សារព័ត៌មាន Sputnik បានដកស្រង់សម្តី អតីតទីប្រឹក្សាជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកលោក Micheal Maloof បានឲ្យ ដឹងថា អាមេរិកនឹងមិនដកទាហានចេញពីស៊ីរីឡើយ ទោះបីសង្គ្រាមស៊ីវិលនៅទីនោះបញ្ចប់ហើយក្តី។
លោក Micheal Maloof បញ្ជាក់ ថា«ប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ចង់ដណ្តើមគ្រប់គ្រងទឹកដីស៊ីរីទាំងស្រុងមកវិញ តែខ្ញុំគិតថានឹងមិនមានទឹកដីស៊ីរីគង់ វង្សដូចកាលពីមុនឡើយ ។ អាមេរិកចង់ គ្រប់គ្រងមួយផ្នែកនៃទឹកដីស៊ីរី »។
អ្នកឯកទេសជនជាតិអាមេរិករូបនេះបានបញ្ជាក់ថា«ក្នុងពេលនោះក្រុមជនជាតិឃើដក៏ចង់ ទទួលបានផលប្រយោជន៍របស់ខ្លួននោះដែរ។ កន្លងមករុស្ស៊ីក៏ធ្លាប់បានស្នើ បង្កើតតំបន់គ្រប់គ្រងស្វយ័តរបស់ជនជាតិឃើដនៅភាគខាងជើងស៊ីរី ប៉ុន្តែត្រូវបាន រដ្ឋាភិបាលលោកអាល់ អាសាដ និងទួរគី ប្រឆាំង។ ភាគីនីមួយៗគឺចង់បានពីផល ប្រយោជន៍របស់ខ្លួននៅលើទឹកដីស៊ីរីដូចគ្នា»។
លោក Micheal Maloof បានបញ្ជាក់ទៀតថា ការសម្រេចផ្តល់អាវុធដល់ក្រុម ជនជាតិឃើដ នៅស៊ីរីរបស់ទីក្រុងវ៉ាស៊ីន តោន នឹងប៉ះពាល់ដល់ទំនាក់ទំនងការ បរទេសរវាងអាមេរិកនឹងទួរគី ។នៅពេល ខាងមុខរដ្ឋាភិបាលទីក្រុង អង់ការ៉ា នឹង ផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ នៅ ក្នុងប្រទេសស៊ីរី។
លោក Micheal Maloofបញ្ជាក់ទៀតថា «ខ្ញុំគិតថាទួរគី មិនពេញចិត្តទៅនឹងសកម្មភាពជួយដលកម្លាំងទាហានបះបោរស៊ីរី ដែលមានភាគច្រើនជាជនជាតិឃើដនោះ ទេ ហើយជនជាតិឃើដគឺជាសត្រូវរបស់ រដ្ឋាភិបាលស៊ីរីដែលត្រូវកម្ចាត់។ នៅពេល នោះទួរគីនឹង បង្កើនវត្តមានយោធា របស់ ខ្លួនច្រើនជាងនេះនៅស៊ីរី បង្កើតទៅជាតំបន់ស្វយ័តគ្រប់គ្រង ដោយខ្លួនឯង។
លោក Micheal Maloof បញ្ជាក់ទៀត ថា បើទោះបីមានការប្រកាសប្រឆាំងពីរដ្ឋាភិបាលទួរគីតែ ទីក្រុងវ៉ាស៊ីនតោនគ្មាន ជម្រើសផ្សេងឡើយ ដោយក្រុមជនជាតិ ឃើដគឺជា កម្លាំងទាហានដ៏មានប្រសិទ្ធភាពនៅក្នុងសង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS ។ មន្ទីរបញ្ចកោណអាមេរិកបានវាយតម្លៃថា ក្រុមទាហាន ដែលតួគីគាំទ្រ មិនបានបំពាក់សម្ភារទំនើប ដូចជាក្រុមជនជាតិឃើដនោះ ឡើយ។
