នៅពេលនេះមាន៤០ប្រទេសបានគាំទ្រ លោក Guaido ជាប្រធានាធិបតីនៅក្នុង ប្រទេសវេណេហ្សុ៊យអេឡាក្នុងនោះមាន ២០ប្រទេសស្ថិតក្នុងតំបន់អឺរ៉ុប ។ នៅ ពេលនេះលោក Juan Guaido បានខិតខំ បញ្ចុះបញ្ចូលរុស្ស៊ី និងចិនឲ្យឈប់គាំទ្រ ដល់ប្រធានាធិបតីម៉ាឌូរ៉ូដោយឲ្យងាកមកគាំទ្រខ្លួនវិញ ។ ការបញ្ចុះបញ្ចូលនោះជារឿងមួយដ៏លំបាកព្រោះប្រទេសចិន និង រុស្ស៊ី មិនអាចដើរតាមគន្លងរបស់អាមេរិកនោះឡើយ ។
ស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេហ្សុ៊យអេឡាកាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃបន្ទាប់ពីមានព័ត៌មានបាន ផ្សាយថាអាមេរិកបានទំនាក់ទំនងដោយផ្ទាល់ ជាមួយបណ្តាមេទ័ពជាន់ខ្ពស់នៅក្នុងប្រទេសនេះ អំពាវនាវឲ្យឈប់គាំទ្រប្រធានាធិបតី ម៉ាឌូរ៉ូ ។ ជាមួយគ្នានោះដែរ មេបក្សប្រឆាំងដែលបានប្រកាសតាំងខ្លួនជាប្រធានាធិបតីបានអនុញ្ញាតឲ្យអាមេរិកចូលជ្រៀតជ្រែកដោយកម្លាំងយោធាផ្តួលរំលំប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ទៀតផង ។
មេបក្សប្រឆាំង លោក Juan Guaido បានព្រមានថា ពលរដ្ឋ៣សែននាក់នឹង ស្លាប់ដោយសារតែស្វះជំនួយក្នុងនោះមានឱសថ ស្បៀងអាហារជាដើម ។ ប៉ុន្តែកម្លាំង ទាហានវេណេហ្សុ៊យអេឡា បានរារាំងជំនួយបរទេសមិនឲ្យចូលមកកាន់ប្រទេសនេះជួយដល់ពលរដ្ឋ ។
ហេតុដូចនេះហើយដើម្បីអាចបង្ខំឱ្យលោកម៉ាឌូរ៉ូ លាលែងពីចេញពីតំណែងបានក្នុងពេលឆាប់ៗនេះបានមេដឹកនាំគណបក្សប្រឆាំងខិតខំខ្នះខ្នែងបញ្ចុះបញ្ចូល ភាគីចិន និងរុស្ស៊ី ដែលជាខ្នងបង្អែកដ៏សំខាន់របស់លោកម៉ាឌូរ៉ូ ឲ្យមកគាំទ្រក្រុមរបស់ខ្លួនវិញ ដើម្បីបង្ខំឲ្យលោកម៉ាឌូរ៉ូ ទ័លច្រក និងដាច់ចិត្តលាលែងចេញពីតំណែងប្រធានាធិបតី ។
