ខេត្តស្ទឹងត្រែង៖ បើយោងតាម ប្រភព ពី Heritages Diary បេតិកភណ្ឌប្រចាំថ្ងៃបានរៀបរាប់ឱ្យដឹងថា៖ (ភ្នំធាតុ) ជាភ្នំប្រវត្តិសាស្ត្រដែលមានប្រាសាទភ្នំធាតុ កសាងពីថ្មភក់ និងឥដ្ឋ នៅចុងស.វ.ទី៦ និងដើមស.វ.ទី៧។ រូបរាងប្រាសាទបាក់បែកអស់ គួរឱ្យសង្វេគ បន្សល់ទុកនៅផ្តែរ បល្ល័ង្គ និងបំណែកឥដ្ឋរាយប៉ាយ។ សិលាចារឹក K.៣៦១ សរសេរជាភាសាខ្មែរបុរាណ ត្រូវបានគេរកឃើញ នៅទីនេះ ហើយបច្ចុប្បន្នមិនដឹងនៅឯណា។
ភ្នំធាតុស្ថិតនៅចម្ងាយប្រមានមួយគីឡូម៉ែត្រពីទីក្រុងស្ទឹងត្រែង។
តំបន់ប្រាសាទភ្នំធាតុ ត្រូវបានចុះក្នុងបញ្ជីសារពើភណ្ឌលេខ៨៦៧ ជាសម្បត្តិបេតិកភណ្ឌជាតិ បោះបង្គោលព្រំប្រទល់ដោយមានកំណត់ និយាមកាច្បាស់លាស់ និងចុះបញ្ជីជាដីសាធារណ:របស់រដ្ឋរួចរាល់ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ សូមបញ្ជាក់ថា រដ្ឋាភិបាលចេញ លិខិតលេខ១៣៤៥ សជណ.កស ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឱ្យក្រសួងបរិស្ថានសហការជាមួយអ្នកពាក់ព័ន្ធរក្សាទុកតំបន់សា្ថនីយបុរាណ ចំនួន១៧៣ទីតាំង នៅតាមតំបន់ភ្នំ ក្នុង និងក្រៅតំបន់ការពារធម្មជាតិ ជាតំបន់អភិរក្សបេតិកភណ្ឌសម្រាប់កេរ្តិ៍មរតកមនុស្សជាតិគ្រប់ជំនាន់ ក្នុងនោះមានភ្នំធាតុផងដែរ។
ក្រុមការងារបើយោងតាម ប្រភព ពី Heritages Diary បេតិកភណ្ឌប្រចាំថ្ងៃបានរៀបរាប់ឱ្យដឹងបន្តទៀតថា៖ ទិដ្ឋភាពទាំងនេះ គឺថតនៅ ខែកក្កដា ឆ្នាំ២០២០ និងសូមជូនពរអ្នកអានគ្រប់រូប នូវសុខភាពល្អ សុភមង្គលនិងចៀសផុតពីជំងឺកូវីដ-១៩៕
ដោយ៖សិលា