ផ្តល់អាវុធទៅឲ្យក្រុមជនជាតិឃើដស៊ីរីដែលទួរគីបានចាត់ទុកជាសត្រូវរួមគ្នាជាមួយក្រុមជនជាតិឃើដទួរគី តើអាមេរិករបស់លោកដូណាល់ត្រាំប្រុងដើរនយោបាយអ្វីជាមួយទួរគី ដែលជាដៃគូសម្ពន្ធមិត្តសំខាន់របស់អាមេរិកនៅក្នុងអង្គការអូតង់។ ម្យ៉ាងទៀត ការសម្រេចចិត្តរបស់លោកដូណាល់ ត្រាំ បំពាក់អាវុធឲ្យក្រុមគួដឌីស្ថាន ធ្វើ ឡើងនៅតែមួយអាទិត្យ មុនពេលដែល លោកប្រធានាធិបតីទួរគី លោករេស៊ីប អ៊ែរដូហ្កាន ត្រូវធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងវេទិកា សាធារណៈ កាលពីពីរសប្តាហ៍មុន លោកប្រធានាធិបតីទួរគី ធ្លាប់បានអះអាងថា លោកនឹងបញ្ចុះបញ្ចូលលោកដូណាល់ ត្រាំ ឲ្យយល់ឃើញថា ក្រុមជនជាតិឃើដ ស៊ីរី ដែលអាមេរិកកំពុងជួយផ្នែកសព្វាវុធនោះ តាមពិតជាសាខាគ្នីគ្នារបស់ក្រុមជនជាតិឃើដទួរគី ដែលក្រុងអង់ការ៉ា និង ប្រទេសលោកខាងលិច ចាត់ចូលក្នុងបញ្ជីភេរវកម្មពិភពលោក។
មជ្ឈមណ្ឌលប្រឆាំងភេរវកម្មអាមេរិកផ្ទាល់ធ្លាប់បានចាត់ទុកក្រុមជនជាតិឃើដស៊ីរីថា ជាក្រុមភេរវកម្ម ប៉ុន្តែ អាមេរិកបានប្តូរជំហរនេះមកវិញនៅឆ្នាំ២០១៤ នៅពេលទ័ពអាមេរិកចាប់ផ្តើមរួមដៃធ្វើការជាមួយក្រុមនេះដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ អង្គការរដ្ឋអ៊ិស្លាមនៅស៊ីរី។
សម្រាប់អ្នកវិភាគមួយចំនួនបានបញ្ជាក់ថា វ៉ាស៊ីនតោននឹងធ្វើឲ្យរដ្ឋាភិបាលទួរគីខឹងក្តៅក្រហាយ។ ទីក្រុងអង់ការ៉ានៅតែបារម្ភជាប់ជានិច្ចថា ក្រុមគួដឌីស្ថាននៅស៊ីរី នឹង រួមកម្លាំងជាមួយក្រុមគួដឌីស្ថានទួរគី ដើម្បី បង្កអសន្តិសុខ ដណ្តើមកាន់កាប់ទឹកដីនៅតាមព្រំដែនទួរគី-ស៊ីរី។ កងទ័ពទួរគី និង ក្រុមទាហានគួដឌីស្ថានស៊ីរី ឧស្សាហ៍ ប៉ះទង្គិចអាវុធគ្នា នៅតាមបណ្តោយព្រំ ដែនទួរគី-ស៊ីរី។ នៅខែមេសា កន្លងទៅ កងទ័ពទួរគីថែមទាំងបានទៅទម្លាក់គ្រាប់បែកលើទីស្នាក់ការកណ្តាលរបស់ក្រុមគួដឌីស្ថាន ស៊ីរី ដោយបានសម្លាប់មនុស្ស២៨ នាក់។