លោក Juan Guaido បន្តថា ចិន និង រុស្ស៊ី ជាម្ចាស់បំណុលបរទេសដ៏ធំបំផុតរបស់ប្រទេសវេណេហ្សុ៊យអេឡានិងអាចមានការព្រួយបារម្ភខ្លាំង អំពីលទ្ធភាពបង់ប្រាក់ របស់ប្រទេសវេណេហ្សុ៊យអេឡា ក្នុងពេលផ្លាស់ប្តូរតំណែងប្រធានាធិបតីថ្មី ។ បច្ចុប្បន្ន មេដឹកនាំបក្សប្រឆាំងវេណេហ្សុ៊យអេឡាដែលកំពុងកើនប្រជាប្រិយភាពបានប្រាប់ទៅកាន់ប្រទេសចិន និងប្រទេសរុស្ស៊ី ថាកុំឲ្យបារម្ភឲ្យសោះ ចំពោះបំណុលដែលវេណេហ្សុ៊យអេឡាជំពាក់ប្រទេសទាំងពីរ នៅពេលមានការដោះដូរតំណែងប្រធានាធិបតីកើតឡើង ។
ស្ថានការណ៍នយោបាយនៅក្នុងប្រទេស វេណេហ្សុ៊យអេឡា នៅតែស្ថិតក្នុងសភាពវឹកវររហូតមកដល់ពេលនេះ ។ មួយវិញទៀត សហគមន៍អន្តរជាតិនៅតែបន្តពុះចែកគ្នាជាពីរដែលមានម្ខាងគឺអាមេរិកនិងក្រុម ប្រទេសលោកខាលិច ដែលមានចំនួនកាន់តែច្រើនគាំទ្រប្រធានសភា និងមេបក្ស ប្រឆាំងលោកហ្កាយដូ ។ ឯម្ខាងទៀតមាន មហាអំណាចចិន និងរុស្ស៊ី ដែលនៅប្រកាសគាំទ្រប្រធានាធិបតីលោក ម៉ាឌូរ៉ូ មិនងាករេ ។
នៅមួយរយៈពេលចុងក្រោយនេះស្ថានការណ៍នៅក្នុងប្រទេសវេណេហ្សុ៊យអេឡាបានធ្លាក់ទៅក្នុងសភាពច្របូកច្របល់ខ្លាំង ។ ប្រទេសវេណេហ្សុ៊យអេឡា អាចធា្លក់ចូលនៅក្នុងអន្លង់នៃវិបត្តិកាន់តែជ្រៅមួយកម្រិតទៀត ដោយសារតែមានព្រឹត្តិការណ៍សំខាន់ៗ ចំនួនបីកើតមាននៅក្នុងប្រទេសនេះ ។
ព្រឹត្តិការណ៍សំខាន់ៗទាំងនោះរួមមាន បាតុកម្មពីរ ដែលម្ខាងរៀបចំឡើងដោយក្រុមអ្នកគាំទ្រលោកហ្សន ហ្កាយដូ និងម្ខាងទៀតជាអ្នកគាំទ្រលោកម៉ាឌូរ៉ូ ។ រឿងដ៏គួរឲ្យកត់ សម្គាល់ទៀតនោះគឺថា បាតុកម្មកើតមាន ស្របនឹងព្រឹត្តិការណ៍សំខាន់ពីរផ្សេងទៀត ដែលក្នុងនោះរួមមានការដាក់ឱសានវាទ របស់បណ្តាប្រទេសអឺរ៉ុបទៅលើលោកម៉ាឌូរ៉ូ ឲ្យយល់ព្រមរៀបចំការបោះឆ្នោតសាជាថ្មីម្តងទៀត ។ មួយវិញទៀត ជាថ្ងៃខួប ២០ឆ្នាំ នៃការគ្រប់គ្រងអំណាចរបស់អតីត ប្រធានាធិបតីល្បីឈ្មោះវេណេហ្សុ៊យអេឡាគឺលោកហ៊ូហ្គោ ឆាវ៉េស ។
តាមពិតទៅដើមចមឫសគល់ដែល បណ្តាលឲ្យប្រទេសវេណេហ្សុ៊យអេឡា ផុងខ្លួនធ្លាក់ចូលក្នុងវិបត្តិដូចសព្វថ្ងៃនេះ គឺមានជាប់ពាក់ព័ន្ធនឹងគោលនយោបាយ ដឹកនាំរបស់លោកហ៊ូហ្គោឆាវ៉េស ។ លោកហ៊ូហ្គោ ឆាវ៉េស គឺជាប្រធានាធិបតីវេណេហ្សុ៊យអេឡាដ៏មានប្រជាប្រិយភាពខ្លាំង មួយរូប ដែលបានឡើងគ្រប់គ្រងប្រទេសក្នុងចន្លោះពីឆ្នាំ១៩៩៩ដល់ ឆ្នាំ ២០១៣ ។
