នៅថ្ងៃទី២ ខែតុលា ឥណ្ឌូណេស៊ី បានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបង្អស់តភ្ជាប់ពីទីក្រុងចាការតា ទៅកាន់ទីក្រុង បានឌុង ។ គម្រោងរថភ្លើងល្បឿនលឿនមានតម្លៃ ៧,៣ ពាន់លានដុល្លារអាមេរិក ស្ថិតនៅក្នុងក្របខ័ណ្ឌចក្ខុវិស័យ ផ្លូវនិងខ្សែក្រវាត់របស់ចិននិងឥណ្ឌូណេស៊ី។
ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) សាទរចំពោះចិនថាជានិមិត្តរូបមួយនៃការធ្វើទំនើបកម្មរបស់ប្រទេសអាស៊ានមួយនេះ។ ជាមួយល្បឿនអតិបរមា៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿន Whoosh អាចរត់ទៅមករវាងរដ្ឋធានីចាការតា និងទីក្រុងបានឌុង (Bandung) ក្នុងរយៈពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ខណៈការធ្វើដំណើរដែលមានចម្ងាយសរុប១៤០គីឡូម៉ែត្រនេះ ពីមុនមកធ្លាប់ប្រើពេលវេលារហូតដល់ខ្ទង់៣ម៉ោង តាមរយៈរថភ្លើងធម្មតា។ លោក Widodo បានអះអាងថា រថភ្លើងខាងលើដែលអាចផ្ទុកអ្នកដំណើរបាន៦០០នាក់ គឺជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់់នៅអាស៉ីអាគ្នេយ៍។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាផ្នែកនៃកិច្ចផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ប្រទេសចិន។ វាត្រូវបានសាងសង់ដោយក្រុមហ៊ុន PT KCIC ដែលរួមផ្សំឡើងពីក្រុមហ៊ុនរដ្ឋឥណ្ឌូណេស៉ីចំនួន៤ ហើយនិងក្រុមហ៊ុន China Railway International Co. របស់ទីក្រុងប៉េកាំង។ គម្រោងនេះពីដំបូងឡើយ ត្រូវបានកំណត់គោលដៅថា នឹងចំណាយថវិកាក្រោម៥ពាន់លានដុល្លារ ហើយសម្រេចជាស្ថាពរនៅត្រឹមឆ្នាំ២០១៩ ប៉ុន្តែការពន្យារពេលដោយសារបញ្ហាប្រឈមនៃដំណើរការសាងសង់ បូករួមជាមួយវិបត្តិជំងឺកូវីដ-១៩ បាននាំឱ្យថវិកាដែលត្រូវចំណាយ កើនឡើងខ្ពស់៕ ដោយ៖ ធីរីណា
រូបថត៖ AP