នៅពេលនេះហុងកុង បានឡើងគម្រោងបន្តធ្វើបាតុកម្ម នៅដើមឆ្នាំ២០២០ ប្រឆាំង រដ្ឋាភិបាលជាបន្តទៀត។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉េកាំងអាចទប់ស្កាត់ មិនឲ្យមានបាតុកម្មកើតឡើង ប៉ុន្តែចិនមិនធ្វើដូច្នោះឡើយ ទុកឲ្យពលរដ្ឋហុងកុងធ្វើឲ្យអស់ពីចិត្ត ហើយនោះជាមេរៀនសម្រាប់ហុងកុង នៅថ្ងៃអនាគតនឹងមិនមានកើតឡើងទៀតឡើយ។
កតាមួយដែលចិន មិនបញ្ចប់ការធ្វើបាតុកម្មនៅ ហុងកុង គឺ ដោយសារតែកិច្ចព្រមព្រៀង ឲ្យហុងកុងរក្សាច្បាប់គ្រប់គ្រងរយៈពេល៥០ឆ្នាំ។ សូមបញ្ជាក់ផងដែរថានៅឆ្នាំ១៩៨៤ ចិន និងអង់គ្លេសបានចុះហត្ថលេខា ប្រគល់ហុងកុងសង់ទៅចិនវិញ នៅឆ្នាំ១៩៩៧។ នៅក្នុងកិច្ចព្រមព្រៀងនោះ ចិនផ្តល់សិទ្ធិគ្រប់គ្រង់ស្វ័យភាព រយៈពេល៥០ ឆ្នាំ ដោយប្រើប្រាស់ច្បាប់ដូចកាលពីមុន។
ចំណុចទាំងនោះហើយបានជា ចិនរក្សាការអត់ធ្មត់ចំពោះកោះហុងកុង ខណៈដែលបាតុកម្ម និងអំពើហិង្សាផ្ទុះឡើងកាន់តែខ្លាំង ចិនត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុង Shenzhen ដែលស្ថិតនៅជាប់ភូមិផងរបងជាមួយទីក្រុងហុងកុង ដើម្បីត្រៀមធ្វើអន្តរាគមន៍។ តែយ៉ាងណានេះក្ដី ចិនមិនបានបញ្ជូនកងទ័ពចូលក្នុងទីក្រុងហុងកុងនោះទេ រីឯថ្នាក់ដឹកនាំកំពូលចិន ក៏មិនបានចេញសារព្រមានធ្ងន់ៗជាសាធារណៈអ្វីប្រឆាំងនឹង ក្រុមបាតុករនោះដែរ ដោយសុខចិត្តបន្តអត់ធ្មត់។
ការអត់ធ្មត់របស់ចិន ត្រូវបានក្រុមអ្នកជំនាញមួយចំនួនយល់ថា ដោយសារតែចិនខា្លចលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក មានលេសថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងចិន ដែលអាចនឹងបំផ្លាញដល់តួនាទីរបស់ទីក្រុងហុងកុង ក្នុងនាមជា មជ្ឈមណ្ឌលហិរញ្ញវត្ថុ ព្រមទាំងបាត់បង់ការអនុគ្រោះពាណិជ្ជកម្មពិសេស ក្នុងករណីដែលទីក្រុងប៉េកាំង ប្រើប្រាស់កម្លាំងយោធាបង្ក្រាបលើក្រុមបាតុករ ដើម្បីបិទបញ្ចប់វិបត្តិ។ ប៉ុន្តែបើតាមលោក Zhang Lin ជាអ្នកជំនាញម្នាក់ប្រចាំទីក្រុងប៉េកាំង ចិនអត់ធ្មត់មិនធ្វើអន្តរាគមន៍ដោយទុកឲ្យវិបត្តិ, អំពើហិង្សា និងអសណ្ដាប់ធ្នាប់កើតឡើង ពីព្រោះខ្លួនចង់ផ្ដល់មេរៀនខ្លះៗដល់ប្រជាជនហុងកុង ដែលមានទំនោរទៅរក ឬគាំទ្រលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក។
លោក Zhang Lin ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីក្រុមមន្ត្រីចិនលើកឡើងនូវផែនការយកទីក្រុង Shenzhen មកជំនួសទីក្រុង ហុងកុង ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។ លោក Zhang បន្ថែមទៀតថា ចិនចង់យកជោគជ័យរបស់ទីក្រុង Shenzhen បង្ហាញ ក៏ដូចជាដាក់សម្ពាធលើទីក្រុងហុងកុង ព្រមទាំងរំលឹកប្រជាជនហុងកុងទាំងមូលថា បើចង់បានផលប្រយោជន៍ និងការរីកចម្រើន គឺត្រូវតែនៅជាមួយចិន ហើយបើសិនជាចង់បានប្រជាធិបតេយ្យបែបលោកខាងលិច ឬក៏ចង់ផ្ដាច់ខ្លួនពីចិនដីគោក គឺមានតែជួបលទ្ធផលដូចសព្វថ្ងៃតែប៉ុណ្ណោះ។