ជាអ្នកប្រជានិយម លោកឆាវ៉េស បាន ដឹកនាំប្រទេសតាមបែបផែនថ្មីមួយដែលលោកឲ្យឈ្មោះថាបដិវត្តន៍ប៊ូលីវ៉ា ។ បំណងសំខាន់ នៃគោលនោបាយនេះ គឺជួយប្រជាជនក្រីក្រវេណេហ្សុ៊យអេឡាតាមរយៈ ប្រាក់ចំណូលដែលបានមកពីការលក់ប្រេង ។ កាលណោះ លោកហ៊ូហ្គោ ឆាវ៉េស បានប្រែក្លាយក្រុមហ៊ុនលក់ប្រេងឯកជនទាំង អស់ ឲ្យក្លាយជាក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋវិញ ។ ថវិកាដែលបានមកពីការលក់ប្រេងមួយចំនួនធំត្រូវយកទៅប្រើក្នុងកម្មវិធីសង្គម ដើម្បីជួយអ្នកក្រ ។
លោកហ៊ូហ្គោ ឆាវ៉េស ជាអតីតប្រធានាធិបតីវេណេហ្សុ៊យអេឡាម្នាក់ ដែលមិនចូលចិត្តសហរដ្ឋអាមេរិកសោះឡើយ ហើយជារឿយៗលោកតែងតែនិយាយរិះ គន់សហរដ្ឋអាមេរិកដោយមិនសំចៃមាត់ទៀតផង ។ ក៏ប៉ុន្តែដោយសារសករាជដឹកនាំរបស់ លោកហ៊ូហ្គោ ឆាវ៉េស ត្រូវគេចាត់ទុកថាជាសម័យកាលរុងរឿងមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជាពិសេសគឺតាម រយៈបដិវត្តន៍ប៊ូលីវ៉ា-ជួយប្រជាពលរដ្ឋ ក្រីក្រទើបកាលណោះប្រជាជនវេណេ ហ្សុ៊យអេឡា ភាគច្រើននាំគ្នាគាំទ្របក្ស កាន់អំណាច ។ តែផ្ទុយទៅវិញពួកគេមិនជាសូវគាំបក្សប្រឆាំងដែលមាននិន្នាការនៅអាមេរិក និងបច្ចឹមលោកនិយមដូច ពេលបច្ចុប្បន្ននេះឡើយ ។
បើពិនិត្យមើលទៅលើទីតាំងដែលក្រុមអ្នកប្រឆាំង និងក្រុមអ្នកគាំទ្ររដ្ឋាភិបាល បច្ចុប្បន្ន ធ្វើបាតុកម្ម អំពើហិង្សា ឬការប៉ះ ទង្គិចគ្នារវាងក្រុមទាំងពីរប្រហែលជាមិនអាចកើតមានឡើ ងនោះទេ ។
លោកហ្កាយដូនិងក្រុមអ្នកប្រឆាំងរាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មនៅឯភាគខាងកើតទីក្រុងការ៉ាកាសនៅពីមុខការិយាល័យរបស់សហភាពអឺរ៉ុប ។ ចំណែកឯក្រុមអ្នកគាំទ្រលោក ម៉ាឌូរ៉ូវិញ ប្រមូលម្តុំគ្នាធ្វើបាតុកម្មក្នុងសង្កាត់ប្រមាណជា១០ ក្នុងទីក្រុងការ៉ាកាស ។ ទីតាំងទាំងនោះមានចម្ងាយឆ្ងាយពីការិយាល័យរបស់សហភាពអឺរ៉ុបចំនួនប្រមាណ ជា១០ គីឡូម៉ែត្រឯណោះ ៕ សាធី