ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសក្នុងតំបន់បានបង្កើនការចំណាយសម្រាប់ការពារជាតិ ក្រោយពេលដែលប្រទេសមហាអំណាច ក្នុងនោះមានអាមេរិក ចិន ប្រជែងឥទ្ធិពលនៅក្នុងតំបន់នេះ។
កន្លងមក វៀតណាមបាន ប្រកាសសៀវភៅ «ស» ការពារជាតិ ដែលមានទឹកប្រាក់កើនឡើង ហើយពេល នេះដែរ ម៉ាឡេស៊ីបានចេញសៀវភៅស ការពារជាតិជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រវត្តិសាស្ត្រ។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamad Sabu មានប្រសាសន៍ទៅកាន់សភាម៉ាឡេស៊ីថា ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែលម៉ាឡេស៊ីកំពុងតែប្រឈមមុខជាច្រើនទសវត្សរ៍កន្លងមក គឺការគំរាមកំហែងវាយប្រហារពីក្រុមខ្មាន់កាំភ្លើងអ៊ីស្លាម វិវាទដែនសមុទ្រចិនខាងត្បូង និង ភេរវកម្មបណ្តាញជាដើម។
សៀវភៅសការពារជាតិរបស់ម៉ាឡេស៊ី មាន ៩០ទំព័រ ដែលបានសភាអនុម័តកាលពីថ្ងៃទី២ខែធ្នូ ។ រដ្ឋមន្ត្រីការពារជាតិMohamad Sabu បានលើកឡើងថា គោលដៅនៃសៀវភៅខាងលើ គឺអាចជួយដល់ពលរដ្ឋ ក្នុងការចូលរួម ពិភាក្សា ស្តីពីសយុទ្ធសាស្ត្រការពារជាតិ កាន់តែមានប្រសិទ្ធិភាព។ ខ្លឹមសារក្នុងសៀវភៅស រស់ហ្វីលីពីន មិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេ ដោយទើបតែផ្ញើទៅកាន់ក្រុមតំណាងរាស្ត្រ ត្រួតពិនិត្យ។
សារព័ត៌មាន Straitstimes បានដកស្រង់សម្តីលោក Mohamad Sabu បានលើកឡើងថា បើទោះបីអាមេរិក និងចិននៅតែរក្សាកិច្ចសហប្រតិបត្តិការស្វែងរកដំណោះស្រាយពាណិជ្ជកម្ម តាមរយៈកិច្ចពិភាក្សា ប៉ុន្តែក្នុងពេលអនាគត់ ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ អាចនឹងប្រកួតប្រជែងគ្នាក្នុងវិស័យជាច្រើនទៀត។
លោក Mohamad Sabu បន្តទៀតថា សង្គ្រាម ពាណិជ្ជកម្ម ពន្ធដារវាងប្រទេសទាំងពីរ នៅតែបង្កើនកម្តៅដដែល ហើយប្រទេសទាំងពីរនៅប្រឈមមុខ បញ្ហាសំខាន់ៗជាច្រើនទៀត ក្នុងនោះមានដែនសមុទ្រ ក៏ដូចជាបញ្ហាសិទ្ធិមនុស្ស ជាដើម។
សៀវភៅស ការពារជាតិ បានកំណត់ទិសដៅ១០ឆ្នាំសម្រាប់កម្លាំង ទាហានម៉ាឡេស៊ី ។ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន Saifuddin Abdullahបានលើកឡើងថា កម្លាំងទាហានជើងទឹកប្រទេសនេះចាំបាច់ត្រូវតែ អភិវឌ្ឍន៍ធ្វើឲ្យទំនើប ដោយសង្គ្រាមនៅលើដែនសមុទ្រអាចផ្ទុះឡើងគ្រប់ពេលវេលា។
ម៉ាឡេស៊ី ជាច្រើនឆ្នាំកន្លងមក មានមូលនិធិការពារជាតិតិចជាងប្រទេសជិតខាងក្នុងតំបន់ ដូចជា សិង្ហបុរី និងឥណ្ឌូនេស៊ី។ មូលនិធិឆ្នាំ២០២០ របស់ម៉ាឡេស៊ី មានតែ៣,៤ពាន់លានដុល្លារតែប៉ុណ្ណោះ មិនស្មើ១ភាគ៣នៃមូលនិធិការពារជាតិរបស់សិង្ហបុរីដែលមានដល់ទៅ១១,៤ពាន់លានដុល្លារ ។ ចំណែកថៃ ក៏មាន ៧,២៣ពានលានដុល្លារ ជាមួយគ្នានោះវៀតណាមក៏មាន ប្រាក់ចំណាយសម្រាប់ការពារជាង៧,៥ពាន់លានដុល្លារផងដែរ។
នៅក្នុងឆ្នាំ២០១៩នេះ ម៉ាឡេស៊ីបានពិភាក្សាជាមួយ៦ប្រទេស ក្នុងនោះមាន ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន តួកគី អ៊ីរ៉ង់់ ក្នុងការទិញអាវុធ ។ម៉ាឡេស៊ីមានគម្រោងទិញយន្តហោះចម្បាំង៣៦គ្រឿង មានតម្លៃរាប់ពាន់លានដុល្លារនៅឆ្នាំ ២០២០៕