ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤របស់ក្រសួងសុខាភិបាល។
សូមជម្រាបជូនថា វិស័យសុខាភិបាល គឺជាការងារដ៏អាទិភាពដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់បំផុតតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេស ហើយបន្តរហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ ការផ្តល់សេវាសុខាភិបាលល្អប្រសើរជូនដល់អ្នកជំងឺ គឹជានយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី។
ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល គឺជាគោលនយោបាយអាទិភាពទី១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ។ តាមរយៈគោលនយោបាយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានគោលដៅធានាឱ្យប្រជាពលរដ្ឋប្រមាណ ៩លាននាក់ ទទួលបានសេវាសុខាភិបាលល្អប្រសើរនៅពេលមានជំងឺ។
មកដល់ពេលបច្ចុប្បន្ននេះ តាមរយៈរបបសន្តិសុខសង្គម និង មូលនិធិសមធម៌សុខាភិបាលគ្រប់ដណ្តប់លើប្រជាពលរដ្ឋចំនួន ៦,៨លាននាក់ ក្នុងនោះមានសមាជិកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ទាំងរបបកាតព្វកិច្ច និងរបបស្ម័គ្រចិត្តមានចំនួន ២លាន ១សែននាក់, មូលនិធិសមធម៌សម្រាប់ប្រជាជន នៃគ្រួសារងាយរងហានិភ័យចំនួន ៤៩ម៉ឺនគ្រួសារ ស្មើនឹង ១លាន ៨សែននាក់, មូលនិធិសមធម៌ប្រជាជនសម្រាប់ប្រជាពលរដ្ឋគ្រួសារក្រីក្រ (ក្រ១ និងក្រ២) មានចំនួន៧០ម៉ឺនគ្រួសារ ដែលមានប្រជាជនចំនួន ២លាន ៨សែននាក់ និងបានពង្រីកនូវការគ្របដណ្តប់របបសន្តិសុខសង្គម ជូនដល់ក្រុមប្រជាជននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង ១០ម៉ឺននាក់ផងដែរ។
ដើម្បីសម្រេចបានគោលនយោបាយផ្តល់សេវាសុខាភិបាលល្អប្រសើរជូនប្រជាពលរដ្ឋ ក្រសួងសុខាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងអនុវត្តន៍លើកិច្ចការនេះ។
ក្រសួងសុខាភិបាលដឹកនាំដោយលោក ម៉ម ប៊ុនហេង ក្នុងនីតិកាលចាស់ និងបន្តដឹកនាំដោយលោក ឈាង រ៉ា ក្នុងនីតិកាលថ្មី បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសម្រេចមហិច្ឆតាលើកកម្ពស់សុខុមាលភាពប្រជាជន និងគុណភាពសេវាសុខាភិបាល ដែលជាបំណងប្រាថ្នារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។
ក្នុងពិធីបើកសន្និបាតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានបង្ហាញឱ្យឃើញនូវសមិទ្ធផលជាច្រើន ដែលក្រសួងសម្រេចបាននៅក្នុងឆ្នាំ២០២៣ និងបានដាក់ចេញការងារជាច្រើនទៀត ដើម្បីបន្តសកម្មភាពសម្រាប់ឆ្នាំ២០២៤។
