ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងកសិកម្មជួបពិភាក្សារកាងារជាមួយឯកអគ្គរដ្ឋទូតសហភាពអីរ៉ុបប្រចាំកម្ពុជា​

ចែករំលែក៖

ភ្នំពេញ៖នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា
ឆ្នាំ២០២០ លោករដ្ឋមន្ត្រី វេង សាខុន និងលោកស្រីCarmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CAPFish-Capture និង CaPFish Aquaculture។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធា​នអង្គការ ដៃគូអភិវឌ្ឍ នាយកអង្គការ FAO, AFD and Unido និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្ត្រីបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណលោកស្រី ឯកអគ្គរដ្ឋទូត លោក លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីឯកអគ្គរដ្ឋទូត លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលជលផលទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។

កិច្ចប្រជុំពិភាក្សានាពេលនេះ គឺជាមានបំណងពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យលើលទ្ធផលដែលបានសម្រេច កំណត់ចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗថែមទៀតសម្រាប់អនុវត្តបន្តដើម្បីជំរុញវិស័យមួយនេះឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ និងជាពិសេសឆ្លើយតបទៅនឹងផែនការអភិវឌ្ឍវិស័យវារីវប្បកម្ម។

ស្តែងចេញពីសមិទ្ធផលនេះលោករដ្ឋមន្ត្រីបានកោតសរសើរ
ចំពោះកិច្ចសហការ និងគាំទ្រពីសហភាពអឺរ៉ុប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកំលាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះមានការវិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។ ពិសេសជាងនេះទៅទៀតលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានជួយឧបត្ថម្ភថវិកាចំនួន ២ ០០០លានរៀល ដើម្បីជួយដល់វិស័យវារីវប្បកម្មផងដែរ។

នាឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃជារួមលើលទ្ធផលរបស់គម្រោងដែលសម្រេចបាន និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោកស្រីបន្តទៀតថា កិច្ចប្រជុំនាពេលនេះមានសារសំខាន់ ព្រោះបាននាំយកភាគីពាក់ព័ន្ធគម្រោងមកពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង Capfish Aquaculture និងលើកទិសដៅអនុវត្តបន្ត ដើម្បីឲ្យការអនុវត្តគម្រោងសម្រេចទទួលបានជោគជ័យដូចការគ្រោងទុក និងទទួលបានប្រយោជន៍សមស្របតាមអ្វីដែលវារីវប្បករចង់បានគឺសេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង និងរក្សបាននូវធនធានធម្មជាតិ។

ត្រង់ចំណុចនេះ លោកស្រីបានបន្តទៀតថាវិស័យកសិកម្ម ពិសេសវារីវប្បកម្ម បាននិងកំពុងចូលរួមយ៉ាងសកម្ម និងចាំបាច់ក្នុងកំណើនសេដ្ឋកិច្ចជាតិ រក្សាបាននូវនិរន្តរភាពស្បៀង និងបង្កើនកម្រិតជីវភាព ក្នុងខណ:ដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ដូច្នេះ លោកស្រីបានសន្យាថានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យមួយនេះ ពិសេសវិស័យវារីវប្បកម្មធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិទាំងទឹកសាប និងសមុទ្រប្រកបដោយចីរភាព។ ព្រមជាមួយគ្នានេះ លោកស្រីក៏បានជម្រាបជូនអង្គពិធីផងដែរថា EU នឹងមានគម្រោងថ្មីៗសម្រាប់ជួយដល់វិស័យកសិកម្ម ដោយលោកស្រីនឹងរកពេលវេលាសមស្របណាមួយដើម្បីជួបពិភាក្សាជាមួយលោករដ្ឋមន្រ្តីនាពេលខាងមុខ។

លោកស្រីសង្ឃឹម និងជឿជាក់ថាតាមរយ:គម្រោងដែលបាន និងកំពុងអនុវត្តនឹងពិតជាបានជួយដល់វិស័យកសិកម្ម និងរឺតចំណងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងEU ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀតទាំងពេលបច្ចុប្បន្ន និងអនាគត។

ជាសរុប កិច្ចប្រជុំនាពេលនេះ ភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមួយចំនួនដូចជា វឌ្ឍនភាពនៃគម្រោង បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្តធ្វើយ៉ាងណាឲ្យការ អនុវត្តកម្មវិធីនេះមាននិរន្តរភាព និងទទួលបានជោគជ័យ។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរបានឯកភាពគ្នាថាឲ្យក្រុមការងារបច្ចេកទេសបន្តពិភាក្សាគ្នាលើចំណុចសំខាន់ៗមួយចំនួនទៀតដែលនៅសេសសល់ និងគួរតែចុះវាយតម្លៃដោយផ្ទាល់នៅតាមខេត្តគោលដៅដើម្បីទទួលបានព័ត៌មានសំខាន់ៗទាំងវិជ្ជមាន និងអវិជ្ជមាន ដែលអាចយកជាប្រយោជន៍ក្នុងការវាយតម្លៃជាលើកចុងក្រោយមុនកម្មវិធីត្រូវបានបញ្ចប់។

គួរជម្រាបជូនថា កម្មវិធី CaPFish-Capture និង CaPFish Aquaculture មានគោលបំណងគាំទ្រដល់ការសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ធន់ទៅនឹងអាកាសធាតុ និងបរិយាប័ន្ននៃវារីវប្បកម្ម ដោយបានអនុលោមទៅតាមផែនការយុទ្ធសាស្រ្តសម្រាប់វិស័យជលផល ដើម្បីចូលរួមក្នុងសន្តិសុខស្បៀង និងការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គម។

កម្មវិធីនេះមានរយៈពេល ០៦ ឆ្នាំ ដែលទទួលបានហិរញ្ញវត្ថុពីសហភាពអឺរ៉ុបចំនួន ៨៧លានអឺរ៉ូ។ កម្មវិធីមានសមាភាគធំៗចំនួន ២ សម្រាប់សមាភាគធំទី១ មានសកម្មភាពធំៗចំនួន ៩ ទាក់ទងនឹងបច្ចេកទេស បណ្តុះបណ្តាល ផ្សព្វផ្សាយ សុវត្ថិភាព គុណភាពម្ហូបអាហារ ការដឹកនាំ ការគ្រប់គ្រងសហគមន៍នេសាទ ពង្រឹងអភិបាលកិច្ច និងការចូលរួមពីស្រ្តី គាំទ្រកំណើនគ្រួសារក្រីក្រ និងអាហារូបត្ថម្ភ ហើយសមាភាគទី២ ទាក់ទងជំនួយបច្ចេកទេស និងការគ្រប់គ្រងកម្មវិធី៕ ដោយ៖ សូរិយា


ចែករំលែក៖