សូមជម្រាបជូនថា គណបក្សពលករ ជនជាតិឃើដPKK ដែលមានមូលដ្ឋានជាប់នឹងព្រំដែនស៊ីរី គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងរដ្ឋាភិបាលទួរគី និងដែលសហ រដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុបផងបាន ចាត់ទុក PKK ជាអង្គការភេរវកម្ម។ ជារឿយៗ និងដើម្បីតតាំងនឹងរដ្ឋាភិបាលទួរគី កម្លាំងប្រដាប់អាវុធ PKK មិនញញើតនឹងវាយឆ្មក់តាមរយៈអំពើភេរវកម្មបង្ហូរឈាមទេ។ ទីក្រុងអង់ការ៉ាពិតជាយល់មិនច្រឡំទេថា ការទុកបណ្តោយឲ្យកម្លាំងគួដឌីស្ថាននៅស៊ីរីឡើងចាង និងអាចបង្កើតតំបន់ ស្វយ័តមួយក្បែរព្រំដែនខ្លួន វាមិនខុសអ្វីពីការជួយពង្រឹងកម្លាំងពួក PKK ទេ។ ទួរគីបានយកជនជាតិឃើដនៅទួរគី និងជនជាតិឃើដនៅស៊ីរីដាក់ក្នុងកន្រ្តកតែមួយក្នុងការ កម្ចាត់។
តែបញ្ហានៅត្រង់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិនបានយល់ឃើញដូចទួរគីឯណា។ អាមេរិក និងអឺរ៉ុបបានចាត់ទុកជនជាតិឃើដទួរគី PKK ជាអង្គការភេរវកម្ម តែបានចេញមុខគាំទ្រពេញទំហឹងលើកម្លាំងគួដឌីស្ថាននៅស៊ីរី។ ទីក្រុងវ៉ាស៊ីនតោនមិនញញើតនឹងសរសើរយុទ្ធជនគួដឌីស្ថាន ស៊ីរីពេញមាត់ថា ជាយុទ្ធជនគំរូដែលបាន តស៊ូប្រយុទ្ធតទល់នឹងពួកជីហាដអង្គការរដ្ឋអ៊ិស្លាមនៅស៊ីរីប្រកបដោយប្រសិទ្ធភាព។ ក្រៅពីអាមេរិក រុស្ស៊ីក៏បានចេញមុខគាំទ្រ កម្លាំងគួដឌីស្ថាននៅស៊ីរីដែរ។ មកដល់ត្រង់ចំណុចនេះនាំឲ្យមានសំណួរចោទឡើងថា រវាងទួរគីដែលជាសម្ពន្ធមិត្តក្នុងអង្គការអូតង់ដូចគ្នា និងកម្លាំងគួដឌីស្ថាននៅស៊ីរីដែលកំពុងប្រយុទ្ធតទល់នឹងអង្គការរដ្ឋអ៊ិស្លាម តើអាមេរិកត្រូវមានជំហរបែបណា?
ពិតជារឿងមួយពិបាកថ្លឹងថ្លែង ព្រោះមិនអាចទាត់ចោលភាគីណាមួយបានទេ។ តែដើម្បីអាចទទួលយកបានទាំងអស់គ្នាទីក្រុងវ៉ាស៊ីនតោនបានជ្រើសរើសផ្លូវកណ្តាលដោយបញ្ជាក់ច្បាស់ៗថា អាមេរិកនៅបន្តគាំទ្រកម្លាំងគួដឌីស្ថានស៊ីរីនៅក្នុងយុទ្ធនាការប្រឆាំងអង្គការរដ្ឋអ៊ិស្លាម និងបានអំពាវ នាវឲ្យភាគីទួរគី និងកម្លាំងគួដឌីស្ថានស៊ីរីបញ្ឈប់ការប្រឈមមុខដាក់គ្នាជាបន្ទាន់។ អាមេរិកបានលើកយកហេតុផលទៅ ពន្យល់ថា បញ្ហានៅស៊ីរីជារឿងស្មុគស្មាញ និងកំពុងអូសបន្លាយដែលគេមិនគួរបន្ថែមបញ្ហាថ្មីទៀតឡើយ។ សម្រាប់ទីក្រុងវ៉ា ស៊ីនតោន អាទិភាពទី១ ជាបន្ទាន់នៅចំពោះ មុខ គឺកម្ទេចពួកជីហាដអង្គការរដ្ឋអ៊ិស្លាមឲ្យដល់ឫសគល់៕ ម៉ែវ សាធី