ខាងក្រោមនេះ គឺជាសមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ និងការងារដែលត្រូវបន្តអនុវត្តន៍សម្រាប់ឆ្នាំ២០២៤៖
+ ការពង្រីកការគ្របដណ្តប់នៃសេវាសុខាភិបាល
* ករណីសរុបពិនិត្យជំងឺក្រៅបានកើនឡើង ២៤ភាគរយ ធៀបនឹងឆ្នាំ២០២២ ក្នុងនោះករណីថ្មីពិនិត្យជំងឺក បានកើនឡើង១៤ភាគរយ។ ៧៧ភាគរយ នៃចំនួនករណីថ្មីសរុបត្រូវបានពិនិត្យនៅមណ្ឌលសុខភាព និង ១១ភាគរយ នៅមន្ទីរពេទ្យជាតិ និងជាង១០ភាគរយទៀតនៅមន្ទីរពេទ្យបង្អែក។
* ចំនួនអ្នកជំងឺសម្រាកពេទ្យបានកើនឡើង២០ភាគរយ ធៀបនឹងឆ្នាំ២០២២ ក្នុងនោះ ៤០ភាគរយ នៅមន្ទីរពេទ្យជាតិ ២៤ភាគរយ នៅមន្ទីរពេទ្យបង្អែកកម្រិតបី ១៦ភាគរយ នៅមន្ទីរពេទ្យបង្អែកកម្រិតមួយ និងពីរ និង ៥ភាគរយ នៅមណ្ឌលសុខភាពមានគ្រែ។ អត្រាប្រើប្រាស់គ្រែ បានកើនឡើង ១១ភាគរយ រីឯអត្រាស្លាប់នៅមន្ទីរពេទ្យនៅក្រោម ១ភាគរយ (បានធ្លាក់ចុះ០,១៥ភាគរយ)។
ការពិនិត្យជំងឺក្រៅករណីថ្មី ដែលត្រូវបានបញ្ជូនពីមូលដ្ឋានសុខាភិបាលសាធារណៈថ្នាក់ទាប ទៅមូលដ្ឋានសុខាភិបាលថ្នាក់ខ្ពស់ មានចំនួនប្រមាណ ២លាន ៤សែនករណី ក្នុងនោះមានតែ ៤ភាគរយ ប៉ុណ្ណោះ ដែលមានលិខិតបញ្ចូន។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រថយន្តគិលានសង្គ្រោះកំពុងដំណើរការទូទាំងប្រទេសមានចំនួន ៦១៦គ្រឿង ក្នុងនោះនៅថ្នាក់ជាតិមាន ១១៧គ្រឿង។
+ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងក្មេងជំទង់/យុវវ័យ និងអាហារូបត្ថម្ភ
ការប្រើប្រាស់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងអាហារូបត្ថម្ភ មានកម្រិតខ្ពស់ ជាងឆ្នាំ២០២២។ រវាងឆ្នាំ២០១៤-២០២២ មរណភាពទារក និងកុមារអាយុក្រោមប្រាំឆ្នាំ សម្រេច បាន គោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ មុនកាលកំណត់៨ឆ្នាំ។ អំឡុងពេលដូចគ្នានេះ អត្រា មរណភាពមាតា បានបន្តធ្លាក់ចុះមកនៅ១៥៤ (ក្នុងទារកកើតរស់ ១០០,០០០នាក់) ប៉ុន្តែនៅខ្ពស់ជាងគោលដៅចំណុចអន្តរកាលឆ្នាំ២០២០ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០។
អត្រាប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបណាមួយនៅមូលដ្ឋានសុខាភិបាលសាធារណៈ មាននិន្នាការថយចុះពី ២១ភាគរយ មក ១៤ភាគរយរវាងឆ្នាំ២០១៩-២០២៣។ មធ្យោបាយពន្យារកំណើតទំនើបដែលកំពុងប្រើប្រាស់ភាគច្រើន គឺថ្នាំគ្រាប់ ៥១ភាគរយ បន្ទាប់មកថ្នាំចាក់ ៣០ភាគរយ ឯស្រោមអនាម័យមានរង្វង់ ៣ភាគរយ ករណីរំលូត និងរលូតមាននិន្នាការថយចុះ រវាងឆ្នាំ២០២០-២០២២ ប៉ុន្តែ បានកើនឡើងវិញប្រមាណ ១៩ភាគរយនៅក្នុងឆ្នាំ២០២៣។
