អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្រ្តទូទៅបាននាំគ្នាលើកឡើង ពីផលវិបាក នៃការឡើងកម្តៅនៃភពផែនដី ហើយក្នុងចំណោមផលវិបាកទាំងនោះ ក៏មានដែរ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក ការកើនឡើងនៃកម្ពស់ទឹកសមុទ្រមិនមែន ជាការព្យាករតែប៉ុណ្ណោះទេ តែវាជាអ្វីដែលកំពុងតែកើតឡើងហើយដែលគេអាចវាស់ស្ទង់មើលបានដោយជាក់ស្តែង តាមរយៈការសិក្សាទៅលើទិន្នន័យបានពីផ្កាយរណប ដែលបង្ហាញថា កម្ពស់ទឹកសមុទ្រនៅលើភពផែនដីយើងនេះកំពុងតែកើនឡើង ហើយអត្រានៃការកើនឡើងនេះមានសន្ទុះកាន់តែលឿន ដែលគួរឲ្យគេត្រូវព្រួយបារម្ភ។
ការសិក្សាដែលត្រូវបានគេចេញផ្សាយជាសាធារណៈ ធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តអាមេរិក ហើយធ្វើឡើងនៅចំពេលដែលបណ្តាប្រទេសនៅទូទាំងពិភពលោក កំពុងតែខ្នះខ្នែង ដើម្បីរកវិធីទប់ស្កាត់ការឡើងកម្តៅនៃភពផែនដី ដោយសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុ ដែលចុះនៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ចំណែកឯប្រធានាធិបតីអាមេរិក គឺលោកដូណាល់ ត្រាំ តែងតែបានបដិសេធរឿងផែនដីឡើងកម្តៅនេះ ដោយធ្លាប់បានលើកឡើងថា វាគឺជារឿងដែលប្រឌិតឡើងដោយចិន ដើម្បីធ្វើប៉ះពាល់ដល់ការរកស៊ីរបស់សហគ្រាសអាមេរិក។
នៅក្នុងការសិក្សា អ្នកវិទ្យាសាស្រ្តបានរកឃើញថា កម្រិតកម្ពស់ទឹកសមុទ្រនៅលើភពផែនដីយើងនេះ បានកើនឡើង ៧សង់ទីម៉ែត្រ ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ។ កំណើននេះវាត្រូវនឹងការព្យាករ ដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានធ្វើ និងទទួលស្គាល់ជាទូទៅរួចទៅហើយ កាលពីពេលកន្លងមក។ ក៏ប៉ុន្តែ អ្វីដែលគួរឲ្យព្រួយបារម្ភ គឺគេរកឃើញថា អត្រាកំណើននៃកម្រិតកម្ពស់ទឹកសមុទ្រនេះមិននៅថេរជាប់ជាប្រចាំនោះទេ ផ្ទុយទៅវិញ វាកើនឡើងកាន់តែខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ស្របទៅតាមកំណើននៃឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុនៃការឡើងកម្តៅនៃភពផែនដី។
