ព័ត៌មានទាន់ហេតុការណ៍៖

«អំពីបុណ្យកឋិនទាន»

ចែករំលែក៖

កឋិនទានគឺបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ ។ រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបានតែក្នុងសម័យតែ២៩ថ្ងៃ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក ហើយបើខុសពីសម័យកាលនោះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយ ក៏មិនអាចហៅថា កឋិនទានបានទេ ព្រោះធ្វើខុសកាលទានមិនចំសម័យ ចុងវស្សាន្តរដូវនេះពោលគឺ មិនត្រូវតាមពុទ្ធានុញ្ញាត ឡើយ ។

ក្នុងវត្តមួយបើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវ ទើបអាចហែកឋិនចូលបាន ។

បព្វជិតក៏ដោយ គ្រហស្ថក៏ដោយ អាចធ្វើកឋិនទានបានដូចគ្នា ។ ព្រះពុទ្ធជាម្ចាស់ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទទួលកឋិន ហើយភិក្ខុធ្វើកឋិនត្ថារកិច្ច គឺក្រាលគ្រង….អនុមោទនាកឋិននោះ ដើម្បីសម្រាលនូវទុក្ខលំបាកក្នុងការប្រើប្រាស់បច្ច័យមួយចំនួនដូចជា ត្រៃចីវរ អាហារភោជន និង លាភសក្ការៈផ្សេងៗដែលកើតមានដល់សង្ឃប៉ុណ្ណោះ ។ ការសម្រាលទុក្ខ នេះទៀតសោត ក៏បានតែត្រឹមរយៈកាល ៥ខែ និងបានចំពោះតែភិក្ខុដែលចូល បុរិមិកាវស្សា អស់ត្រៃមាសបានត្រឹមត្រូវមិនដាច់វស្សានោះឯង ។

ម្យ៉ាងទៀត ការធ្វើកឋិន លោកសំដៅយកតែ ចីវរប្បច្ច័យ គឺអ្នកធ្វើកឋិន មានសំពត់ត្រឹមតែអាចធ្វើស្បង់មួយ ក៏អាចធ្វើកឋិនបានដែរ ព្រោះលោកទទួលក្រាលកឋិនក្នុងចំណោមត្រៃចីវរ គឺស្បង់១ ឬចីពរ១ឬសង្ឃាដី១គឺក្រាលបានតែ ១មុខប៉ុណ្ណោះ បើក្រាលដល់ទៅពីរមុខមិនឡើងជាកឋិនឡើយលោកហៅថាខូចកឋិន ឬកឋិនត្ថារវិបត្តិ ។ ប៉ុន្តែការដែលអ្នកមានសទ្ធាជាអ្នកមានធូរធារ ស្តុកស្តម្ភ អាចនាំសំភារៈច្រើនៗ ដូចជា ចីវរ១ត្រៃ ២ឬ៣ត្រៃ ឬក៏លើសទៅទៀត ក៏អាចទាំងសេនាសនបច្ច័យ គិលានបច្ច័យ បិណ្ឌបាតបច្ច័យ ឲ្យកាន់តែសម្បូរបែបច្រើនៗទៅទៀតក៏រឹតតែប្រើសើរវិសេស គឺបានផលានិសង្ឈលើអ្នកធ្វើកឋិន កាន់តែច្រើនលើសលប់ តាមសំភារៈបរិក្ខារគឺអានិសង្សលាភ ឬបរិវារកឋិននោះឯង ។

ឯផ្នែក បដិគ្គាហកៈ គឺភិក្ខុសង្ឃទទួល បើក្រាលបានត្រឹមត្រូវក៏ទទួលបានអានិសង្សដែរ គឺបានអានិសង្ស ៥យ៉ាងប៉ុណ្ណោះ ទោះបីកឋិននោះតូចតាច តិចតួច ស្តួចស្ដើង ឬធំដុំសម្បូរបែបយ៉ាងណាក៏ដោយ បដិគ្គាហកៈនៅតែទទួលអានិសង្ស បានត្រឹមតែ ៥យ៉ាង អស់រយៈ៥ខែមាន ” អនាមន្ត ចារោ ធ្វើឲ្យភិក្ខុរួចពីអាបត្តិ ក្នុងចារិត្តសិក្ខាបទទី៦ ក្នុងអចេលកវគ្គជាដើមតែប៉ុណ្ណោះឯង ” ។