អត្រាពិនិត្យថែទាំគភ៌មុនសម្រាលលើកទី២ បានកើនឡើងពី ៨៨ភាគរយ ដល់ ៩៩ភាគរយ និងលើកទី៤ កើនឡើងពី ៦១ភាគរយ ទៅ ៧៥ភាគរយ រវាងឆ្នាំ២០២២-២០២៣។
អត្រាសម្រាលដោយបុគ្គលិកសុខាភិបាលបានកើនឡើងពី ៧៩,០២ភាគរយ ទៅ ៩០,៦២ភាគរយ នៃស្ត្រីមានគភ៌រំពឹងទុក និងអត្រាសម្រាលនៅមូលដ្ឋានសុខាភិបាលបានកើនឡើងពី ៧៦,៧៨ភាគរយ ទៅ ៨៨,២៣ភាគរយ។ ការសម្រាលនៅមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ២៩៣,៩២៥នាក់ ឬស្មើនឹង ៩៤ភាគរយ នៃចំនួនសម្រាលសរុប ៣០២,០៥៣។
អត្រាសម្រាលដោយវិធីវះកាត់បានកើនឡើងពី ៧,៧១ភាគរយ ទៅ ១០,២៩ភាគរយ នៃចំនួនទារកកើតរស់។
អត្រាពិនិត្យថែទាំម្តាយ និងទារក ក្រោយសម្រាលលើកទី១ ទី២ ទី៣ និងទី៤ បានកើនឡើង បើធៀបនឹងឆ្នាំ២០២២។ ទារកកើតស្លាប់ ២,០៨៧នាក់ ក្នុងនោះទារកកើតស្លាប់មុន ២៤ម៉ោង ៤៩២នាក់ និង ទារកស្លាប់កើតចំនួន ២,០២៥នាក់។ ករណីសង្ស័យមរណភាពមាតា ដែលបានរាយការណ៍ពីមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន ៩៥ករណី។
អត្រាគ្របដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺខាន់ស្លាក់-ក្អកមាន់-តេតាណូស-រលាកថ្លើមប្រភេទបេ-រលាកសួត- រលាកស្រោមខួរ៣លើក លើកុមារអាយុក្រោម១ឆ្នាំ រក្សាបានខ្ពស់លើសពី៩៥ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ អត្រាចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ សម្រេចបាន ៩៩ភាគរយ នៃចំនួនកុមារីអាយុ៩ឆ្នាំសរុប។
ការពិនិត្យជំងឺក្រៅករណីថ្មី លើកុមារអាយុក្រោម៥ឆ្នាំ មានចំនួន ២,៤៩៨,៨៤៣ករណី និងកុមារ សម្រាកព្យាបាលមានចំនួន ២០៥,៦៨២នាក់ ក្នុងនោះកុមារ ១,៦៧៥នាក់បានស្លាប់។
អត្រាទារកដែលបានបំបៅដោយទឹកដោះម្តាយ ៧០ភាគរយ ក្នុងមួយឆ្នាំ រវាងឆ្នាំ២០២០ និងឆ្នាំ២០២៣។
+ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ
* ករណីឆ្លងថ្មី នៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគ្មានផ្ទុកមេរោគអេដស៍ ១,០០០នាក់ មាននិន្នាការ ងើបឡើងវិញពី០,០៧ នៅឆ្នាំ២០២១ ទៅ ០,០៨ នៅឆ្នាំ២០២២។ តាមការប៉ាន់ស្មានប្រជាជនពេញ វ័យឆ្លងមេរោគអេដស៍មានចំនួន ១,៤០០នាក់ ក្នុងមួយឆ្នាំ។ អ្នកជំងឺអេដស៍ដែលកំពុងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍បានកើនឡើងពី ៦៤,៩៣២នាក់ ដល់ ៦៧,៧០៣នាក់ ឬកើនឡើង ៤,០៩ភាគរយ ធៀបនឹងឆ្នាំ២០២២។