យោងតាមអ្នកវិទ្យាសាស្រ្ត ការឡើងកម្តៅនៃភពផែនដី និងការកើនឡើងនៃកម្រិតកម្ពស់ទឹកសមុទ្រមានទំនាក់ទំនងគ្នា តាមរយៈយន្តការសំខាន់ពីរ។
យន្តការទីមួយ គឺការកើនឡើងនៃបរិមាណទឹកក្នុងសមុទ្រ ពីព្រោះថា នៅពេលដែលផែនដីឡើងកម្តៅ ផ្ទាំងទឹកកកនៅតំបន់ប៉ូលទាំងពីរត្រូវរលាយ ហើយទឹកដែលចេញពីការរលាយផ្ទាំងទឹកកកនេះត្រូវហូរចូលទៅក្នុងសមុទ្រ។ ដូច្នេះ បរិមាណទឹកកើនឡើង កម្ពស់ទឹកសមុទ្រក៏ត្រូវកើនឡើង។
យន្តការទីពីរ គឺការរីកមាឌទឹកក្នុងសមុទ្រ ពីព្រោះថា ការកើនឡើងនៃសីតុណ្ហភាពនៅក្នុងបរិយាកាសក៏នឹងធ្វើឲ្យកើនឡើងផងដែរសីតុណ្ហភាពនៃទឹកសមុទ្រ ហើយដោយសារតែទឹកត្រូវរីកមាឌនៅពេលឡើងកម្តៅ ដូច្នេះ បើទោះបីជាបរិមាណទឹកនៅដដែល តែបើសីតុណ្ហភាពទឹកកើនឡើង ក៏កម្រិតកម្ពស់ទឹកសមុទ្រត្រូវកើនឡើងទៅតាមនោះដែរ។
នៅពេលនេះ ទឹកសមុទ្រឡើងកំពស់ ជិត២ម៉ែត្រ មួយប៉ព្រិចភ្នែក ពន្លិចទីក្រុងវ៉េនីស។កាលពីព្រឹកថ្ងៃទី១៣វិច្ឆិកា អ្នកទេសចរ ក៏ដូចជាប្រជាជនទីក្រុងវ៉េនីស ប្រទេសអ៊ីតាលី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយទឹកសមុទ្រ បានឡើងកំពស់ប្រមាណជិត២ម៉ែត្រ ធ្វើឲ្យលិចទីក្រុងកណ្តាលសមុទ្រនេះ សឹងតែទាំងស្រុង។ យោងតាមអាជ្ញាធរអ៊ីតាលី នេះគឺជាការឡើងកំពស់ទឹកសមុទ្រ ខ្ពស់បំផុត លើកទី២ បើគិតចាប់ពីឆ្នាំ១៩២៣មក។ ទឹកសមុទ្រជោរខ្លាំង យ៉ាងទាន់ហន់បែបនេះ ត្រូវបានមតិមួយចំនួន គិតថាគឺជាផលវិបាក បណ្តាលមកពីការកើនឡើងនូវកំដៅផែនដី។
ទឹកសមុទ្រឡើងជោរ កំពស់ប្រម៉ាណ ១ម៉ែត្រ៨៧ បានធ្វើឲ្យលិចទីក្រុងវ៉េនីស នៅថ្ងៃពុធទី១៣វិច្ឆិកា។ វាគឺជាការឡើងជោរខ្លាំង ដោយគ្មាននរណានឹងស្មានដល់ និងបានប្រុងប្រៀបទុកជាមុន។ តាមផ្លូវ ក៏ដូចជាទីលានសំខាន់ៗ នៅក្នុងទីក្រុង ត្រូវលិចប្រៀបដោយទឹកសមុទ្រ។ បុរសចំនាស់៧៨ឆ្នាំម្នាក់ បានស្លាប់ដោយឆក់ខ្សែភ្លើង នៅពេលព្យាយាមបញ្ឆេះម៉ាស៊ីនបូបទឹក។
លោក អភិបាលក្រុងវ៉េនីស បានបញ្ជាក់ថា លោកនឹងស្នើទៅកាន់អាជ្ញាធរមានសមត្ថិកិច្ច ឲ្យទទួលស្គាល់ករណីនេះ ជាករណីគ្រោះធម្មជាតិ ដើម្បីអនុញ្ញាត ឲ្យប្រជាជនរងគ្រោះ អាចទទួលសំណងខូចខាត ពីក្រុងហ៊ុនធានារ៉ាប់រង។ បើតាមការបញ្ជាក់ពីអាជ្ញាធរអ៊ីតាលី គិតចាប់ពីឆ្នាំ១៩២៣មក នេះគឺជាលើកទី២ហើយ ដែលទឹកសមុទ្របានឡើងជោរខ្លាំងបំផុត ដោយលើកទីមួយគឺនៅថ្ងៃទី៤ វិច្ឆិកា ១៩៦៦ ដែលទឹកបានឡើងកំពស់ចំនួន១ម៉ែត្រ៩៤។
