ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីនលោកបានអញ្ជើញជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរមីន និងអង្គការមនុស្សធម៌ Platinum East ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅក្នុងគោលបំណងពង្រឹងភាពជាដៃគូរ និងកិច្ចសហប្រតិបត្តិការគាំទ្រដល់ការអភិវឌ្ឍបច្ចេក វិទ្យា និវានុវត្តន៍ ការបណ្តុះបណ្តាល និងបច្ចេកទេសគាំទ្រដល់ការបោសសម្អាតមីន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងតំបន់ និងជាសាកលនៃសហគមន៍សកម្មភាពមីនមនុស្សធម៌។
លោក លី ធុជ បន្ថែមថា បញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនៅកម្ពុជាបង្កនូវបញ្ហាយ៉ាងធ្ងន់ ធ្ងរ និងរារាំងដល់ការអភិវឌ្ឍជាតិ ដែលយើងបានឃើញយ៉ាងច្បាស់នូវជីវិតមនុស្សស្លូតត្រង់រាប់ពាន់នាក់បានបាត់បង់នៅលើដី ដែលពួកគាត់ចាត់ទុកថា មានសុវត្ថិ ភាពក្នុងការចាប់ផ្តើមជីវិតថ្មី និងអនាគតថ្មី បន្ទាប់ពីសង្រ្គាម និងការផ្លាស់ទីលំនៅអស់ជាច្រើនទសវត្សរ៍។ ជីវិតពួកគាត់នឹងមិនបាត់បង់ទេ ប្រសិនបើប្រទេសកម្ពុជាមានជំនាញបច្ចេកទេស បរិក្ខារ និងឧបករណ៍ចម្រុះ និងបច្ចេកវិជ្ជាជឿនលឿនជាងមុន ដើម្បីធ្វើ សកម្មភាពដោះមីនឱ្យបានលឿននៅទូទាំងប្រទេស។
លោកទេសរដ្ឋមន្ត្រីបន្តថា ប្រទេសមួយដែលធ្លាប់ញាំញីដោយសង្រ្គាមស៊ីវិល កម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក ជាមួយនឹងកំណើនសេដ្ឋកិច្ច ៧.៥ % និងជាអ្នកចូលរួមចំណែកកងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ។ ទោះបីជាទទួលបានភាពជោគជ័យ និងកេរ្តិ៍ឈ្មោះល្អក៏ដោយ កម្ពុជានៅតែត្រូវការជំនួយអន្តរជាតិ ដើម្បីធ្វើទំនើបកម្មបន្ថែមទៀតនូវជំនាញបច្ចេកទេស ការបង្កើតថ្មីនៃការដោះមីន ការរាវរក ឧបករណ៍បច្ចេកវិជ្ជា និងធ្វើស្តង់ដារប្រតិបត្តិកររបស់ខ្លួនទាក់ទងនឹងចំណេះដឹង និងវិជ្ជាជីវៈ ដែលក្នុងនោះអាជ្ញាធរមីន ដើរតួនាទីយ៉ាងសំខាន់រវាងរាជរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយ។
លោកបញ្ជាក់ថា អាជ្ញាធរមីន មានមោទនភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយគ្រប់តួអង្គចម្រុះ និងតួអង្គសំខាន់ៗក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មបណ្តាញគាំទ្រ។ អាជ្ញាធរមីន ជឿជាក់ថា អង្គការ Platinum East ដែលជាស្ថាប័នជំនាញផ្នែកដោះមីនតាមបច្ចេកវិទ្យាច្នៃប្រឌិត នឹងធ្វើឲ្យប្រតិបត្តិការបោសសម្អាតមីននៅទីវាលកាន់តែមានសុវត្ថិភាព និងអាចរំដោះផ្ទៃដីបានលឿនសម្រាប់ប្រជាជនកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកសង្ឃឹមថា នឹងឃើញការអភិវឌ្ឍជំនាញថ្មីៗកាន់តែច្រើនឡើង និងបច្ចេកវិទ្យាក្នុងវិស័យសកម្មភាពមីន ដែលអាចឲ្យប្រតិបត្តិករដោះមីនបំពេញភារកិច្ចអស់ពីសមត្ថភាព ហើយវាជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់កម្ពុជាជាប្រទេសនាំមុខគេលើពិភពលោក ដែលមានជំនាញច្រើន ក៏ដូចជាសម្របខ្លួនទៅនឹងបច្ចេកវិទ្យាជឿនលឿននៅពេលនិយាយអំពីបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕
ដោយ៖ សូរិយា