ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព: សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ Share ព័ត៌មានបំភ្លៃរឿងចាក់វ៉ាក់សាំង អាចប្រឈមនឹងការស្រាវជ្រាវរបស់សមត្ថកិច្ច!

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ ថា, សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ Share ព័ត៌មានបំភ្លៃរឿងចាក់វ៉ាក់សាំង អាចប្រឈមនឹងការស្រាវជ្រាវរបស់សមត្ថកិច្ច!លោករដ្ឋលេខាធិការបានបញ្ជាក់ថា, ពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មានមិនពិត ដែលយើងឃើញច្រើនណាស់ដែលករណីកើតឡើង ជាបន្តបន្ទាប់ ជាពិសេសកើតឡើងកាលពីម្សិលមិញ ម្សិលម្ង៉ៃ គឺលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជូនហើយ ការផ្សាយអំពីថាមានអ្នកស្លាប់ដោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយអ្នកស្លាប់នោះជាអ្នកគ្រូរស់នៅខេត្តក្រចេះ ជារឿងមិនពិត។
លោក គឹម សន្តិភាព បានរំឭកថា, ករណីនេះខ្ញុំសូមជម្រាបជូនថា, ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ គឺជាអំពើញុះញង់ ដែលគេកំណត់នៅក្នុងក្រមព្រហ្មទណ្ឌមាត្រា៤៩៤ ។ អ្វីទៅជាការញុះញុង ការញុះញង់គឺជាការសំដែងតាមរយៈ សំដី, សំណេរ, ឬគំនូ ហើយផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ, ។ លោកបន្តថា, ក្នុងមាត្រា៤៩៥ ដែលជាមាត្រាបន្ទាប់ បានចែងថា បើការញុះញង់នោះ បង្កើតឲ្យមានភាពវឹកវរ ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមធ្ងន់ធ្ងរ នោះនឹងមានការផ្ដន្ទាទោស ដែលយើងឃើញនៅក្នុងកម្រិតទោស ចំណុចនេះគឺមានទោសពី ៦ខែទៅ ២ឆ្នាំ ហើយពិន័យជាប្រាក់ ពី១លានរៀល ទៅ៤លានរៀល ។ ដូច្នេះការផ្សាយមិនពិតពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលជាអំណោយមហាមិនចិន គឺជាការផ្សព្វផ្សាយដែលមានបំណងមួយដ៏ច្បាស់លាស់ណាស់ បង្កឲ្យមានភាពវឹកវរក្នុងសង្គមតែម្តង ធ្វើឲ្យប្រជាពលរដ្ឋគ្មានទំនុកចិត្ត ធ្វើឱ្យសមត្ថកិច្ច ធ្វើឲ្យមន្ត្រីរាជការ ធ្វើឲ្យយើងទាំងអស់គ្នារស់នៅក្នុងសង្គម មានបញ្ហានៅក្នុងអារម្មណ៍ភ្លាមទាំងអស់គ្នា ទាំងអ្នកបានទទួលការចាក់វ៉ាក់សាំងទាំងអស់ផងដែរ ។ ការផ្សព្វផ្សាយមិនពិត វាកំណត់ច្បាស់ណាស់បង្កើតឲ្យមានភាពវឹកវរក្នុងសង្គម ។ ដូច្នេះសម្រាប់អ្នកផ្តើមបញ្ចេញនូវព័ត៌មានមិនពិត គឺជាការទទួលខុសត្រូវមួយ តាមមាត្រា៤៩៥ ប៉ុន្តែសម្រាប់អ្នកចែកចាយបន្ត ចង់មិនចង់ គឺស្ថិតនៅក្នុងការស្រាវជ្រាវ របស់អាជ្ញាធរមានសមត្ថកិច្ច ពីព្រោះអី! ការស៊ែរ មានន័យថាយើងបញ្ជូនសារនេះបន្ត ឱ្យអ្នកដទៃបានឃើញ ដោយសារការ share គឺជាគោលបំណងឲ្យគេបានឃើញ។ លោករដ្ឋលេខាធិការក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មុននឹងធ្វើការស៊ែរ ឬចែកចាយបន្ត សូមមេត្តាមើលពីប្រភពឲ្យបានច្បាស់លាស់ ដូចជាលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងច្បាស់ អំពីប្រភពព័ត៌មាន ថាតើប្រភពព័ត៌មាននោះ ច្បាស់ឬ មិនច្បាស់។ បើយើងឆ្លើយថាព័ត៌មាននេះ ពិតមិនពិតខ្ញុំមិនដឹងទេ គឺត្រូវឆ្លើយនៅចំពោះមុខសមត្ថកិច្ច។ បញ្ហានេះអ្នកដែលបានស៊ែរ ចង់ឬមិនចង់ ត្រូវសមត្ថកិច្ចហៅសួរនាំ ត្រូវខាតពេលវេលា ត្រូវជំពាក់ជំពិន ត្រូវមានទោសទណ្ឌទៀត ប្រសិនបើគ្មានទឡ្ហីករណ៍ច្បាស់លាស់ ក្នុងការដោះបន្ទុក ឲ្យមានការរួចផុតពីការចោទប្រកាន់។
លោក គឹម សន្តិភាព បានលើកឡើងថា, បើព័ត៌មានមិនពិត ខ្ញុំឃើញថាមានករណីស៊ែរច្រើន បើព័ត៌មានពិតប្រាកដ ដូចជាមិនស៊ែរសោះ។
សូមរំលឹកថា, មេត្តាបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិ កុំជឿចំពោះការញុះញង់ តាមរយៈការផ្សព្វផ្សាយព័ត៌មានមិនពិត បណ្ដាលឱ្យមានភាពវឹកវរក្នុងសង្គម ។ យើងត្រូវសិក្សាអំពីប្រភពឲ្យបានច្បាស់លាស់ កុំងាយជឿ នូវសំដីចេតនាទុច្ចរិតបង្កើតព័ត៌មានក្លែងក្លាយ ជាសម្ដី ជាគំនូរ ជាសំណេរ នេះជាដើម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