* អត្រាស្លាប់ដោយជំងឺរបេងក្នុងប្រជាជន ១០០,០០០នាក់ បានងើបឡើងវិញពី២១ នៅឆ្នាំ២០២១ ទៅ ២៣ នៅឆ្នាំ២០២២ និងប្រជាជនដែលបានចាប់ផ្តើមព្យាបាលបង្ការជំងឺរបេងបានកើនឡើង ៤២ភាគរយ។ អត្រាព្យាបាលជោគជ័យជំងឺរបេងនៅរក្សាបានខ្ពស់លើសពី៩០ភាគរយ ក្នុងរយៈពេល២៣ឆ្នាំជាប់គ្នា។ ករណីថ្មីជំងឺគ្រុនចាញ់ បានធ្លាក់ចុះពី ៤,០៥៣ករណី នៅឆ្នាំ២០២២ មកនៅ ១,៣៨៤ករណី នៅ ឆ្នាំ២០២៣ និងករណីស្លាប់ដោយជំងឺគ្រុនចាញ់បានផ្ដើមធ្លាក់ដល់ ០ករណី ចាប់ពីឆ្នាំ២០១៨។ ករណីជំងឺគ្រុនឈាមបានកើនឡើងជិត៣ដង និងចំនួនស្លាប់កើនឡើងជិត៥ដង ធៀបនឹងឆ្នាំ២០២២។ រីឯ ករណីជំងឺគ្រុនឈីក មានចំនួន ២៣៨ករណី កើតលើមនុស្សគ្រប់វ័យ។
+ ការបង្ការ និងការគ្រប់គ្រងជំងឺមិនឆ្លង/ជំងឺរ៉ាំរ៉ៃ
* ការប្រើប្រាស់សេវាពិនិត្យជំងឺក្រៅ និងសម្រាកព្យាបាលនៃជំងឺមិនឆ្លងចម្បងៗ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺបេះដូងសរសៃឈាម និងអ្នកជំងឺមហារីក បានកើនឡើងគួរឱ្យកត់សម្គាល់។ រវាងឆ្នាំ ២០២២ និង២០២៣៖ ករណីថ្មីជំងឺទឹកនោមផ្អែម ដែលបានពិនិត្យនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងអ្នកជំងឺសម្រាកពេទ្យបានកើនឡើង ៤២ភាគរយ។
* ការពិនិត្យជំងឺក្រៅករណីថ្មី ជំងឺឡើងសម្ពាធឈាម នៅមូលដ្ឋានសុខាភិបាលសាធារណៈបានកើនឡើង ១២ភាគរយ ឯអ្នកសម្រាកព្យាបាលបានកើនឡើង ៣២ភាគរយ។
* អ្នកជំងឺបេះដូងសរសៃឈាមបានមកពិនិត្យពិគ្រោះជំងឺ មានចំនួន ១២,៤៦១នាក់ និងសម្រាកព្យាបាលមានចំនួន ១៦,៩៨២នាក់ ក្នុងនោះ អ្នកជំងឺ ១,០២០នាក់ បានទទួលមរណៈភាព។
* អ្នកជំងឺមហារីកទាំងពីរភេទមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបានកើនឡើង ៩ភាគរយ (ស្រ្តី ១០, ០៥០នាក់) និង ១១៩នាក់ បានទទួលមរណៈភាព។ ជំងឺមហារីកដែលជួបច្រើនជាងគេ គឺមហារីកដោះ ១៧ភាគរយ បន្តដោយមហារីកមាត់ស្បូន ១១ភាគរយ។ វាងឆ្នាំ២០២២ និងឆ្នាំ២០២៣ ចំនួនស្ត្រីដែលបានធ្វើតេស្ដរកភាពមិនប្រក្រតីនៃកោសិកាមាត់ស្បូន បានកើនឡើង៤ភាគរយ ក្នុងនោះស្ត្រីអាយុពី ៣០-៤៩ឆ្នាំ មានប្រហែល ៨០ភាគរយ។
* ក្នុងឆ្នាំ២០២៣ ករណីពិនិត្យជំងឺផ្លូវចិត្តបានកើនឡើង កើនឡើង ៥ភាគរយ ធៀបនឹងឆ្នាំ២០២២ និងអ្នកជំងឺសម្រាកព្យាបាលបានកើនឡើង ២៤ភាគរយ។
* អត្រាវះកាត់បាយភ្នែកបានកើនឡើងពី ១,៨៤៤ នៅឆ្នាំ២០២២ ទៅ ២,២១៣ ក្នុងប្រជាជន ១លាននាក់ នៅឆ្នាំ២០២៣។
+ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល
* នៅក្នុងខែកញ្ញា-តុលា ឆ្នាំ២០២៣ ក្រសួងបានប្រើប្រាស់ឧបករណ៍វាយតម្លៃគុណភាពកម្រិត២ លើក ដំបូង នៅមណ្ឌលសុខភាព ១,២៨១ មន្ទីរពេទ្យបង្អែកកម្រិតមួយ ៦០ មន្ទីរពេទ្យបង្អែកកម្រិតពីរ ៣៨ និងមន្ទីរពេទ្យបង្អែកកម្រិតបី ២១ ពិន្ទុនៃការវាយតម្លៃនេះ នឹងប្រើប្រាស់ ជាតម្លៃដើមគ្រា សម្រាប់ការ តាមដានវឌ្ឍនភាពនៃការកែលម្អគុណភាព នៅពេលវាយតម្លៃលើកក្រោយៗ។