សូមបញ្ជាក់ថា ទីក្រុងវ៉េនីស គឺជាទីក្រុងនៅភាគខាងជើងអ៊ីតាលី ដែលកកើតឡើងដោយដីដុះបន្តិចម្តងៗ ក្លាយជាកោះកណ្តាលឆកសមុទ្រ។ ពីមួយជំនាន់ទៅមួយជំនាន់ ចាប់តាំងសម័យយុគកណ្តាល ប្រជាជនបានរួមគ្នារៀបចំ កសាងជាទីក្រុងដ៏ល្អប្រណិត អណ្តែតលើទឹកសមុទ្រ ពោរពេញដោយព្រែក ប្រឡាយខ្វែងខ្វាត់។ តែជានិច្ចជាកាល ទីក្រុងនេះ ត្រូវស្ថិតនៅក្រោមការគំរាមកំហែង ដោយការឡើងកំពស់ទឹកសមុទ្រ។
គួរកត់សំគាល់ថា ជារឿយៗ ពេលរដូវទឹកសមុទ្រជោរខ្លាំង ទីក្រុងវ៉េនីស តែងលេចនៅតំបន់ខ្លះដែលមានកំពស់ទាប ជាក់ស្តែង គឺនៅម្តុំព្រះវិហារ Basilique San Marco ដែលជាទីបណ្តុំទេសចររាប់ពាន់នាក់រៀងរាល់ថ្ងៃ។ តែជាញឹកញាប់ គឺគ្រាន់តែលិចបន្តិចបន្តួច តែប៉ុណ្ណោះ។ ដោយឡែក កាលពីយប់ថ្ងៃទី១២ ឈានចូលថ្ងៃ១៣វិច្ឆិកា ទឹកសមុទ្រ បានលិចចូលដល់ក្នុងព្រះវិហារ Basilique San Marco កំពស់រហូតដល់មួយម៉ែត្រ ដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំង ចំពោះអាគារព្រះវិហារ ដែលមានចំណាស់ ជិត១២សតវត្សនេះ។ អ្នកជំនាញបានអះអាងថា ជាមួយការកើនឡើងកំដៅផែនដី ដែលធ្វើឲ្យទឹកសមុទ្រឡើងកំពស់ខ្លាំង ព្រឹត្តិការណ៍ទឹកសមុទ្រជោរនៅតំបន់វ៉េនីស អាចនឹងមានកំពស់កាន់តែខ្ពស់ ពីមួយឆ្នាំទៅមួយឆ្នាំ។
ដើម្បីដោះស្រាយបញ្ហានេះ កាលពីឆ្នាំ២០០៣ រដ្ឋាភិបាលអ៊ីតាលី បានសម្រេចកសាងប្រព័ន្ធទំនប់នៅក្នុងសមុទ្រ (MOSE) ដែលប្រព័ន្ធមានតួនាទីលើកកំពស់ទំនប់ ទប់ទឹកសមុទ្រ កុំឲ្យហូរចូលឆកសមុទ្រទីក្រុងវ៉េនីស ក្នុងករណីដែលទឹកជោរខ្លាំង។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ដោយឆ្លងកាត់រឿងរ៉ាវជាច្រើន ប្រព័ន្ធទំនប់នេះ នៅមិនទាន់សាងសង់រួចរាល់ អាចដំណើរការបានទេ។ លោក អភិបាលក្រុងវ៉េនីស បានរន្ធាន់ឲ្យរដ្ឋាភិបាលអ៊ីតាលី សម្រេចការសាងសង់ប្រព័ន្ធទំនប់នេះឲ្យបានឆាប់ ពុំនោះទេទីក្រុងវ៉េនីសដ៏ល្អវិចិត្រនេះ នឹងត្រូវលិចលង់ក្នុងទឹកសមុទ្រជារៀងដរាប៕