំទ្រដោយកាតារ។ លោកប្រមុខការទូតកាតារអាល់ថានីបានបញ្ចេញប្រតិកម្មបរិហារលើបញ្ជីនោះ និងថា មនុស្សដែលស្ថិតក្នុងបញ្ជីនោះមិនបានរស់ក្នុងទឹកដីកាតារ មិនធ្លាប់ ដាក់ជើងជាន់ទឹកដីកាតារ ចំណែកឈ្មោះអង្គការទាំងនោះក៏មិនដែលមានទំនាក់ទំនងរកស៊ីជាមួយកាតារ ដែរ។

យ៉ាងណាក៏ដោយ លោកអាល់ថានីបានបញ្ជាក់ថានៅពេលនេះកាតារនឹងមិនចាត់ វិធានការអ្វីតបនឹងការចោទប្រកាន់របស់ អារ៉ាប៊ីសាអ៊ូឌីត និងក្រុមប្រទេសសម្ពន្ធ​មិត្តទេ។ គួរជម្រាបជូនថា វិបត្តិមួយនេះបាននិងកំពុងធ្វើឲ្យប្រទេសមួយចំនួនទើស ទាល់ចិត្ត យ៉ាងខ្លាំង ពិសេសអាមេរិកដែលមានមូលដ្ឋានយោធាក្នុងទឹកដីកាតារ។ តែ ឥឡូវនេះ និងបន្ទាប់ពីបានគាំទ្រគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអ៊ូឌីតមក លោកប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំសុខចិត្តចូលខ្លួនជួយដោះស្រាយ និងព្រមទទួលជួប ភាគីជម្លោះនីមួយៗនៅសេតវិមាន បើសិន ចាំបាច់៕ ម៉ែវ សាធី


ចែករំលែក៖