* ការវាយតម្លៃដោយឧបករណ៍កម្រិត២ នៅក្នុងខែកញ្ញា-តុលា ឆ្នាំ២០២៣ មណ្ឌលសុខភាព ១,២៨១ កន្លែង ទទួលបានពិន្ទុជាមធ្យម ៣៨ភាគរយ (ពីពិន្ទុទាបបំផុត ៦,៥៤ភាគរយ ទៅពិន្ទុខ្ពស់បំផុត ៥៥,៩៧ភាគរយ)
* មណ្ឌលសុខភាព ១០ ត្រូវបានជ្រើសរើសជាមណ្ឌលសុខភាពជ័យលាភី ក្នុងការប្រឡងប្រជែងអង្គភាព ផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣។
+ ការអភិវឌ្ឍប្រព័ន្ធគាំពារសុខភាពសង្គម
* ប្រជាជនគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានកើនឡើងពី ៣៦,៩៣ភាគរយ នៅឆ្នាំ២០២២ ដល់ ៤៩,៤៣ភាគរយ នៅឆ្នាំ២០២៣។
* សន្ទស្សន៍គ្របដណ្ដប់សេវាសុខភាពនៃការគ្របដណ្ដប់សុខភាពជាសកលកម្ពុជា (UHC health service coverage index) បានកើនឡើងពី ៦០ (រង្វាស់ពី ០-១០០) នៅឆ្នាំ២០១៨ ដល់ ៦៦,៩ នៅឆ្នាំ២០២២។ ចំណាយលើការប្រើប្រាស់តាវកាលិកនៃមូលនិធិសមធម៌ បានកើនឡើង ១១,៣៩ភាគរយ និងចំណាយលើ ការប្រើប្រាស់តាវកាលិក ប.ស.ស បានកើនឡើង ១២៧,២៩ភាគរយ។
* បន្ទុកហានិភ័យនៃចំណាយលើសុខភាពមាននិន្នាការធ្លាក់ចុះ ក្នុងនោះអាំងស៊ីដង់នៃប្រជាពលរដ្ឋដែល ធ្លាក់ខ្លួនក្រីក្រ ដោយសារចំណាយលើសុខភាពបានធ្លាក់ចុះពី ៣,៩៣ភាគរយ នៅឆ្នាំ២០១៩មកនៅ ៣,៥៤ភាគរយ នៅក្នុងអំឡុងពេលដូចគ្នានេះ។ ទិន្នន័យនេះហាក់នៅខ្ពស់ បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។
+ ការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព
យន្តការស្ថាប័ន និងប្រព័ន្ធអង្កេតតាមដាននិងឆ្លើយតបជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈ នៅ តែបន្តភាពបុរេសកម្ម សកម្មនិងអន្តរសកម្ម ដោយបន្តគ្រប់គ្រងនិងទប់ស្កាត់បានការឆ្លងរាលដាល នៃជំងឺឆ្លងថ្មី។
* ពិន្ទុសមត្ថភាពស្នូលកម្ពុជាដែលជាតម្រូវការនៃនិយ័តកម្មសុខភាពអន្តរជាតិ (២០០៥) បានកើនឡើង ពី ៤៦ភាគរយ នៅឆ្នាំ២០១៨ ដល់ ៦០ភាគរយ នៅឆ្នាំ២០២២
* ប្រព័ន្ធអង្កេតតាមដានឆ្លើយតបនឹងជំងឺនិងបញ្ហាសុខភាពសាធារណៈ ត្រូវបានពង្រឹងជាប្រចាំតាមរយៈ ប្រពន្ធ័ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ប្រព័ន្ធរបាយការណ៍សូន្យ ប្រព័ន្ធតាមដានព្រឹត្តិការណ៍សុខ
ភាព និង ប្រព័ន្ធអង្កេតតាមដានជំងឺផ្តាសាយ។
* គុណភាពសេវាមន្ទីរពិសោធន៍ ត្រូវបានពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាព កម្មវិធីវាយតម្លៃគុណភាពពីខាងក្រៅ និងការរៀបចំដំណើរឆ្ពោះទៅរកការទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់គុណភាប។
