កាលពីថ្ងៃទី៣ ខែមករា ពលរដ្ឋអីុរ៉ង់រាប់ពាន់នាក់បាននាំគ្នាដង្ហែក្បួនព្យុហយាត្រា នៅទីក្រុងជាច្រើនទូទាំងប្រទេសបង្ហាញការគាំទ្រដល់រដ្ឋាភិបាលនិងរបបដឹកនាំនៅក្នុងប្រទេសនេះ ។ សកម្មភាពខាងលើ កើតឡើងក្រោយពេល មានវិវាទ ជាងមួយសប្តាហ៍កន្លងមកដោយសារតែបាតុកម្ម ប្រឆាំងរដ្ឋាភិបាលបណ្តាលឲ្យមានមនុស្ស ជាង២០នាក់ស្លាប់។
សារព័ត៌មាន AFP បានផ្សាយថា តាម រូបភាពពីបណ្តាញទូរទស្សន៍អីុរ៉ង់បង្ហាញឲ្យឃើញថា ពលរដ្ឋអីុរ៉ង់រាប់សិបពាន់នាក់ បានដង្ហែក្បួនព្យុហយាត្រាគាំទ្រ រដ្ឋាភិបាល នៅតាមបណ្តាទីក្រុងដូចជា Qom, Ahwaz, Kermanshad ។ ក្រុមដង្ហែក្បួនបានលើកបដាគាំទ្រនិងរូបភាព មេដឹកនាំសាសនា ដែលមានឥទ្ថិពលបំផុតនៅក្នុងប្រទេស គឺលោក Ali Khamenei ។
ពលរដ្ឋដង្ហែក្បួនគាំទ្រកើតឡើង ក្នុង ពេលដែលរដ្ឋាភិបាលអីុរ៉ង់ ប្រឈមនឹង ការធ្វើបាតុកម្មប្រឆាំង ទ្រង់ទ្រាយធំមិន ធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៩ ។នៅពេល នោះមានបាតុកម្មហិង្សា បានកើតឡើងនៅទីក្រុងជាច្រើននៅក្នុងប្រទេសនេះ។
បាតុកម្មហិង្សានៅក្នុងប្រទេសអីុរ៉ង់ រងការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកនិងអីុស្រាអែលជាដើម ។ ប្រធានាធិបតីអាមេរិក អំពាវនាវដល់អីុរ៉ង់គោរព សិទ្ធិសេរីភាព របស់ពលរដ្ឋ នៅក្នុងការទាមទារ ផល ប្រយោជន៍របស់ខ្លួន។ លោកត្រាំធ្លាប់បានលើកឡើងថានេះជាពេលវេលាសមស្របសម្រាប់ពលរដ្ឋអីុរ៉ង់ក្នុងការផ្លាស់ប្តូររបប ដឹកនាំនៅក្នុងប្រទេសនេះ។
មេដឹកនាំកំពូល របស់ប្រទេសអុីរ៉ង់ នាពេលថ្មីៗនេះ បានធ្វើការចោទ ប្រកាន់ សត្រូវប្រទេសរបស់ខ្លួនថា ជាអ្នកនៅពី ក្រោយភាព ចលាចល តាមដងផ្លូវ អស់រយៈកាល ជាច្រើនថ្ងៃនេះ ស្របពេលដែល ចំនួន អ្នកស្លាប់សរុប ពីបាតុកម្មប្រឆាំង រដ្ឋាភិបាលនោះ បានកើនឡើងដល់២១ នាក់។
នៅក្នុងប្រតិកម្មបឋមរបស់លោក ចំពោះភាពចលាចលក្នុងប្រទេសនោះ មេដឹកនាំកំពូល របស់អុីរ៉ង់ លោក Ayatollah Ali Khamenei បានថ្លែងដូច្នេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សត្រូវ របស់អុីរ៉ង់ បន្តប្រើប្រាស់ឧបករណ៍ផ្សេងៗជាច្រើន រួមទាំងប្រាក់ អាវុធ នយោបាយ និងឧបករណ៍ស៊ើបការណ៍សម្ងាត់ ដើម្បី បង្កើតបញ្ហា ឲ្យដល់សាធារណរដ្ឋអ៊ិស្លាម។
យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ថាមេដឹកនាំរូបនេះ មិនបាន ប្រាប់ឈ្មោះសត្រូវទាំងនោះទេ ប៉ុន្តែលោក Ali Shamkhani ជាលេខា ធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូល បាននិយាយថា សហ រដ្ឋអាមេរិក អង់គ្លេស និងអារ៉ាប៊ីសាអ៊ូឌីត នៅពីក្រោយកុបកម្ម។
ចំណែកប្រទេសជាសម្ពន្ធមិត្តរបស់អីុរ៉ង់ ដូចជាទួរគី និងរុស្ស៊ី បានថ្កោលទោស អាមេរិកអីុស្រាអែលថាបានលូកដៃចូល ក្នុងវិបត្តិអីុរ៉ង់ ធ្វើឲ្យស្ថានភាពកាន់តែតាន តឹង។ រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ កំពុងគំាទ្រក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលអុីរ៉ង់ ខណៈចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយ អំពើហិង្សារវាងក្រុមបាតុករ និងប៉ូលិស កើន ដល់២៣នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០១៨។
