ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ប្រើប្រាស់ច្រើនយ៉ាងទន្លេសាប (Tonle Sap Multiple Use Area)

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បឹងទន្លេសាបជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន លើផ្នែកសង្គម សេដ្ឋកិច្ច វិប្បធម៌ និងបរិស្ថាន និងជាបឹងទន្លេសាបធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានបណ្តោយ១១៦ គ.ម និង ទទឹង ៣,៣៣ គ.ម)។ របបជលសាស្រ្តមានលក្ខណៈពិសេសដាច់ដោយឡែក នៅរដូវវស្សាទទួលរបប ទឹកភ្លៀងពីទន្លេមេគង្គ៦២% និង៣៨%ទៀតពីបណ្តាស្ទឹងធំៗទាំង១១ ដែលនៅជុំវិញ និងផ្តល់ទឹកដល់ទន្លេមេគង្គក្រោមនៅរដូវប្រាំង។ នេះជាការពីខាង អង្គភាពមន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ និងប្រភព រៀបរាប់ដោយ បណ្ឌិត សាម អ៉ីន ។ 

អង្គភាពមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានរៀបរាប់ថា ៖ របបទឹកដែលធ្វើឱ្យបឹងនេះមានស្ថានភាពប្រែប្រួលរវាងរដូវប្រាំង និងរដូវវស្សា គឺជម្រៅពី១ ទៅ ១១ម៉ែត្រ ហើយផ្ទៃក្រឡា ពី២៥០,០០០ ទៅ ១,៥០០,០០០ហិកតា និងមាឌទឹក ពី៤,៥០០ ទៅ ១៣៥,០០០លានម៉ែត្រគូប និងបានផ្តល់នូវសារធាតុចិញ្ចឹមល្បាប់មានជីជាតិ និងទឹកសម្រាប់គាំទ្រវិស័យកសិកម្ម។ 

របបទឹកនេះផងដែរបង្កបង្កើតនាំឱ្យមានតំបន់ដីសើម និងព្រៃលិចទឹកធំល្វឹងល្វើយ ដែលជាប្រភេទព្រៃលិចទឹកទឹកសាបតាមរដូវ ធំជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ (៣៦០,០០០ហិកតា) ដែលផ្តល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ១៧៥ប្រភេទ សត្វស្លាប២២៥ប្រភេទ (ជម្រកពងកូនធំជាងគេនៅអាស៊ីអាគ្នេយ៍) ថនិកសត្វ៤៦ប្រភេទ ល្មូន៤២ប្រភេទ និងរុក្ខជាតិជាង២០០ប្រភេទ។ 

បឹងទន្លេសាបជាបឹងដែលទ្រទ្រង់ទិន្នផលត្រីទឹកសាបខ្ពស់លើពិភពលោក (ជាង៣០០,០០០តោន/ឆ្នាំ ស្មើ៧០% នៃផលចាប់សរុបត្រីទឹកសាប) និងគាំទ្រសេដ្ឋកិច្ចសហគមន៍មូលដ្ឋានប្រមាណ ១៧០ភូមិ (ប្រជាជន ៤,៥លាននាក់) រស់នៅក្នុងនិងជុំវិញបឹងទន្លេសាប ហើយត្រីបានផ្តល់ប្រូតេអ៊ីនប្រមាណជាង៧០%ដល់ប្រជាជនកម្ពុជា និងជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ ដែលរួមចំណែក១៦%នៃផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេស។ 

សេវាកម្មប្រព័ន្ធអេកូឡូស៊ី តំបន់ដីសើមបឹងទន្លេសាបនេះបានរួមចំណែកដល់ការរក្សាលំនឹងបរិស្ថាន សេដ្ឋកិច្ចសង្គម ទំនៀមទំលាប់ប្រពៃណី រក្សាធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ និងជាតំបន់ដែលមានសារសំខាន់ជាអន្តរជាតិ ហើយតាមរយៈសេវាទាំងនេះ តំបន់បឹងទន្លេសាប ត្រូវបានដាក់ជាតំបន់ប្រើប្រាស់ច្រើនយ៉ាងនៅឆ្នាំ១៩៩៣ មានផ្ទៃដីទំហំ ៣១៦,២៥០ហិកតា។ 

លើសពីនេះទៅទៀត តំបន់នេះត្រូវបានកំណត់ជា «ឋបនីយជីវមណ្ឌល-Biosphere Reserve» ជាស្ថានប្រព័ន្ធដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយអង្គការយូណេស្កូនៅឆ្នាំ១៩៩៧ ក្នុងក្របខណ្ឌកម្មវិធីមនុស្ស និងជីវមណ្ឌលមានតម្លៃផ្នែក ជីវចម្រុះ សង្គម និងសេដ្ឋកិច្ច ដែលមិនអាចកាត់ថ្លៃបាន។

ក្រសួងបរិស្ថានបានជំរុញ និងគាំទ្រមន្ទីរបរិស្ថានខេត្តទាំង៦ ជាប់បឹងទន្លេសាបឱ្យរៀបចំថ្នាលបណ្តុះកូនឈើ និងបណ្តុះកូនឈើសម្រាប់ដាំស្តារព្រៃលិចទឹកឡើងវិញ មានដូចជា ដើមរាំង ដើមត្រស់ ដើមកន្សែង ដើមផ្ទោល ដើមម្ដេញ និងដើមសណ្តាន់ជាដើម ៕

ដោយ ៖ សិលា


ចែករំលែក៖