ព័ត៌មានទាន់ហេតុការណ៍៖

ប្រវត្តិពាក់ព័ន្ធទៅនឹងរឿងភ្នំ ប្រាំពីរ

ចែករំលែក៖

ភ្នំចំនួន ៧ តជាប់គ្នាជាជួរ ទើបគេហៅឈ្មោះថា ភ្នំ ប្រាំពីរ។
មានល្អាងធំៗចំនួនបី នៅភ្នំប្រាំពីរនេះ៖
១)ល្អាងមួយរយ៖ ក្នុងល្អាងនេះមានល្អាងតូចៗជាច្រើនរួមមាន ដោះក្រមុំ កូនក្រមុំ គ្រែប្រអប់ ចង្រ្កាន ស្លាបនាងកង្រី គក់ទ្រូង ជួង ក្រណាត់ស ក្រពើដាច់ខ្លួន ផ្កាឈូក ដំរី និងល្អាងព្រហ្មមុខបួន។ល។ ល្អាងទាំងនេះ មានភាពស័ក្តិសិទ្ធិបន់ស្រន់សុំសេចក្តីសុខ ហើយពីមុនជារៀងរាល់ថ្ងៃសីល អ្នកភូមិក្បែរនោះតែងតែលឺភ្លេងពិនពាទ្យចេញពីក្នុងល្អាងមួយរយ។ នៅច្រកចូលល្អាងមួយរយ មានរូបសំណាកលោកយាយសំ ដែលអ្នកស្រុកបន់ស្រន់ និងមានភាពស័ក្តិសិទ្ធិ។ មានរឿងដំណាលថាភ្នំប្រាំពីរធ្លាប់ជាសំពៅមួយគ្រឿងដែលកឿង ហើយក្រោមគេហៅតំបន់នេះថា តំបន់សំពៅលូន។
២)ល្អាងខ្យល់៖ មានថ្លុកទឹកដក់ធ្លាក់តក់ៗពីលើរហូត(ស័ក្តសិទ្ធ)មិនចេះរីងស្ងួត។ ពីមុន លោកឪចៅអធិការវត្តភ្នំសត្តគិរី ហៅវត្តភ្នំប្រាំពីរ ធ្លាប់ឃើញសត្វមានគេកាន់ (សត្វនាគទំហំប៉ុនសសរវត្តក្នុងល្អាងខ្យល់ និងសត្វខ្លាមួយគូធំអង្គុយមុខល្អាងខ្យល់)។
៣)ល្អាងឥសី៖ មានថ្មធម្មជាតិមួយដែលមានរូបរាងដូចរូបតាឥសី តែត្រូវគេលួចយកទៅបាត់។ ក្រៅពីល្អាងមានរូបព្រះពុទ្ធបដិមាករមួយដ៏ធំដែលទើបសាង់សង់ នៅចង្កេះភ្នំ ដើម្បីគោរពបូជា។
ភ្នំប្រាំពីរ ជាកន្លែងប្រវត្តិសាស្ត្រ ព្រោះមានបន្ទាយទ័ពចាស់នៅចំពីលើកំពូលភ្នំខ្ពស់ជាងគេ។
ផ្នែកជីវ:ចម្រុះ ភ្នំប្រាំពីរ ជាជម្រកនៃសត្វទោច(ព័ណ៌ខ្មៅ) ស្វា ពពែភ្នំ ឈ្លូស កាំប្រម៉ា ពស់ថ្លាន់ ពស់វែករនាម កំប្រុក ប្រចៀវ សារិកាកែវ ជាដើម។ ដើមឈើរួមមាន បេង ធ្នង់ ព្រះព្នៅ ខ្វាវ ស្ពង់ រកា សុក្រំ ច័ន្ទឆ្នូត ប្រទាល ជ្រៃ ឆ្កែស្រែង ជាដើម នៅល្អច្រើន។ មានគេដំណាលថា នៅលើភ្នំនេះមានដើមម្ទេសទំហំបីឱបមនុស្សធំ និងមានផ្លែទំហំប៉ុនម្រាមដៃមួយដើមដុះនៅចំពីលើកំពូលភ្នំដែលខ្ពស់ជាងគេ។
ផ្នែកសណ្ឋានដី និងភូគម្ភសាស្ត្រ ភ្នំប្រាំំពីរ ជាភ្នំធម្មជាតិដែលមានថ្មកែវ ថ្មថ្លើមអណ្តើក ថ្មក្រានីត និងថ្មកំបោរ។
ភ្នំប្រាំពីរស្តិតនៅភូមិប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រមាណ១ម៉ោងនិង៤៥នាទី ពីក្រុងបាត់ដំបង បើកឡានតាមផ្លូវជាតិលេខ ៥៧ បេ។
រដ្ឋាភិបាលកំពុងពិចារណាដើម្បីអនុញ្ញាត្តឱ្យក្រសួងបរិស្ថានរៀបចំអភិរក្សភ្នំប្រាំពីរ ជាតំបន់បេតិកភណ្ឌ សម្រាប់ជាមរតកមនុស្សគ្រប់ជំនាន់៕


ចែករំលែក៖