ចំណែកទាយក-ទាយិកា អ្នកធ្វើកឋិន ទើបអានិសង្ស ត្រូវបាន តិច ឬច្រើននិងច្រើនលើសលប់ប្រែប្រួលទៅតាម កុសលចេតនា បសាទសទ្ធាទៅតាមបរិក្ខាតិច ច្រើន ល្អប្រណីត ថ្លៃថ្លា ។ ព្រោះហេតុនោះទើបលោកពោលថា ៖ ទានមានតែមួយគត់ដែលអាចផ្ដល់អានិសង្សឲ្យបានទាំងពីរប៉ែក គឺបានផលដល់អ្នកទទួល (បដិគ្គាហកៈ) និង ដល់អ្នកឲ្យ (ទាយក ទាយិកា) ពោលគឺ (កឋិនទាន) ។

ដូចបានជម្រាបរួចមកហើយថា ៖  កឋិនមានតែក្នុងពុទ្ធសាសនាប៉ុណ្ណោះ ក៏ក្នុងសាសនាព្រះសមណគោតមបរមគ្រូនៃយើង ព្រះអង្គទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចនេះ ក្នុងរវាងមជ្ឈឹមពោធិកាល ប្រារព្ធចំពោះភទ្ទវគ្គិយភិក្ខុ ទាំង ៣០ អង្គ ដែលកន្លែងខ្លះថាភិក្ខុទាំង៣០អង្គនេះជាបងប្អូននិងគ្នា ខ្លះទៀតថាជាបងប្អូនស្តេចបសេនទិកោសលដូចមានដំណើររឿងជានិទានតទៅនេះ : កាលនោះភទ្ទវគ្គិយភិក្ខុទាំង៣០រូបប្រព្រឹត្តអារញ្ញិកធុតង្គវត្ត គឺសមាទានធុតង្គនៅព្រៃ ។ នៅពេលមុនថ្ងៃចូលវស្សា លោកមានបំណងទៅវន្ទាលាព្រះជាម្ចាស់ដើម្បីទៅនៅចាំវស្សាកន្លែងណាមួយ ។

 នេះជាទំនៀមកិច្ចវត្ត របស់សហធម្មិកៈនៅព្រះពុទ្ធសាសនាដែលរហូតដល់សព្វថ្ងៃនេះ ភិក្ខុសាមណេរទាំងឡាយ គួរធ្វើកិច្ចវត្តដ៏ប្រពៃនេះ ព្រោះជាទំនៀមល្អតាំងពីដើមមក ទោះបីភិក្ខុសាមណេរនៅក្នុងវត្តដើមក្ដី ឬចេញទៅសិក្សានៅអាស្រ័យរៀនសូត្រនៅក្នុងវត្តដទៃក្ដី ដែលសុទ្ធតែពុំទាន់ជា និស្ស័យមុត្តកៈ ពោលគឺពុំទាន់រួចចាកនិស្ស័យ នៅឡើយ ។ ចំពោះសាលារៀន ខាងបព្វជិត ក៏អនុញ្ញាតសំរាករៀនមួយអាទិត្យមុនថ្ងៃចូលវស្សាដែរ ដើម្បីភិក្ខុ សាមណេរទាំងឡាយ និមន្តទៅធ្វើកិច្ចវត្ត ចំពោះគ្រូឧបជ្ឈាយាចារ្យរបស់ខ្លួន វន្ទាលាទៅចាំវស្សាឯវត្តសំណាក់ដែលត្រូវ នៅរៀនសូត្រ។

ប៉ុន្តែភទ្ទិយភិក្ខុទាំង៣០អង្គ ដោយដំណើរថ្មើរជើងផ្លូវឆ្ងាយនិមន្តមិនទាន់ដល់អាវាសដែលព្រះដ៏មានភាគព្រះអង្គគង់នៅ ត្រូវពេលថ្ងៃចូលវស្សាមកដល់ ក៏ព្រមព្រៀងគ្នានៅចាំវស្សាក្នុងដែន បាថេយ្យៈ នាក្រុងសាកេត ត្រង់កណ្ដាលផ្លូវតែម្ដងទៅ ។