បាតុកម្មតវ៉ាលាយឡំជាមួយអំពើហិង្សា ប្រឆាំងរដ្ឋាភិបាលលោកស្រី Carrie Lam និងទីក្រុងប៉េកាំង ដឹកនាំដោយ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងរយៈពេលច្រើនជាង៦ខែមកនេះ បាននិងកំពុងបំផ្លាញសេដ្ឋកិច្ច សណ្ដាប់ធ្នាប់ សន្តិសុខ និងជីវិភាពរស់នៅរបស់ប្រជាជនហុងកុងយ៉ាងខ្លាំង។ រីឯចិននៅតែរក្សាការអត់ធ្មត់ ដោយមិនព្រមធ្វើអន្តរាគមន៍ឡើយ បើទោះជាខ្លួនបានដាក់ពង្រាយកងទ័ពនៅជាប់ព្រំដែនទីក្រុងហុងកុងក៏ដោយ។
ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ បានដឹកនាំការធ្វើបាតុកម្មតវ៉ា តាំងតែពីខែមិថុនា ឆ្នាំ២០១៩មកម្ល៉េះ ក្នុងគោលដៅប្រឆាំង និងទាមទារឲ្យរដ្ឋាភិបាលទីក្រុងហុងកុង លុបចោលសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក ដោយចោទថាច្បាប់នេះមានគោលដៅលើសកម្មជនប្រឆាំង និងបំផ្លាញដល់ឯករាជ្យភាព នៃប្រព័ន្ធយុត្តិធម៌របស់ទីក្រុងហុងកុង។ សេចក្ដីព្រាងច្បាប់នេះត្រូវបានលុបចោលទាំងស្រុងកាលពីខែកញ្ញាកន្លងទៅតាមការស្នើសុំ ប៉ុន្តែក្រុមបាតុករ បានអះអាងថាវាយឺតពេលទៅហើយ ដោយនៅតែបន្តធ្វើបាតុកម្មតវ៉ាមកទល់សព្វថ្ងៃ ជាមួយការទាមទារនៅសំណើបន្ថែមក្នុងនោះមានដូចជា៖
* បញ្ឈប់ការចាត់ទុកបាតុកម្មតវ៉ាមានលក្ខណៈជាកុបកម្ម
* លើកលែងទោសដល់បាតុករដែលអាជ្ញាធរចាប់ខ្លួន
* បើកការស៊ើបអង្កេតដោយឯករាជ្យលើអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិស
* អនុវត្តឲ្យបានពេញលេញនូវការបោះឆ្នោតសកល ខណៈបាតុករខ្លះបន្ថែមការទាមទារឲ្យលោកស្រី Carrie Lam លាលែងចេញពីតំណែងជានាយកប្រតិបត្តិក្រុងហុងកុង ដោយចោទថា លោកស្រីជា «អាយ៉ង» របស់ទីក្រុងប៉េកាំង។
ក្រុមអ្នកជំនាញមួយចំនួនយល់ថា រដ្ឋាភិបាលទីក្រុងហុងកុង ជាពិសេសគឺទីក្រុងប៉េកាំងទំនងជានឹងមិនផ្ដល់សម្បទានណាមួយបន្ថែមទៀត ឲ្យក្រុមបាតុករនោះទេ ពីព្រោះពួកគេព្រួយបារម្ភខ្លាចក្រែងបាតុករកាន់តែបន្ថែមការទាមទារ និងមានទម្លាប់អាក្រក់ដោយយកការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដើម្បីចង់បានអ្វីមួយ ឬក៏រហូតដល់ចង់បានឯករាជ្យពីចិន នៅថ្ងៃណាមួយក៏ថាបាន។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងប៉េកាំង ក៏នៅតែបន្តរក្សាការអត់ធ្មត់ខ្ពស់ផងដែរ បើទោះជាខ្លួនបាន ដាក់ពង្រាយកងទ័ពទៅកាន់ទីក្រុង Shenzhen ដែលស្ថិតនៅជាប់ភូមិផងរបងជាមួយហុងកុង ស្របពេលស្ថានការណ៍បច្ចុប្បន្នកាន់តែអាក្រក់ឡើង៕