* ក្នុងឆ្នាំ២០២៣ អំណោយឈាមសរុបបានកើនឡើង២៥ភាគរយ រីឯការផ្គត់ផ្គង់ឈាម និងផលិតផល ឈាមដល់មន្ទីរពេទ្យរដ្ឋ និងឯកជន បានកើនឡើង ៣០ភាគរយ ធៀបនឹងឆ្នាំ២០២២។
* វិធានចត្តាឡីស័កនៅតាមច្រកទ្វារព្រំដែន ត្រូវបានអនុវត្តជាប្រចាំ មន្ត្រីចត្តាឡីស័កក៏បានត្រួតពិនិត្យ យានដឹកជញ្ចូន និងធ្វើអធិការកិច្ចលើមធ្យោបាយដឹកជញ្ជូនផងដែរ។
* ការបង្ការ និងគ្រប់គ្រងជំងឺឆ្លងពីសត្វមកមនុស្ស និងការអង្កេតស្រាវជ្រាវ និងការឆ្លើយតបនឹងការពុល ចំណីអាហារ ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃអនាម័យ និងសុវត្ថិភាពចំណីត្រូវបានពង្រឹង។
* តាមដានភាពសុាំនៃមេរោគនឹងឱសថប្រឆាំងមេរោគ តាមរយៈបណ្តាញ ប្រព័ន្ធព័ត៌មានវិទ្យាមន្ទីរពិសោធន៍ មីក្រូជីវសាស្ត្រចំនួន៩។
សម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២៤វិញ ក្រសួងសុខាភិបាល បានដាក់ចេញដូចខាងក្រោម៖
+ ការពង្រីកសេវាសុខាភិបាល
* ពង្រឹងតួនាទីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាថែទាំសុខភាព បឋម
* ពង្រីកសេវាជំងឺមិនឆ្លង សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ និងសេវាសារវន្តផ្សេងៗទៀត
* ពង្រឹង ប្រព័ន្ធបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះថ្នាក់ ទាំងក្នុងប្រព័ន្ធសុខាភិបាលសាធារណៈ និងផ្នែកឯកជន
* បង្កើនសកម្មភាពអប់រំលើកកម្ពស់សុខភាព និងគ្រប់គ្រងជំងឺ ឬហានិភ័យសុខភាព
* ជំរុញការចូលរួមរបស់សហគមន៍ វិស័យពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន អង្គការសង្គមស៊ីវិល
* ពង្រឹងសមត្ថភាពធនធានមនុស្ស ការផ្គត់ផ្គង់ឱសថ បរិក្ខារ សំភារៈ ឧបករណ៍ពេទ្យ ថវិកា កែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន/ឌីជីថលជាមូលដ្ឋាន ដើម្បីលើកកម្ពស់ការផ្ដល់ សេវាថែទាំសុខភាពបឋម
+ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល
* រៀបចំចាត់ចែងរំហូអ្នកជំងឺតាមបទដ្ឋានបច្ចេកទេសនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក
* បង្ការ និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចចៀសវាងបាន នៅក្នុងដំណើរការផ្តល់សេវាថែទាំព្យាបាល និងលើកកម្ពស់ការអនុវត្តវិធានបង្ការ និងគ្រប់គ្រងការឆ្លងរោគ នៅគ្រប់មូលដ្ឋានសុខាភិបាល
* ពង្រឹងការអនុវត្តអភិក្រមព្យាបាលថែទាំព្យាបាលបន្ត និងសម្របសម្រួលនៅក្នុង និងរវាងមូលដ្ឋានសុខាភិបាល
* បន្តពង្រឹងយន្តការវាយតម្លៃនិងកែលម្អគុណភាព នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត
* ធ្វើបច្ចុប្បន្នកម្មស្តង់ដា គោលការណ៍បច្ចេកទេស/ពិធីសារគ្លីនិក និងតាមដានការអនុវត្ត