លុះដល់ថ្ងៃចេញវស្សាហើយ ក៏និមន្តទៅថ្វាយបង្គំគាល់ ព្រះសម្មាសម្ពុទ្ធ ដែលគង់ចាំវស្សានៅវត្ត ជេតពន នៅក្រុង សាវត្ថី ចំកាលវេលាចុងរដូវវស្សា ជាសម័យភ្លៀងជោគជាំជានិច្ច ពព្រិចរាល់ថ្ងៃ ធ្វើឲ្យភិក្ខុទាំង៣០អង្គ ទទឹកជោគទាំងស្បង់ ចីវរសង្ឃាដី ជួបការលំបាកមកតាមផ្លូវរហូត ព្រោះមួយអង្គៗគ្មានត្រៃចីវរ២បន្លាស់ទេ លុះដល់ហើយចូលគាល់បង្គំព្រះដ៏មានព្រះភាគទាំងទទឹកជោគ ។

ជាទំនៀមព្រះពុទ្ធបរមគ្រូតែងទទួលធម្មប្បដិសណ្ឋារៈសួរនាំរាក់ទាក់សុខទុក្ខ អំពីការរស់នៅក្នុងវស្សា៣ខែ អាហារភោជន និងការព្រមព្រៀងគ្នាយ៉ាងណាៗ ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ព្រះតម្រិះថាប្រសិនបើតថាគតបានអនុញ្ញាតកឋិនត្ថារកិច្ចដល់ភិក្ខុសង្ឃពីមុនរួចមកហើយ សមបើលោកទាំងនេះមិនជួបការលំបាកយ៉ាងហឹ្នងទេ ហើយកឋិននេះព្រះពុទ្ធពីអតីតៈក៏បានអនុញ្ញាតដល់សាវ័កដូចគ្នាដែរ ។

ព្រោះដំណើរនេះ ទើបព្រះពុទ្ធជាម្ចាស់ប្រជុំភិក្ខុសង្ឃទាំងឡាយសំដែងធមី្មកថា ហើយទ្រង់អនុញ្ញាតកឋិនត្ថារកិច្ចនេះថា ម្នាលភិក្ខុទាំងឡាយតថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយដែលនៅចាំវស្សារួចហើយ ទទួលក្រាលកឋិនបាន ម្នាលភិក្ខុទាំងឡាយ អានិសង្ស៥ ប្រការនឹងសំរេចដល់ភិក្ខុទាំងឡាយ ដែលបានក្រាល ពោលគឺអនុមោទនា កឋិនរួចហើយ ។

ដូច្នេះ កឋិនត្ថារកិច្ចនេះ គឺព្រះសម្មាសម្ពុទ្ធ ទ្រង់អនុញ្ញាតដល់សង្ឃសាវ័កចាប់តាំងពីពេលនោះមក ។

អ្នកធ្វើកឋិនមុនគេក្នុងសម័យពុទ្ធកាល បន្ទាប់ពីបានដឹងថា ព្រះពុទ្ធអង្គ អនុញ្ញាតឲ្យសាវ័កទទួលកឋិនត្ថារកិច្ច ព្រះបាទ​បសេនទិកោសលបានផ្ដើមធ្វើកឋិនទានមុនគេបង្អស់ក្នុងសម័យពុទ្ធកាល ។ កាលនោះព្រះមហាកច្ចាយនត្ថេរ ជាប្រធាន បានទទួលក្រាលគ្រងកឋិនឲ្យសំរេចគ្រប់ប្រការ ។ ឯព្រះសម្មា​សម្ពុទ្ធជាម្ចាស់ ព្រះអង្គបានទេសនាក្នុងពិធីបុណ្យនោះ ដោយទ្រង់សរសើរអំពីអានិសង្សនៃកឋិនទានជាអនេកបរិយាយ ។