យោងតាមការដកស្រង់សម្ដីដោយ សា្ថនីយទូរទស្សន៍ CNN ជាភាសាទួរគី លោក Mevlut Cavusoglu នៅថ្ងៃពុធកន្លង ទៅ ក៏បានបញ្ជាក់ផងដែរថាទួរគីប្រឆាំងជានិច្ចរាល់ ការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អុីរ៉ង់។ លោករដ្ឋមន្ត្រី ការបរទេសរូបនេះ បានបន្ថែមទៀតថា ទួរគីមិនបានធ្វើការធានាណាមួយទៅកាន់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិ ការទូត ដែលជំរុញឱ្យប្រទេសទាំងពីរផ្អាកការផ្ដល់ទិដ្ឋាការនោះទេ។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអុីរ៉ង់អស់រយៈពេលជា៦ថ្ងៃមកនេះ រាប់ចាប់ពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក បានបណ្ដាលឱ្យមនុស្ស២៣នាក់បាត់បង់ជីវិត រីឯមនុស្សច្រើនជាង៤៥០នាក់ត្រូវបានចាប់ខ្លួន។
ចំណែកអង្គការសហប្រជាជាតិវិញ ក្រោយរយៈពេលមួយសប្តាហ៍ស្ងប់ស្ងាត់ ទីបំផុត អគ្គលេខាធិការ UN «សម្តែងការ សោកសាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតប្រជាជនអុីរ៉ង់» និងអំពាវនាវកុំឲ្យ អាជ្ញាធរអុីរ៉ង់ ប្រើហិង្សាលើក្រុមបាតុករ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយទែររ៉េស (Antonio Guterres) បានសម្ដែងការសោកស្ដាយយ៉ាង ខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សនៅ ក្នុងបាតុកម្មតវ៉ា ដោយហិង្សាដែលកំពុង បន្តកើតមាន នៅក្នុងប្រទេសអុីរ៉ង់។ ប៉ុន្តែ ទន្ទឹមគ្នានឹងការព្រួយបារម្ភ លោកបានអំពាវនាវផងដែរឱ្យកងកម្លាំងសន្តិសុខ និងក្រុម អ្នកតវ៉ាជៀសវាងឱ្យ បានការប្រើប្រាស់ អំពើហិង្សា។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយ កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់ លោក Antonio Guterres គឺលោក ហ្វារហាន ហាក (Farhan Haq) បានលើកឡើង យ៉ាងដូច្នេះថា «លោកអគ្គលេខាធិការពិត ជាសោកស្ដាយ និងព្រួយបារម្ភជាខ្លាំង ចំពោះការបាត់បង់អាយុជីវិតមនុស្ស នៅ ក្នុងបាតុកម្មតវ៉ានៅប្រទេសអុីរ៉ង់ ហើយបានជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងការប្រមូលផ្ដុំគ្នាដោយសន្តិវិធី ព្រមទាំងសេរី ភាពបញ្ចេញមតិ ហើយការធ្វើបាតុកម្មតវ៉ាគួរតែធ្វើឡើងដោយសន្តិវិធី ដើម្បីបញ្ចៀសរាល់ការប្រើប្រាស់អំពើហិង្សាសាជាថ្មី»។
គួរបញ្ជាក់ថា បាតុកម្មតវ៉ានៅក្នុងប្រទេសអុីរ៉ង់ ដែលបានផ្ទុះឡើងដំបូងកាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍មុនក្នុងទីក្រុង ម៉ាសហាដ (Mashhad) បានបណ្ដាលឱ្យមនុស្ស ២៣នាក់ បាត់បង់ជីវិត រីឯមនុស្សច្រើនជាង ៤៥០នាក់ ត្រូវបានចាប់ខ្លួន។ ក្រុមបាតុករបាននំាគ្នាធ្វើបាតុកម្មតវ៉ា ក្នុងគោលបំណងសម្ដែងការប្រឆាំងជំទាស់នឹងអំពើពុក រលួយ និងការឡើងថ្លៃមុខទំនិញ ហើយ ការតវ៉ានេះទៀតសោត គឺជាបាតុកម្មតវ៉ាធំ បំផុតមួយ គិតចាប់តាំងពីឆ្នាំ២០០៩មក៕ ម៉ែវ សាធី