* ពង្រឹងយន្តការទទួលព័ត៌មាន ឬយោបល់ត្រឡប់ពីអ្នកជំងឺ/គ្រួសារ និងការរាយការណ៍ពីឧប្បត្តិហេតុ ដែលបានកើតឡើងនៅក្នុងការព្យាបាលថែទាំ និងដោះស្រាយបញ្ហាទាន់ពេលវេលា
+ ការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម
* ពង្រឹងការអនុវត្ត និងតាមដានការអនុវត្តកម្មវិធីមូលនិធិសមធម៌ ប.ស.ស. និងកម្មវិធីជំនួយសង្គម
* បង្កើនការផ្សព្វផ្សាយអំពីប្រតិបត្តិការនៃកម្មវិធីគាំពារសុខភាពសង្គម និងអត្ថប្រយោជន៍ដែលទទួលបាន
* អនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល
* ធ្វើបច្ចុប្បន្នកម្ម និងគណនាថ្លៃចំណាយតាវកាលិកវេជ្ជសាស្ត្រនៃកម្មវិធីមូលនិធិសមធម៌
* អភិវឌ្ឍវិធីសាស្ត្រទូទាត់ថ្លៃចំណាយលើសេវាថែទាំសុខភាព ដែលធានានូវប្រសិទ្ធភាពនៃការចំណាយ និងការផ្តល់សេវាថែទាំសុខភាពមានគុណភាព ក្នុងបរិមាណគ្រប់គ្រាន់
+ ការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព និងសេវាសារវន្ត
* បន្តពង្រឹងសមត្ថភាពដឹកនាំ និងសម្របសម្រួល ក្នុងការឆ្លើយតបនឹងការលេចឡើង/លេចឡើងសាជា ថ្មី នៃជំងឺឆ្លង ឬគ្រោះអាសន្នសុខភាពសាធារណៈ
* លើកកម្ពស់ការអនុវត្តវិធានបុរេសកម្ម ការបង្ការ ស្រាវជ្រាវទាន់ពេល និងឆ្លើយតបរហ័ស ប្រព័ន្ធអង្កេត តាមដាន បណ្ដាញសេវាមន្ទីរពិសោធន៍ បណ្តាញទំនាក់ទំនង ការប្រាស្រ័យទាក់ទងហានិភ័យ។ល។
* ត្រៀមបំរុងឱសថ បរិក្ខារ ឧបករណ៍វេជ្ជសាស្ត្រ គ្រូពេទ្យ បុគ្គលិក ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាលសមស្រប
* បង្កើនការអប់រំ ផ្សព្វផ្សាយ និងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងតាមដានភាពសុាំរបស់មេរោគ ជាមួយឱសថប្រឆាំងមេរោគ ជំងឺឆ្លងពីសត្វមកមនុស្ស បង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយ និងហានិភ័យសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ
* លើកកម្ពស់ការសិក្សាស្រាវជ្រាវ និងស្វែងរកឬអភិវឌ្ឍវិធានថ្មីៗ ទាំងវេជ្ជសាស្ត្រ និងមិនមែនវេជ្ជសាស្ត ព្រមទាំងលើកកម្ពស់កិច្ចសហការក្នុងក្របខណ្ឌតំបន់ និងសកល ក្នុងការបង្ការ/ទប់ស្កាត់ ការគម្រាម
កំហែងសន្តិសុខសុខភាព
+ ការពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល
* ពិនិត្យកែសម្រួលរចនាសម្ព័ន្ធ និងតួនាទីក្រសួងសុខាភិបាល និងអង្គភាពសុខាភិបាលថ្នាក់កណ្ដាល ឱ្យស្របតាមការវិវត្តនៃការកែទម្រង់រដ្ឋបាលសាធារណៈ និងវិមជ្ឈការ