ក្នុងធម្មទេសនា ព្រះអង្គលើកអតីតនិទានកាលព្រះអង្គយោនយកកំណើតកើតជា នរជីទុគ្គបរមពោធិសត្វ បានជួយវេយ្យាវច្ចៈ ខ្វល់ខ្វាយក្នុងអង្គកឋិនទានរបស់ កុដុម្ពីក៍ម្នាក់ នាំទៅថ្វាយ ព្រះសម្មាសម្ពុទ្ធព្រះនាម បទុមុត្តរៈ ដែលពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឲ្យព្រះសុជាតត្ថេរ អគ្គសាវ័ក ព្រះអង្គជាអ្នកក្រាលគ្រង ។ ចំណែកឯនរជីវទុគ្គតបរមពោធិសត្វ នៃយើងបាន ពុទ្ធព្យាករ ពីពេលនោះមក ដោយសារបានជួយចាត់ចែងអស់ពីកម្លាំងកាយចិត្ត និងប្រាជា្ញស្មារតី ក្នុងពិធីបុណ្យនោះ ។ រីឯប៉ែកខាងបុព្វជិតវិញ ព្រះភិក្ខុនាមនារទត្ថេរកាលបើបានស្ដាប់នូវព្រះធម្មទេសនារបស់ព្រះបរមគ្រូក្នុងបុណ្យរបស់ព្រះបាទសេនទិកោសលមហារាជ ហើយមានសេចក្ដី ជ្រះថ្លាក៏ទៅបបួលញាតិសាច់សាលោហិតរបស់លោកធ្វើកឋិនទានមួយ ដង្ហែទៅថ្វាយព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ។ ព្រះអង្គទ្រង់សរសើរទាននេះ ហើយទ្រង់ក៏លើកយកអតីតនិទាន កាលព្រះអង្គនៅជាស្ដេចចក្រព័ត្តិនាម វិជិតរាជជាធំលើទ្វីបទាំងបួនបាននាំកឋិនទៅថ្វាយព្រះពុទ្ធនាម កោណ្ចញ្ញៈ ដែរ ។

ចំណែកផលានិសង្សធ្វើកឋិន សូមពិនិត្យមើលអតីតនិទានខាងលើដែលព្រះពុទ្ធអង្គទ្រង់ទេសនាសរសើរជាអនេកបរិយាយ និងនាំអតីតនិទានទាំងពីររឿងនោះ ឲ្យបានច្បាស់លាស់ចុះ ។ ក្រៅពីនេះអានិសង្សដូចដែលយើងបានជំរាបខាងលើហើយថា៖ ផលបុណ្យរបស់អ្នកធ្វើកឋិនត្រូវបាន ទោះគ្រហស្ថក្ដីបព្វជិតក្ដី គឺផ្អែកទៅលើចេតនាទាំងបីរបស់អ្នកធ្វើផង ប្រកបដោយសទ្ធា និងបញ្ញាសម្បយុត្តផង ទាំងសម្ភារៈកឋិន ថ្លៃថ្លាឧត្តមប្រណីត សម្បូរបែបផង ។ កាលណាពិនិត្យលើគុណធម៌ទាំងប៉ុណ្ណោះ លោកអ្នកអាចយល់បានថា មានអានិសង្សតិចច្រើនប្លែកគ្នាពីកឋិននិមួយៗ ។

បើពោលដោយរួបរួមយ៉ាងខ្លីមកថា : អ្នកមាន បសាទសទ្ធា បានធ្វើកឋិនទាន រមែងទទួលបាន ៖

 សុរូបតា គឺមានរូបស្អាត ធ្វើឲ្យបុរសស្ត្រី ឃើញហើយស្រលាញ់ពេញចិត្តជារូបមានសម្ផស្សគរស្ម័គ្រស្មាគមនិយមមេត្រីភាព ។

សុវណ្ណតាគឺ មានសម្បុរស្អាត ម៉ដ្ឋខៃ ពុំមានស្លាកស្នាមឬប្រជ្រុលជាដើមមិនខ្មៅស្រិល មិនសស្គុស មិនពពាលពព្រុស គឺសម្បុរល្អគួរជាទីចាប់ចិត្ត នៃអ្នកផងទាំងឡាយ ។

សុសណ្ឋានាគឺ មានទ្រង់ទ្រាយ.កំពស់កំព.រាងរៅ សមសួនតាមកាលសម័យនៃអាយុកប្បនិមួយៗ ។

ចក្តវត្តិរាជា.ហោតិ គឺត្រូវបានជាស្ដេចចក្រពត្រាធិរាជ ប្រកបដោយទសពិធរាជធម៌ ក្នុងជាតិណាមួយដាច់ខាត ។

ផលចុងក្រោយគឺ:

ឯហិភិក្ខុ :និងបានជួបព្រះប្រទះធម៌ ក្នុងអវសានជាតិ ហើយសម្រេចអរហត្តមគ្គអរហត្តផល ដល់ព្រះនិពា្វន ។ បើស្ត្រីភេទ ក៏និងបានលុះមគ្គផលក្នុងជាតិជាទីបំផុតមិនខាន ៕

ដោយ៖ សិលា


ចែករំលែក៖