* កសាង/ធ្វើបច្ចុប្បន្នកម្មច្បាប់ប្បញ្ញត្តិ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការ និងឧបករណ៍បច្ចេក ទេស បន្តបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រង ពង្រឹងការអនុវត្តយន្តការនិយ័តកម្មសេវាសុខាភិបាលសាធារណៈ និងឯកជន
* កសាង/អភិវឌ្ឍភាពជាដៃគូសាធារណៈ-ឯកជន និងពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដៃគូ អភិវឌ្ឍន៍ជាតិ អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាល
* ពង្រឹងការអនុវត្តយន្តការតាមដាន និងវាយតម្លៃសមិទ្ធផលប្រព័ន្ធសុខាភិបាល ការអនុវត្តច្បាប់/គោល នយោបាយ/ផែនការ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវសុខាភិបាល/សុខាភិបាលឌីជីថល
* អនុវត្តយន្តការសមស្របធ្វើឲ្យប្រសើរឡើងដល់ការជ្រើសរើស ការបែងចែក និងការរក្សាទុកបុគ្គលិក ដោយផ្តល់អាទិភាពដល់មណ្ឌលសុខភាព/ប៉ុស្តិសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក
* បង្កើនគុណភាពនៃការបណ្តុះបណ្តាលមូលដ្ឋាន និងបណ្តុះបណ្តាលបន្ត ដោយផ្តោតលើកម្មវិធីសិក្សា ដែលផ្អែកលើចំណេះដឹង ជំនាញ និងឥរិយាបថ និងគុណភាពខ្ពស់នៃវិធីសាស្ត្របង្រៀន
* បង្កើនសមត្ថភាពអង្គភាពថវិកា ក្នុងការវិភាគ និងការវិភាជថវិកា និងការរៀបចំថវិកា និងលើកកកម្ពស់ ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការចំណាយ និងការងារលទ្ធកម្ម
* ពង្រឹងការផ្គត់ផ្គង់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ឱសថ បរិក្ខារ វ៉ាក់សាំង ប្រតិករ សម្ភារៈ និងបំពាក់ឧបករណ៍ពេទ្យដល់មណ្ឌលសុខភាព/ប៉ុស្តិ៍សុខភាព និងមន្ទីរពេទ្យបង្អែក ស្របតាមស្តង់ដា
* សាងសង់ ពង្រីក និងកែលម្អអគារប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក
* កសាង និងអភិវឌ្ឍប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច និងធ្វើសមាហរណកម្មប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដោយផ្ដោតលើស្តង់ដារ និងអន្តរប្រតិបត្តិការមុខងារប្រព័ន្ធ និងបណ្ដុះបណ្តាលកសាងសមត្ថភាព និងបំណិនសុខាភិបាលឌីជីថល ដល់មន្ត្រី បុគ្គលិកសុខាភិបាល
* អភិវឌ្ឍរចនាសម្ព័ន្ធ និងសមត្ថភាពស្ថាប័ន សម្រាប់ការដឹកនាំ អភិបាលកិច្ច សម្របសម្រួល និងគាំទ្រ ការអភិវឌ្ឍប្រព័ន្ធអេកូសុខាភិបាលឌីជីថល
* ពង្រឹងការអនុវត្តយន្តការរាយការណ៍ទិន្នន័យ/ព័ត៌មានសុខាភិបាលពីអ្នកផ្តល់សេវាសុខាភិបាលឯកជន តាមនីតិវិធីជាធរមាន ក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានសុខាភិបាលរបស់ក្រសួងសុខាភិបាល
* គាំទ្រការអភិវឌ្ឍប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន៕
ដោយ៖ តារា